លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​កិច្ចប្រជុំ​ផ្លាស់ប្តូរ​បទពិសោធន៍​អំពី​បេតិកភណ្ឌ​និង​ទេសចរណ៍​នៃ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​និង​អឺរ៉ុប​

1291
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាប​÷​លោកស្រី​ភឿង ស​កុ​ណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដឹកនាំ​ប្រតិភូ​ចូលរួម​ជា​ភ្ញៀវកិត្តិយស ក្នុង​កិច្ចប្រជុំ​ផ្លាស់ប្តូរ​បទពិសោធន៍​អំពី​បេតិកភណ្ឌ និង​ទេសចរណ៍​នៃ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​និង​អឺរ៉ុប នា​ប្រទេស​អ៊ីតាលី​ចាប់ពី​ថ្ងៃទី​១៥ រហូតដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

ដើម្បី​អបអរសាទរ​ឆ្នាំ​២០១៨ អឺរ៉ុប​ដើម្បី​វប្បធម៌ និង​ឆ្នាំ​២០១៨​ជា​ឆ្នាំ​ម្ហូបអាហារ​អី​តា​លី កម្មវិធី​នេះ​ជា​កិច្ចប្រជុំ​លក្ខណៈ​អន្ដរជាតិ​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍រ​វាង​ប្រទេស​ក្នុង​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង​បណ្តា​ប្រទេស​ផ្សេងទៀត​សរុប​ចំនួន​៤៨​ប្រទេស ដែល​រួមមាន​ការជួប​ប្រជុំពិភាក្សា​រវាង​អ្នកជំនាញ​ដោយ​ផ្តោតលើ​ការរៀបចំ​ឯកសារ​បេតិកភណ្ឌ ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ផ្នែក​បុរាណវិទ្យា ការផ្សព្វផ្សាយ​អំពី​បច្ចេកទេស​និង​បច្ចេកវិទ្យា​ថ្មីៗ​ដោយ​សាកលវិទ្យាល័យ អ្នកប្រតិបត្តិ​ករ​ផ្នែក​បេតិកភណ្ឌ និង​ទេសចរណ៍​ពី​បណ្តា​ប្រទេស​ចំនួន​៣០​ប្រទេស និង​អ្នក​ចូល​ទស្សនា​ប្រមាណ​១​ម៉ឺន​នាក់ ។​

​ក្នុងនាម​ជា​ភ្ញៀវកិត្តិយស លោកស្រី​ភឿង ស​កុ​ណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​អ្នករៀបចំ​កម្មវិធី និង​ប្រតិភូ​នៃ​បណ្តា​ប្រទេស​ផ្សេងៗ ឥស្សរជន​សំខាន់ៗ​មួយចំនួន​ជា​មិត្ត​របស់​កម្ពុជា​គឺ​លោក​សាស្ត្រាចារ្យ Mounir Bouchenaki និង​លោក​សាស្ត្រាចារ្យ Azedine Beschaouch​។​

​ទន្ទឹមនេះដែរ ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងនាម​ជា​ប្រទេស​ភ្ញៀវ​កិ​ត្ត​យស​ត្រូវបាន អញ្ជើញ​ធ្វើការ​រៀបចំ​ស្តង់​ពិ​ព័រ​ណ៌​បង្ហាញ​ដល់​អន្ដរជាតិ ដើម្បី​តាំង​បង្ហាញ​ផ្សព្វផ្សាយ​អំពី​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក ទាំង​៣​របស់​កម្ពុជា គឺ រមណីយដ្ឋាន​អង្គរ រមណីយដ្ឋាន​សម្បូរ​ព្រៃ​គុក និង​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​។

​សូមបញ្ជាក់ថា គោលបំណង​នៃ​កម្មវិធី​គឺ​ដើម្បី​បង្ហាញ​អំពី​សារៈសំខាន់​នៃ​បេតិកភណ្ឌ​វប្បធម៌​ដែលជា​កត្តា​ជម្រុញ​ដ៏​ចម្បង ក្នុងការ​បង្កើត​ទំនាក់ទំនង​រវាង​គ្នា​ទៅវិញទៅមក​នៃ​វប្បធម៌​ចម្រុះ​ជាតិ​សាសន៍ ការ​ច្របាច់​រួមបញ្ចូល​គ្នា​ក្នុងសង្គម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ជាពិសេស​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​មនុស្ស​និង​មនុស្ស​តាមរយៈ​ការចូលរួម ការផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​ការផ្សព្វផ្សាយ​ផ្ទាល់​ដោយ​មន្ត្រី​នៃ​ប្រទេស​កិត្តិយស​មួយចំនួន​ដែល​ក្នុងនោះ​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចូលរួម​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម