ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

1206
ចែករម្លែក

ដោយ​: ម៉េង​ឆៃ​
​ភ្នំពេញ​: នៅក្នុង​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ​ជាច្រើន ក្នុងនោះ រួមមាន​ព្រឹត្តិការណ៍​ជាតិ ដែល​លេចធ្លោ​ជាងគេ រួមមាន ទូកង​វែង​ជាងគេ​លើ​ពិភពលោក បាន​បំបែក​ឯគទត្ត​កម្ម​ពិភពលោក ,​ដំណើរ​បំពេញបេសកកម្ម​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ប្រទេស​សិង្ហ​បុរី ,​ការប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​មួយជីវិត លើ​អតីត​មេដឹកនាំ​ខ្មែរក្រហម នួន​ជា និង​ខៀវ​សំផន រួមទាំង​មរណភាព​របស់​លោកតា ប្រាជ្ញ ឈួន អ្នកចម្រៀង​ចាប៉ីដងវែង ជាដើម​។

.​ទូកង​ឈ្មោះ “​កម្ពោជិក​បុត្តា​ខេមរា​តរី​” របស់​កម្ពុជា ដែលមាន​ប្រវែង ៨៧,៣ ម៉ែត្រ ត្រូវបាន​គណៈកម្មការ​ជំនាញ​មកពី Guiness World Records បាន​វាយតម្លៃ និង​ប្រកាសថា បាន​បំបែក​កំណត់ត្រា​ពិភពលោក​ជា​ទូកង​វែង​ជាងគេ​លើ​ពិភពលោក​។ ពិធី​ប្រគល់​វិញ្ញាបនបត្រ​កំណត់ត្រា​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​អតីត​កំពង់ចម្លង​អ្នក​លឿង ត្រើយ​ខាងកើត ក្នុង​ខេត្តព្រៃវែង ដោយមាន​ការចូលរួម​ជា​អធិបតី​ពីស​ម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រួមទាំង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើនរូប​ផងដែរ​។ ទូកង​វែង​ជាងគេ​លើ​ពិភពលោក នឹងចូលរួម​អុំ​បង្ហាញ​មហាជន នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក នា​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា នៅមុខ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ ផងដែរ​។​

.​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ផ្សេងទៀត រយៈពេល ៣​ថ្ងៃ ចាប់តាំងពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា​។ កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៣ នៅ​ប្រទេស​សឹង្ហ​បុរី បាន​ដំណើរការ ក្រោម​មូលបទ «​ភាពរឹងមាំ និង​កាលានុវត្តន៍​របស់​អាស៊ាន​»​។

.​បន្ទាប់ពី​អញ្ជើញ​ទៅដល់​ប្រទេស​សិង្ហ​បុរី នា​ថ្ងៃទី​១៤ ខែវិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៣ ព្រមទាំង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។ អ្វី​ដែលជា​ចំណុច​គួរអោយកត់សំគាល់ កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នា​ឆ្នាំនេះ នៅ​ប្រទេស​សឹង្ហ​បុរី គឺ​មិនមាន​វត្តមាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ នោះទេ តែ​ជំនួស​មកវិញ​ដោយ​លោក ម៉ៃ ភេ​ន ( Mike Pence ) អនុ​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​។​

.​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​គណៈប្រតិភូ​អមដំណើរ បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​ដោយផ្ទាល់ ជូន​ដល់​ពលរដ្ឋ​ជួប​ការលំបាក ចំនួន ១៣៥៨ គ្រួសារ នៅ​ខេត្តមណ្ឌលគិរី​។ ក្នុងចំណោម​ពលរដ្ឋ​ជួប​ការលំបាក​ជាច្រើន​គ្រួសារ​នេះ មាន​ទាំង​ជនជាតិខ្មែរ ឥស្លាម និង​ជនជាតិដើម​ភាគតិច ហើយ​អ្នកខ្លះ មកពី​តំបន់​ដាច់​ស្រ​យោល​ឆ្ងាយៗ និង​ត្រូវការ​ជំនួយ ដើម្បី​សម្រួល​ដល់​ការខ្វះខាត​ប្រចាំថ្ងៃ​។​

.​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ក្រសួងការពារជាតិ បានប្រកាសថា នៅ​យប់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម៉ោង​នៅ​ប្រទេស​ម៉ាលី ត្រូវ​នឹង​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម៉ោង​នៅ​កម្ពុជា មាន​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ បង្កឡើង​ដោយ​ក្រុម​ភេរ​វករ បើក រថយន្ត​មួយគ្រឿង ចូល​មូលដ្ឋាន​មួយ​របស់​អង្គការសហប្រជាជាតិ នៅ​តំបន់​ហ្កា​វ ប្រទេស​ម៉ាលី​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ បានអោយដឹងថា ហេតុការណ៍​នេះ បានធ្វើអោយ​មាន​ពលរ​ដ្ឋ​ខ្មែរ​ចំនួន ៤​នាក់ ដែល​បម្រើការ​ក្នុង​អង្គការសហប្រជាជាតិ បាន​រងរបួស​ធ្ងន់​ស្រាល​។

.​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៨​នេះ នឹងមាន​ទូក​ចូលរួម​អុំ និង​ចែវ ប្រណាំង​នៅមុខ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ ច្រើនជាង​ឆ្នាំ​២០១៧ កន្លងទៅ​។ នេះ​បើតាម​ប្រធាន​គណៈកម្មការ​បច្ចេកទេស​ប្រណាំង លោក ប៊ូ ជុំ​សេរី​បញ្ជាក់​។ តាម​របាយការណ៍​ចុងក្រោយ ទូកង ទូក​ចែវ ទូក​ខ្នាត​អន្តរជាតិ ឆ្នាំនេះ មាន​រហូតដល់ ២៩៥ ទូក ហើយ​គណៈកម្មការ​បច្ចេក​ទេស នឹងមាន​ការកែសម្រួល​ចំណុច​ខ្លះ ពាក់ព័ន្ធ​នឹង​ទី​ចេញដំណើរ​ប្រណាំង និង​កន្លែង​ស្នាក់នៅ​របស់​កីឡាករ​។ ចំណែក​ប្រទីប មាន​ចំនួន ១៥ ប្រទីប ដែល​នឹង​បណ្តែត​បង្ហាញ​ដល់​មហាជន នៅ​ឆ្នាំនេះ​។​

.​ពាក់ព័ន្ធ​នឹង​វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ប្រទេស​សឹង្ហ​បុរី គឺ​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា សម្តេច​តេ​ជោ ក្នុងនាម​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន បាន​ថ្លែង​សារសំខាន់ៗ​ជាច្រើន ទៅកាន់​មេដឹកនាំ​តំបន់ និង​ពិភពលោក ក្នុងនាម​អាស៊ាន និង​កម្ពុជា​។ ក្នុង​កិច្ចប្រជុំ អាស៊ាន – រុស្ស៊ី លើក​ទី​៣ ដែល​ប្រព្រឹត្តទៅ​ក្នុងប្រទេស​សិង្ហ​បុរី សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​វឌ្ឍនភាព នៃ​កិច្ចសហប្រតិបត្តិការ អាស៊ាន – រុស្ស៊ី ។

.​ចំណែក​ដំណើរ​បេសកកម្ម​មនុស្ស​ធម៌ នៅលើ​ទឹក​ដឹក​ខេត្តមណ្ឌលគិរី រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​១៤-១៥ ខែវិច្ឆិកា ដឹកនាំ​ផ្ទាល់​ដោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានបញ្ចប់ ប្រកបដោយ​ភាពជោគជ័យ និង​ទទួលបាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រោ​ល​ជ្រៅ​ពី​សំណាក់​ពលរដ្ឋ​ជួប​ការលំបាក​។ រយៈពេល​ពីរ​ថ្ងៃនេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួមទាំង​ប្រតិភូ​អមដំណើរ បាន​ចែក​អំណោយ​ជូន​ដល់​ពលរដ្ឋ​ជាង ៣​ពាន់​គ្រួសារ នៅ​ក្រុង​/​ស្រុក​ចំនួន​៣ ស្ថិតក្នុង​ខេត្ត​ភូមិភាគ​ឥ​សាន្ត​មួយ​នេះ​។​

.​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា រដ្ឋសភា បាន​ប្រជុំពិភាក្សា និង​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៩ ជាមួយនឹង​សេចក្ដីព្រាងច្បាប់​ទូទាត់​ថវិកាជាតិ ឆ្នាំ​២០១៧ និង​កិច្ចព្រមព្រៀងទ្វេភាគី ៣​ទៀត​។ ដំណើរការ​អនុម័ត​ច្បាប់​ថវិកាជាតិ បាន​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​មតិយោបល់​ពី​តំណាងរាស្ត្រ​មួយចំនួន បន្ទាប់ពី​តំណាង​រាជរដ្ឋាភិបាល បាន​ថ្លែង​អំពី​ខ្លឹម​សារសំខាន់ៗ​នៃ​ច្បាប់​មួយ​នេះ​។ នៅ​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល គ្រោង​នឹង​ចំណាយ​ប្រមាណ ៦៧០០ លាន​ដុល្លារ​។ ក្នុងនោះ ក្រៅពី​បង្កើន​ការចំណាយ​តាម​ក្រសួង​ស្ថាប័ន​ជាតិ រាជរដ្ឋាភិបាល​ក៏​គ្រោង​នឹង​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​គ្រប់​ប្រភេទ ២​ដង នៅ​ឆ្នាំ​២០១៩ គឺ​នៅ​ខែមករា​ម្តង និង​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​ម្តងទៀត នៅ​ខែមេសា​។​

.​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើដំណើរ​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ដោយ​សុវត្ថិភាព បន្ទាប់ពី​សម្តេច បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ដទៃទៀត នៅ​ប្រទេស​សិង្ហ​បុរី ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ដំណើរ​បំពេញបេសកកម្ម​ការងា​រ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន ទទួលបាន​ជោគជ័យ ទាំង​ក្នុង​ក្របខណ្ឌ​អាស៊ាន ក៏ដូចជា​ក្នុងនាម​ជា​មេដឹកនាំ​កម្ពុជា​។​

.​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា អង្គជំនុំជម្រះ​សាលាដំបូង នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​គេ​ស្គាល់​ជាទូទៅ​ថា តុលាការ​ខ្មែរក្រហម បានប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ នួន ជា និង​ខៀវ សំផន ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត លើ​សំណុំរឿង ០០២ វគ្គ​ទី​០២​។ លោក នួន ជា និង​លោក ខៀវ សំផន ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម អំពើ​ប្រល័យពូជសាសន៍ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​។ កាលពី​ឆ្នាំ​២០១៤ អតីត​មេដឹកនាំ​ខ្មែរក្រហម​ចាស់ជរា​ទាំង​២​រូប ត្រូវបាន​តុលាការ​ខ្មែរក្រហម សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​១​ជីវិត​ម្តង​រួចមកហើយ ក្នុង​សំណុំរឿង​០០២ វគ្គ​ទី​១​។

.​អ្នកចម្រៀង​ចាប៉ីដងវែង​ដ៏​ល្បីល្បាញ ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន បានទទួល​មរ​ភាព កាលពី​ម៉ោង ១ និង ៣០​រំលងអធ្រាត្រ យប់​ថ្ងៃទី​១៦ ឈានចូល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដោយ​រោគាពាធ​។ មរណភាព​របស់លោក​តា ប្រាជ្ញ ឈួន ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុកថា ជាការ​បាត់បង់​អ្នកប្រាជ្ញ​មួយរូប​របស់​កម្ពុជា​យើង​។ សព​លោកតា​ប្រាជ្ញឈួន ត្រូវបាន​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​បទុម​វ​តី ក្នុង​រាជធានី​ភ្នំពេញ​និង​ត្រូវ​បូជា​នៅ​ថ្ងៃទី​១៩​វិច្ឆិកា​៕