បាញ់​បង្ហោះ​យាន​ដឹកទំនិញ​ទៅ​ស្ថានីយ​អវកាស​អន្តរជាតិ​ដោយ​ជោគជ័យ ដោយ​ត្រួស​ត្រាយផ្លូវ​សម្រាប់​អ្នក​អវកាស​បន្ទាប់ ធ្វើ​បេសកកម្ម​ជា​បន្ត

1468
ចែករម្លែក

​យាន​រ៉ុក្កែត Soyuz របស់​រុស្ស៊ី​បាន​បញ្ជូន​យាន​ដឹកទំនិញ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​វិច្ឆិកា ដែលជា​ការបាញ់​បង្ហោះ​ដ៏​ជោគជ័យ​មួយ​ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អវកាសយានិក​បន្ទាប់ ដើម្បី​ធ្វើដំណើរ​ទៅកាន់​ទី​អវកាស​។​

​ការបាញ់​បង្ហោះ​យាន​ផ្គត់ផ្គង់ Progress MS-10 របស់​រុស្ស៊ី​ពី​ស្ថានីយ Baikonur នៅ​កា​ហ្សា​ក់​ស្ថាន គឺជា​ការកត់សម្គាល់​អំពី​ភាពជោគជ័យ​ទី​៤​របស់​យាន​រ៉ុក្កែត Soyuz ចាប់តាំងពី​ការបាញ់​បង្ហោះ​ជាមួយ​សមាជិក​អវកាសយានិក ត្រូវបាន​បោះបង់ចោល​កាលពី​ខែ​មុន​។​

​យាន​រ៉ុក្កែត Soyuz-FG ដែល​ដឹក​អវកាសយានិក​របស់​អង្គការ​ណា​សា លោក នី​ក ហាក និង​អវកាសយានិក​របស់​អង្គការ​រ៉ូ​កូ​ស្មូរ​បស់​រុស្ស៊ី លោក អា​ឡិច​សី អៅ​ជី​នី​ន បាន​បរាជ័យ​ពេល​ហោះ​បាន ២ នាទី​កាលពី​ថ្ងៃទី ១១ ខែតុលា ដោយ​ធ្វើឱ្យ​ប្រព័ន្ធ​សង្គ្រោះ​ដោយ​ស្វ័យប្រវត្តិ​បញ្ជូន​យាន​របស់​ពួកគេ​ចុះចត​លើដី​វិញ​ដោយ​សុវត្ថិភាព​។ ការស៊ើបអង្កេត​របស់​រុស្ស៊ី​លើកឡើងថា បរាជ័យ​នៃ​យាន​រ៉ុក្កែត​នោះ​គឺ​ដោយសារ​ខូច Sensor អំឡុងពេល​ដំឡើង​យាន​នោះ​នៅ​ដំណាក់កាល​ចុងក្រោយ​។​

​យាន​ផ្គត់ផ្គង់​នេះ​គ្រោង​នឹង​ចូល​ចត​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ ដោយ​ដឹកជញ្ជូន​ចំណីអាហារ ប្រេងឥន្ធនៈ ទឹក និង​គ្រឿង​ផ្គត់ផ្គង់​ផ្សេងៗ​ជិត ៣ តោន​ឱ្យទៅ​ក្រុម​អវកាសយានិក ដូចជា អវកាសយានិក​របស់​ណា​សា លោកស្រី សេរី​ណា អូ​ណាន់ ឆាន​សែ​ល​ល័​រ អ្នក​អវកាស​រុស្ស៊ី លោក សឺ​ហ្គី ប្រូ​កូប​យេ​វ និង​អ្នក​អវកាស​អាល្លឺម៉ង់ លោក អា​ឡិច​សង់​ឌ័​រ ហ្គឺ​ស​៕ ដោយ៖ កញ្ញាដាលីស

យាន​រ៉ុក្កែត Soyuz របស់​រុស្ស៊ី​បាន​បញ្ជូន​យាន​ដឹកទំនិញ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​វិច្ឆិកា ដោយ​រំពឹង​ទៅដល់​ស្ថានីយ​នៅ​ថ្ងៃអាទិត្យ​ខាងមុខ

ទីតាំងផ្សាយពាណិជ្ជកម្ម