១០​ចំណុច ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

1002
ចែករម្លែក

​ដោយ​: ម៉េង​ឆៃ​
​ភ្នំពេញ​: គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែលមាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន បាន​លើកឡើងថា គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅតែ​ជា​បញ្ហា​ប្រឈម​ចំពោះមុខ និង​យូរអង្វែង ដែល​អាច​កើតឡើង​ភ្លាម​ភ្លាម​ក្នុងករណី​អ្នកប្រើប្រាស់​ផ្លូវ​មានការ​ធ្វេសប្រហែស ឬ​ខ្ជិល​មិន​គោរព​ច្បាប់​។

គ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក (រូបឯកសារ)

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​កត់សម្គាល់ថា ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨​នេះ មាន​អ្នកជិះ​ទោចក្រយានយន្ត​ចំនួន ៨១​ភាគរយ ដែល​ភាគច្រើន ជា​យុវវ័យ បាន​ក្លាយជា​ជនរងគ្រោះ​ថ្នាក់​ចរាចរ​ផ្លូវគោក ហើយ​ក្នុងចំណោម​ជនរងគ្រោះ​ទាំងនោះ មាន ៧៧ ភាគរយ ដែល​មិនបាន​ពាក់មួក​សុ​ត្ថិ​ភាព ក្នុងពេល​គ្រោះថ្នាក់​ចរាចរ​។​

​ក្នុងឱកាស​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ​និង​អកអំបុក ដែល​នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​លើកឡើងថា យានយន្ត​ធ្វើចរាចរ​នឹងមាន​កំណើន​កើនឡើង​ខ្ពស់​ខុសពី​ប្រក្រតី ដែល​អាចមាន​គ្រោះថ្នាក់​ចរាចរ​ឬ​ការកកស្ទះ​ចរាចរ​ដូច​ក្នុង​ពិធីបុណ្យ​នានា​កន្លងទៅ​ផងដែរ​។​

​ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ក្នុងឱកាស​ព្រះរាជ​ពិធី​អុំទូក គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អំពាវនាវ​ដល់​សាធារណជន ជា​អ្នកប្រើប្រាស់​ផ្លូវ ដូចខាងក្រោម​៖ ១.​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត​។ ២. មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជាដាច់ខាត​។ ៣.​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត​។ ៤.​ត្រូវគោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជានិច្ច ។​៥.​ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​រថយន្ត​។ ៦.​មិនត្រូវ​បត់ ឬ​វ៉ា​ជែង ក្នុង​ភាព​ប្រថុយប្រថាន ឬ​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង​។ ៧.​ត្រូវ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ដ​ជានិច្ច ពិសេស​ត្រួតពិនិត្យ​កង់ ចង្កូត ហ្វ្រាំង ភ្លើង​បំភ្លឺ​។​ល​។ ៨.​សូមកុំ​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​លើស​ច្បាប់​កំណត់​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​ដឹក​កម្មករ មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​កម្មករ​លើដំបូល និង​សូមមេត្តា កុំ​ដំឡើងថ្លៃ​ធ្វើដំណើរ​ក្នុងឱកាស​នេះ​។ ៩.​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយដេក​ជាដាច់ខាត និង​១០.​ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ប្រកបដោយ​សីលធម៌ យោគយល់​អធ្យាស្រ័យ​។​

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​សំដែង​នូវ​សេចក្តីសង្ឃឹម​ជឿជាក់​លើ​អ្នកប្រើប្រាស់ ផ្លូវ​គ្រប់រូប នឹងចូលរួម​គោរព​អនុវត្ត​ច្បាប់ ស្ដីពី ចរាចរណ៍​គោក ក៏ដូចជា​អនុវត្តតាម​សេចក្តីអំពាវនាវ​នេះ ដើម្បី​នាំមក​សុវត្ថិភាព និង​សេចក្តីសុខ ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ ខាងមុខនេះ​។​

​របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក កាលពី​ឆ្នាំ​២០១៧ រយៈពេល ៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទូទាំងប្រទេស បានកើត​ឡើង ៣៩ លើក បណ្តាល​ឲ្យ​ស្លាប់ ២៥​នាក់ និង​របួស ៤៥​នាក់​។ ក្នុងនោះ មាន​អ្នកស្លាប់ ដែល​ធ្វើដំណើរ​តាម​ម៉ូតូ ចំនួន ២២​នាក់ និង​មិន​ពាក់មួក​សុវត្ថិភាព ១៨​នាក់​។ មូលហេតុ​គ្រោះថ្នាក់ ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ព្រះ​ពិធីបុណ្យ​អុំទូក កាលពី​ឆ្នាំ​២០១៧ ដោយសារ​ការបើកបរ​លឿន​ល្មើស​ល្បឿន​កំណត់ ១៨​លើក បើកបរ​មិន​ប្រកាន់​ស្តាំ ៧​លើក ស្រវឹង ៤​លើក ប្រជែង ៤​លើក មិន​គោរព​សិទ្ធិ ២​លើក បត់​គ្រោះថ្នាក់ ២​លើក និង​កត្តា​យានយន្ត ២​លើក​។​

​របាយការណ៍​ដដែល បង្ហាញថា គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស ក្នុងអំឡុងពេល​ព្រះរាជ​ពិធីបុណ្យ​អុំទូក រយៈពេល ៣​ថ្ងៃ កាលពី​ឆ្នាំ​២០១៦ កើតឡើង​ចំនួន ៣៤ លើក បណ្តាល​ឲ្យ​ស្លាប់ ១៤​នាក់ និង​របួស​សរុប ៥០​នាក់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម