ម្នាក់​ស្លាប់ ជាង​មួយរយ​នាក់​រងរបួស​ក្នុង​បាតុកម្ម​ប្រឆាំង​ពន្ធ​ប្រេង​នៅ​បារាំង​

1376
ចែករម្លែក

អ្នកតវ៉ាប្រឆាំងម្នាក់បានស្លាប់និង១០៦នាក់ទៀតរងរបួសក្នុងអំឡុងបាតុកម្មបិទផ្លូវជាច្រើននៅពេញប្រទេស​បារាំងដើម្បីប្រឆាំងនឹងការបង្កើនពន្ធប្រេងឥន្ធនៈ ដែលជាការប្រឈមថ្មីមួយទៀតចំពោះប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង។

ប៉ូលិសបានបាញ់ឧស្ម័នហៀរទឹកភ្នែកដាក់បាតុកករនៅវិថីសំស៊ីលីហ្សេក្នុងក្រុងប៉ារីសកាលពីថ្ងៃសៅរិ៍ទី១៧វិច្ឆិកា ខណៈក្រុមអ្នកតវ៉ាព្យាយាមដើរទៅកាន់វិមានប្រធានាធិបតី។

រដ្ឋមន្រ្តីមហាផ្ទៃបារាំងបានប៉ាន់ស្មានថាបាតុកករប្រមាណ២៤៤.០០០នាក់ដែលពាក់អាវសុវត្ថិភាពពណ៌លឿងបានចូលរួមក្នុងបាតុកម្មប្រហែល២.០០០នៅទូទាំងប្រទេស។

បាតុករបិទផ្លូវ​ដើម្បីប្រឆាំងការឡើងពន្ធប្រេងនៅទូទាំងប្រទេសបារាំងកាលពីថ្ងៃសៅរិ៍

បាតុករដែលស្លាប់ ជាស្រ្តីវ័យ៦៣ឆ្នាំ។ជនរងគ្រោះត្រូវរថយន្តបុកស្លាប់ដោយសារតែអ្នកបើករថយន្តភ័យស្លន់ដោយសារបាតុករឡោមព័ទ្ធរួចក៏ជាន់ឈ្នាន់ល្បឿនជ្រុលបុកតែម្តង។

ប៉ូលិសប្រធម៌ក្តៅលើបាតុករបិទផ្លូវ

ក្រសួងមហាផ្ទៃបានអោយដឹងថា ក្នុងចំណោមអ្នករងរបួសមាន៥នាក់របួសធ្ងន់ និងបាតុករ៥២នាក់ត្រូវបានចាប់ខ្លួន។

ការតវ៉ាប្រឆាំងចេញពីមហាជននៅទូទាំងប្រទេសនេះ ជារឿងមិនធម្មតា។វាផ្ទុះចេញពីពលរដ្ឋ ដោយគ្មានការគាំទ្រពីសហជីពឬពួកអ្នកនយោបាយឡើយ។

សូមបញ្ជាក់ថា ពន្ធប្រេងឥន្ធនៈ ជាពិសេសពន្ធលើប្រេងម៉ាស៊ូត ជាផ្នែកនៃយុទ្ធសាស្រ្តរបស់ប្រធានាធិបតីម៉ាក្រុងដើម្បីនាំបារាំងអោយចេញឆ្ងាយពីឥន្ធនៈហ្វូស៊ីល។តែអ្នកបើកបរចោទប្រកាន់ប្រធានាធិបតីថា បោះបង់ចោលមនុស្សតូចតាចនិងបំរើពួកអ្នកមាន។

លោកម៉ាក្រុង មិនទាន់មានប្រតិកម្មយ៉ាងណាចំពោះការតវ៉ាប្រឆាំងនេះទេ ខណៈបាតុករខ្លះទាមទារអោយលោកចុះចេញពីតំណែងទៀតផង។ឥឡូវប្រជាប្រិយភាពរបស់លោកធ្លាក់ដល់ប្រមាណ៣០ភាគរយ៕ដោយ៖វាសនា