ភាពយន្ត​ខ្នាត​ខ្លី​ចំនួន​បី​រឿង លើក​ពាន ដោយ​ផ្តោតលើ​ការអប់រំ និង​វប្បធម៌​

1969
ចែករម្លែក
  • 11
    Shares

ដោយ​-​បញ្ញា​សាស្ត្រ / ភ្នំពេញ​-​ម្ចាស់​ពានមាស ទាំងបី ក្នុងការ​ប្រលង មហោស្រព​ភាពយន្ត​ខ្លី​កម្ពុជា​លើក​ទី​២ បាន​រកឃើញ​ម្ចាស់​ជ័យលាភី​ហើយ ក្រោយពេល មហោស្រព​ភាពយន្ត​ខ្លី​កម្ពុជា​លើក​ទី​២​នេះ បាន​ដំណើរការ​អស់​រយៈពេល ប្រាំ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១០ វិច្ឆិកា ដល់​ថ្ងៃទី​១៥ វិច្ឆិកា ២០១៨ ក្នុងចំណោម​ខ្សែភាពយន្ត​ខ្នាត​ខ្លី ៤១ រឿង និង​សម្រេច​ជ្រើសរើស​៦​រឿង​ចុងក្រោយ ចាក់​បញ្ចាំង​ដើម្បី​បោះឆ្នោត​ជ្រើសរើស​បញ្ចប់​។

ផលិតករ​រឿង «​ម្ចាស់​របាំងមុខ​» ឡុង ឡយ ជយលាភី​ពានមាស​។

​ការប្រកួតប្រជែង​មហោស្រព​ភាពយន្ដ​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​២​នេះ ត្រូវបាន​ជម្រុះ​និង​ប្រកាស​លទ្ធផល​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​ការចូលរួម​ពី​លោក សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សិល្បៈករ​-​សិល្បៈការិនី​ជាច្រើនរូប​ផងដែរ​។

លោក ស្វាយ លី​ម៉េង ផលិតករ​ភាពយន្ត​ដែល​ជាប់​ចំណាត់ថ្នាក់ លេខ ២​។​

​ជាក់ស្ដែង​ភាពយន្ដ​ខ្នាត​ខ្លី ដែល​ទទួលបាន​ជ័យលាភី​លេខ​១​បាន​ទៅលើ​រឿង «​ម្ចាស់​របាំងមុខ​» ជា​ស្នាដៃ​និពន្ធ​របស់លោក ឡុង ឡយ ទទួលបាន​ពានរង្វាន់​មាស​១ និង​ទឹកប្រាក់​ចំនួន​៣​ពាន់​ដុល្លារ​។ ជ័យលាភី​លេខ​២​បាន​ទៅលើ​រឿង «​នារី​សក់​ខ្លី​» ជា​ស្នាដៃ​ផលិត​របស់លោក ស្វាយ លី​ម៉េង ទទួលបាន​ពានរង្វាន់​ប្រាក់​១ និង​ទឹកប្រាក់​២​ពាន់​ដុល្លារ និង​ជ័យលាភី​លេខ​៣​បាន​ទៅលើ​រឿង «​ផ្ដើម​ស្នេហ៍​លើ​ឡានក្រុង​» ជា​ស្នាដៃ​និពន្ធ​ដោយ​យុវជន ជ័យ វិសាល ទទួលបាន​ពានរង្វាន់​សំរិត​១ និង​ទឹកប្រាក់​១​ពាន់​ដុល្លារ​។

​ផលិតករ ជ័យ វិសាល ជយលាភី​ពានសំរិទ្ធ ម្ចាស់​រឿង «​ផ្តើម​ស្នេហ៍​លើ​ឡានក្រុង​»​។​

​លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​បញ្ជាក់ថា បន្ទាប់ពី​ដាក់​ឲ្យ​មានការ​ប្រកួត ភាពយន្ដ​ខ្នាត​ខ្លី​ដែល​រៀបចំ​ដោយ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឃើញ​មាន​អ្នកដាក់ពាក្យសុំ​ចូលរួម ប្រកួត​ចំនួន​៤១​ស្នាដៃ​។ ក្នុងចំណោម​៤១​ស្នាដៃ​នេះ​ត្រូវបាន​ជម្រុះ​យកតែ​៦​ស្នាដៃ​ប៉ុណ្ណោះ ដើម្បី​ឈានទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ជាក់ស្ដែង​៦​ស្នាដៃ​នេះ នឹងត្រូវ​ជ្រើស​យកតែ​៣​ស្នាដៃ ដែល​ត្រូវ​បានទទួល​ជ័យលាភី​លេខ​១, លេខ​២ និង​លេខ​៣​។

​សូមជម្រាបថា រឿង​ដែល​ទទួលបាន​ជ័យលាភី​ទាំង​៣​នេះ សុទ្ធសឹងតែ​ជា​រឿង​ដែល​ផ្ដោតទៅលើ​គំនិត​អប់រំ​, វប្បធម៌​, សិល្បៈ​រួមជាមួយ​ការផ្ដល់​ពិន្ទុ​យ៉ាង​សុ​ក្រិត​ពី​គណៈកម្មាការ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម