ប្រជាពលរដ្ឋ​កាន់តែ​មាន​ការយល់ដឹង​ពាក់ព័ន្ធ​បញ្ហា​អនាម័យ​បរិស្ថាន​

1180
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ទោះ​ពិធី​ប្រណាំងទូក​ក្នុង​ក្រុង​កំពត ទទួលភ្ញៀវ​កុះករ​ពេញ​ម​មួ​ថ្ងៃមួយ​យប់​ក្តី តែ​រូបភាព​នៃ​ការ​បន្សល់​សំរាម​ពាសវាល​ពាសកាល បាន​កាត់បន្ថយ​ជាង​បណ្តា​ឆ្នាំ​កន្លងទៅ​។​

​ថ្លែង​ក្នុង​ពិធី​រំលឹក​ទិវា​បរិស្ថាន​ជាតិ ២៣​វិច្ឆិកា នៅ​បរិវេណ​សួនច្បារ​ឆ្នេរ​ព្រែក​កំពង់បាយ​ក្រុង​កំពត នា​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោកស្រី​យូ សុគន្ធ អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍ថា នាពេល​បច្ចុប្បន្ន គ្រប់​ទីកន្លែង​តែងមាន​ការប្រកួតប្រជែង​ទីផ្សារ​ទេសចរណ៍​ដែលជា​វិស័យ​មួយ​ជួយ​បង្កើន​ប្រាក់ចំណូល​សម្រាប់​ពលរ​ដ្ឋ​មូលដ្ឋាន​។ ជោគជ័យ​នៃ​ដំណើរ​ទាក់ទាញ​ភ្ញៀវ​ឱ្យ​ចាប់អារម្មណ៍ ក្នុងការ​កំណត់​គោលដៅ​មក​តំបន់​កម្សាន្ត​របស់ខ្លួន ចាំបាច់​ត្រូវមាន​ការគិតគូរ​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ ក្នុងនោះ​អនាម័យ​បរិស្ថាន និង​សោភ័ណ​ភាពជា​បញ្ហា​ចម្បង​បំផុត​។

លោកស្រី​អភិបាលរង​ខេត្ត​បាន​បន្តថា​ដោយ​ភ្ជាប់​អត្ថន័យ​ទិវា​បរិស្ថាន​ជាតិ ២៣​វិច្ឆិកា ស្រប​នឹង​ម្សិលមិញ​រដ្ឋបាល​ខេត្តកំពត​មាន​ពិធី​ប្រណាំងទូក​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ផង​នោះ​ទើប​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា​នេះ មន្ទីរ​បរិស្ថាន​ខេត្ត​រៀបចំ​ការសម្អាត​អនាម័យ​ក្រុង​ដើម្បី​លម្អ​សោភ័ណភាព​ឡើងវិញ​។ ប៉ុន្តែ​អ្វីដែល​ចាប់អារម្មណ៍ និង​គួរឱ្យ​មោទនៈ​នោះ ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​មាន​ភាពប្រសើរ​ជាង​មុន ព្រោះ​សំរាម​មិន​ត្រូវបាន​បន្សល់​ពាសវាល​ពាសកាល​ទៀតឡើយ​។ ដូច្នេះ ក្នុងនាម​តំណាង​រដ្ឋបាលខេត្ត លោកស្រី​សូម​សំណូមពរ​ចំពោះ​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ជិត​ឆ្ងាយ​ទាំងអស់​បន្ត​គិតគូរ​នូវ​បញ្ហា​អនាម័យ​បរិស្ថាន​ដើម្បី​មុខមាត់ និង​កិត្តិយស​ខេត្ត​ល្បីឈ្មោះ​លើ​វិស័យ​ទេសចរណ៍​នេះ​។

​លោក​ស៊ុយ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត​បាន​មានប្រសាសន៍ថា ពិធី​ប្រណាំងទូក​ម្សិលមិញ ភ្ញៀវ​មក​ចូលរួម​កុះករ​ទាំងយប់​ទាំង​ថ្ងៃ តែ​មិនមាន​សំរាម​ពង្រាយ​ច្រើន​ដូច​ឆ្នាំមុនៗ​ទេ​។ នេះ​បញ្ជាក់ថា​ពលរដ្ឋ​ក្រុង​កំពត និង​អ្នកលក់ដូរ​តាម​ឆ្នេរ​ព្រែក ពិសេស​ភ្ញៀវ​ភាគច្រើន​យក​សំរាម​ដាក់​ក្នុង​ធុង​បាន​ត្រឹមត្រូវ​។ ក្នុងនាម​មន្ទីរ​បរិស្ថាន លោក​សូម​អំពាវនាវ​ដល់​ជនរួមជាតិ ពិសេស​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ទូទាំង​ខេត្ត​ចូលរួម​រក្សា​អនាម័យ​បរិស្ថាន​ឱ្យបាន​ល្អ ដើម្បី​ទាក់ទាញ​ភ្ញៀវ​មក​កម្សាន្ត​ច្រើនឡើង​បន្ថែមទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម