ប្រធានាធិបតី​ស្រីលង្កា ច្រានចោល​ការសម្តែង​ការមិនទុកចិត្ត​របស់​សភា​លើ​នាយករដ្ឋមន្ត្រី​ខណៈ​កុបកម្ម​ក្នុង​សភា​ឈាន​ចូលដល់​ថ្ងៃទី​២

994
ចែករម្លែក

សមាជិកសភាស្រីលង្ការដែលគាំទ្រនាយករដ្ឋមន្រ្តី ម៉ាហ៊ិនដា រ៉ាចាប៉ាសេ បានចោលសៀវភៅ កៅអី និងម្សៅម្ទេសលាយទឹកដាក់គូប្រជែងក្នុងបំណងរារាំងដំណើរការប្រព្រឹត្តទៅនៃអង្គប្រជុំសភា​កាលពីថ្ងៃសុក្រទី១៦វិច្ឆិកា នៅមួយថ្ងៃបន្ទាប់ពីសមាជិកសភាវាយទាត់គ្នាពេញសាលប្រជុំនាំអោយប្រធានសភាប្រកាសលើកពេលប្រជុំ។

ពួកសមាជិកសភាខាងនាយករដ្ឋមន្រ្តីដែលត្រូវប្រធានាធិបតីបណ្តេញចេញពីតំណែង បានអនុម័តការបោះឆ្នោតសម្តែងការមិនទុកចិត្តទី២ប្រឆាំងលោករ៉ាចាប៉ាសេតែលោកប្រធានាធិបតី សៀរេណា បដិសេធមិនទទួលយក ដោយថាដំបូន្មានរបស់លោកមិនត្រូវបានគេធ្វើតាម។

ក្នុងអំឡុងពេលមានកុបកម្មក្នុងសភានេះ ក្រុមប៉ូលិសដែលអមដំណើរប្រធានសភាចូលក្នុងសាលប្រជុំ បានកាន់ក្តារបាំងជុំវិញដើម្បីការពារលោកពីការត្រូវគេវាយឬត្រូវក្រុមដែលស្មោះនឹងលោករ៉ាចាប៉ាសេគប់ចំ។សមាជិកសភាខាងលោករ៉ាប៉ាសេបានរារាំងមិនអោយប្រធានសភាអង្គុយនៅកៅអីប្រធានសភានិងពួកគេបានចូលអង្គុយជំនួស។ប៉ូលិសនិងសមាជិកសភាប្រឆាំងជាច្រើនបានរងរបួស។

ដោយមិនអាចចូលអង្គុយក្នុងកៅអីប្រធានសភាបាន ប្រធានសភាបានប្រើម៉ាយក្រូហ្វូន ប្រកាសដំណើរការប្រជុំសភាខណៈឈរលើកម្រាលឥដ្ឋនៃសាលប្រជុំសភា ដើម្បីសម្តែងការមិនការមិនទុកចិត្តលើលោករ៉ាចាប៉ាសេជាលើកទី២ដោយអនុម័តដោយសម្លេង ក្រោយពីការអនុម័តដោយស្លឹកឆ្នោតមានឈ្មោះមិនអាចធ្វើកើត។លោកបន្ទាប់មកបានលើកពេលប្រជុំសភារហូតដល់ថ្ងៃចន្ទ។

សមាជិកសភាគាំទ្រនាយករដ្ឋមន្រ្តី រ៉ាចាប៉ាសេ ចោលកៅអីសំដៅប៉ូលិសដែលអមការពារប្រធានសភានៅក្នុងសាលប្រជុំសភាកាលពីថ្ងៃសុក្រ នៅក្រុងកូឡុំបូ

ក្នុងពេលជាមួយគ្នា ពួកសមាជិកសភាគាំទ្រលោករ៉ាចាប៉ាសេ បានស្រែកចំអកដាក់ប្រធានសភារហូតទាល់តែលោកចាកចេញពីសភា នៅពេលសមាជិកសភាខាងលោកនាយករដ្ឋមន្រ្តីម្នាក់ចូលអង្គុយក្នុងកៅអីប្រធានសភានិងខ្លះទៀតស្រែកពាក្យស្លោក។

សូមបញ្ជាក់ថា ស្រីលង្ការធ្លាក់ចូលក្នុងវិបត្តិនយោបាយចាប់តាំងពីថ្ងៃ២៦តុលា នៅពេលប្រធានាធិបតី បានបណ្តេញនាយករដ្ឋមន្រ្តីចេញពីតំណែងភ្លាមៗនិងតែងតាំងលោករ៉ាចាប៉ាសេជំនួស។នាយករដ្ឋមន្រ្តីមុនលោក វិកក្រេមេស៊ីញ៉េ នៅតែនិយាយថាលោកមានការគាំទ្រភាគច្រើនក្នុងសភា និងការបណ្តេញរូបលោកវាអធម្មនុញ្ញ៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម