សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ហានិភ័យ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រយៈពេល​យូរ​

1117
ចែករម្លែក

​ដោយ​: យោធិន / សៀមរាប: ​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​អប្សរា​អង្គរ ក្នុង​ក្រុង​សៀមរាប ចាត់ចែង​ឡើង​ដោយ​អាជ្ញាធរ​មីន​សហការ​ជាមួយ​អង្គការ GICHD ក្រោម​ប្រធានបទ​ស្តីពី​ការគ្រប់គ្រង​ហានិភ័យ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រយៈពេល​យូរ ក្នុង​បំណង​គិតគូរ​ពី​បញ្ហា​ការអប់រំ​យល់ដឹង នៃ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ដោយ​ហានិភ័យ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រយៈពេល​វែង ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន និង​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍ​អង្គភាព​ផែនការ​បោសសម្អាត​មីន​ខេត្ត រាជធានី និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​សំខាន់ៗ​។​

​ក្នុង​ពិធី​បើក​អង្គសិក្ខាសាលា​នា​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន បានលើកឡើង​ថាៈ សង្គ្រាម​ពី​អតីតកាល បាន​បន្សល់ទុក​នូវ​តំបន់​ដែល​នៅមាន​ការគំរាមកំហែង​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ពាសពេញ​ផ្ទៃ​ប្រទេស​បង្ក​គ្រោះមហន្តរាយ​ដល់​ប្រជាជន​ស្លូតត្រង់​បណ្តាល​ឲ្យ ស្លាប់ របួស ពិការ​។

​កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម​ជាង​បី​ទសវត្សរ៍ ដោយបាន​បន្សល់ទុក​នូវ​គ្រាប់មីន​ជាច្រើន​លាន​គ្រាប់​កប់​ក្នុង​ដី ជាពិសេស​នៅ​ភាគ​ខាងលិច​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​។ ក្នុង​ចន្លោះ​ពី​ឆ្នាំ ១៩៧៩ ដល់ ១៩៩៧ សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​បន្សល់ទុក​ពី​ការទម្លាក់​គ្រាប់​ពីលើ​អាកាស​ក្នុងអំឡុងពេល​សង្គ្រាម​នៅ​ឥណ្ឌូចិន​ជាង ២,៧៥ លាន​តោន ចន្លោះ​ទស្សវត្ស​ទី​៦០-៧០ នៅ​ខេត្ត​ភាគ​ខាងកើត​ទន្លេមេគង្គ​ជាប់​ព្រំដែន​ឡាវ និង​វៀតណាម​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី​បាន​ថ្លែងបន្តថាៈ​យោងតាម​ទិន្នន័យ​របស់​អាជ្ញាធរ​មីន គិតពី​ឆ្នាំ​១៩៧៩ ដល់​ខែកញ្ញា ឆ្នាំ​២០១៨ មាន​អ្នករងគ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ដោយ​សង្គ្រាម សរុប​មាន​ចំនួន ៦៤.៧៦៩ នាក់ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ត្រូវបាន​ចាត់ទុកថា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស ដែលមាន​ចំនួន​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ច្រើនជាងគេ បើ​ប្រៀបធៀប​នឹង​ប្រទេស​ដែលមាន​បញ្ហា​មីន និង​គ្រាប់​នេះ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី​បាន​បន្ត​បន្ថែមទៀតថាៈ ជាង​២៥​ឆ្នាំ​កន្លងមកនេះ គិត​ចាប់ពី​ឆ្នាំ​១៩៩២ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់ ខិតខំ​ប្រឹងប្រែង និង​រួមចំណែក​យ៉ាង​សស្រាក់សស្រាំ​ជាមួយ​ប្រទេស​ម្ចាស់ជំនួយ និង​ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ បានធ្វើការ​បោសសម្អាត​ផ្ទៃដី​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម បាន​ជាង ១.៥៤៥ គីឡូម៉ែត្រ​ការ៉េ ដោយបាន​រកឃើញ​និង​កំទេចចោល​មីន​ប្រឆាំង​មនុស្ស ១.០៣៦.៣៧៦​គ្រាប់ មីន​ប្រឆាំង​រថ​គ្រោះ​ជាង ២៤.២៥១ គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ២.៦៦០.៦៣៩​គ្រាប់​។

​សមិទ្ធផល​សំខាន់ៗ​ដែល​សម្រេចបាន​ទាំងអស់​កន្លងមកនេះ លើ​វិស័យ​សកម្មភាព​កំចាត់មីន​ពិតជា​មិនអាច​កាត់ផ្ដាច់​បានចេញ​ពី​ជំនួយ​ដ៏​សប្បុរស​ថ្លៃថ្លា​របស់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​របស់​យើង​បានទេ​។ លោក​អនុប្រធាន​ទី​២​អាជ្ញាធរ​មីន​បាន​សំដែង​នូ​វក​ត្ត​ញ្ញូ​តា​ធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​ប្រទេស​ផ្ដល់ជំនួយ ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ផ្ដល់ជំនួយ​ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​កន្លងមក​ក្នុង​បុព្វហេតុ​នៃ​ការអនុវត្ត​សកម្មភាព​កំចាត់មីន រួមចំណែក​ក្នុងការ​កាត់បន្ថយ ភាពក្រីក្រ ការអភិវឌ្ឍ និង​ការជំរុញ​កំណើនសេដ្ឋកិច្ច នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួររំលឹកថាៈ បច្ចុប្បន្ននេះ សកម្មភាព​មីន​នៅ​កម្ពុជា កំពុង​ទាញ​បានការ​ចាប់អារម្មណ៍​ពី​ម​ជ្ឍ​ដ្ឋា​ន​ជាតិ​-​អន្តរជាតិ លើ​ការ​តាំងចិត្ត​របស់ខ្លួន​ឆ្ពោះទៅរក​កម្ពុ​ជាមួយ​ដែល​គ្មាន​មីន ឆ្នាំ​២០២៥​។ ជា​ទស្សនៈ​របស់​រាជរ​ដ្ឋា​ភិ​បាល នាពេលនេះ​ជា​ដំណាក់កាល​មួយ​ដែល​រាជរដ្ឋាភិបាល​ត្រូវ​បន្ថែម​ភាពជា​ម្ចាស់ និង​ភាពជា​អ្នកដឹកនាំ​ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត​ដើម្បី​ព​ន្លឿ​ន​នូវ​ការដោះស្រាយ​បញ្ហា​សកម្មភាព​មីន​ដ៏​មាន​សារៈសំខាន់​នេះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម