គ្រឹះស្ថានសិក្សា​ម៉ាឡេស៊ី​ចំនួន​៤៧ មក​តាំងពិព័រណ៍​ការសិក្សា និង​ឱកាស​ការងារ​នៅ​កម្ពុជា​

1320
ចែករម្លែក
  • 10
    Shares

​ដោយ​: ពៅ និមល / ភ្នំពេញ​: ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ផ្នែក​វិស័យ​អប់រំ រវាង​ប្រទេស​កម្ពុជា​និង​ម៉ាឡេស៊ី​កាន់តែ​ល្អប្រសើរ​ថែមទៀត​នោះ​។ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ គ្រឹះស្ថាន​អប់រំ​របស់​ប្រទេស​ម៉ាឡេស៊ី​សរុប​ចំនួន​៤៧​គ្រឹះស្ថាន បានរៀបចំ​ពិព័រណ៍​ការសិក្សា​និង​ឱកាស​ការងារ​ឆ្នាំ​២០១៨ នៅ​ក្រុងភ្នំពេញ ប្រទេស​កម្ពុជា​។​

​ក្នុង​ពិធី​បើក​ពិព័រណ៍​ខាងលើនេះ លោក ដា​តូ ដុក​ទ័​រ រ៉ា​ច់​ហាន ម៉ា​ស្តា​ហ្វា ( Dato’ Dr. Rujhan Mustafa,) នាយក​ប្រតិបត្តិ Education Malaysia Global Services​នៃ​ក្រសួង​អប់រំ​ម៉ា​ទ្បេ​ស៊ី បាន​ឲ្យ​ដឹងថា គោលបំណង​សំខាន់​នៃ​ពិ​ព័រ​ណ៌ គឺ​បង្កើត​កិច្ចសហការ​រវាង​គ្រឹះស្ថាន​ឧ​ត្ត​ម​-​សិក្សា​ម៉ា​ប្រទេស​ទាំងពីរ ក្នុងការ​ជំរុញ​ការ​ចល័ត​និស្សិត ការធ្វើ​គម្រោង​ស្រាវជ្រាវ​រួមគ្នា រួមទាំង​បង្កើត​កិច្ចសហប្រតិបត្តិការ​រ​វាង​ម៉ា​ទ្បេ​ស៊ី និង​កម្ពុជា ក្នុងការ​លើកកម្ពស់​គុណ​ភាព​អប់រំ​និង​កំណើនសេដ្ឋកិច្ច ក៏ដូចជា​ការចែករំលែក​ព័ត៌មាន​ដល់​និស្សិត​កម្ពុជា​អំពី​ការសិក្សា​នៅ​ម៉ា​ទ្បេ​ស៊ី និង​ឱកាស​ការងារ​របស់​ក្រុមហ៊ុន​ម៉ា​ទ្បេ​ស៊ី​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​។​

​លោក​បាន​បន្តថា សិស្ស​និស្សិត​កម្ពុជា ក៏​អាច​មានឱកាស​ទទួលបាន​អាហារូបករណ៍​ពី​បណ្ដា​គ្រឹះស្ថានសិក្សា​របស់​ម៉ាឡេស៊ី​ទាំង​៤៧​ខាងលើ ដោយ​គ្រឹះស្ថានសិក្សា​ខ្លះ​ផ្ដល់​អាហារូបករណ៍​ចំនួន​០១​កន្លែង រីឯ​គ្រឺះ​ស្ថាន​សិក្សា​ខ្លះ​ផ្ដល់​អាហារូបករណ៍​ច្រើនជាង​នេះ​។ លោក​លើកឡើង​ទៀតថា ការទទួលបាន​អាហារូបករណ៍​សិក្សា​នៅ​ម៉ាឡេស៊ី ក៏​ទាមទារ​មាន​លក្ខ​ណ្ឌ​មួយចំនួន​ផងដែរ ដូចជា​៖ ប្រវត្តិ​ការសិក្សា​ល្អ ប្រវត្តិ​គ្រួសារ និង​ទាមទារ​ឲ្យ​មាន​ពិន្ទុ​IELTS ចាប់ពី​៥.0​ឡើងទៅ​ក្នុង​ថ្នាក់​បរិញ្ញាបត្រ​។​

​លោក សាន វ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា ជាមួយ​ការរៀបចំ​នាពេលនេះ ជាការ​ផ្ដល់ឱកាស​ដល់​សិស្ស​និស្សិត​បាន​សិក្សា​ស្វែងយល់​ពី​បណ្ដា​សកល​វិទ្យាល័យ មកពី ម៉ាឡេស៊ី​ដោយផ្ទាល់ ក៏ដូចជា​ការ​ជម្រុញ​ការតម្រង់ទិស​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា​និង​ម៉ាឡេស៊ី​ដែរ ដោយ​អាច​សិក្សា​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​។​

​សូមបញ្ជាក់ថា ពិព័រណ៍​ការសិក្សា​និង​ឱកាស​ការងារ​របស់​គ្រឹះស្ថានសិក្សា​ម៉ាឡេស៊ី គឺជា​សហការ​រៀបចំ ដោយ Education Malaysia Global Services (EMGS) នៃ​ក្រសួង​អប់រំ​ម៉ាឡេស៊ី និង​អគ្គនាយកដ្ឋាន​ឧ​ត្ត​ម​សិក្សា​នៃ​ក្រសួង​អប់រំ យុវជន​និង​កីឡា​កម្ពុជា​។ គិត​ត្រឹម​ពេលនេះ និស្សិត​កម្ពុជា​ប្រមាណ​២០០​នាក់​កំពុង​បន្ត​ការសិក្សា គ្រប់​កម្រិត​ក្នុងប្រទេស​ម៉ាឡេស៊ី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម