រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ទទួល​ពានរង្វាន់​បុរាណវិទ្យា​ប៉ា​ស្ទូ​ម​ឆ្នាំ​២០១៨ (PAESTUM ARCHEOLOGIA) នៅ​ប្រទេស​អី​តា​លី​

1342
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: ពានរង្វាន់​បុរាណវិទ្យា​ប៉ា​ស្ទូ​ម ឆ្នាំ​២០១៨ (PAESTUM ARCHEOLOGIA) នៃ​វេទិកា​កិច្ចប្រជុំ​លើក​ទី​២១ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​អំពី​បេតិកភណ្ឌ និង​ទេសចរណ៍ នៃ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ និង​តំបន់​អឺរ៉ុប ត្រូវបាន​ប្រគល់ជូន​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នា​រមណីយដ្ឋាន​ពិភពលោក​ប៉ា​ស្ទូ​ម (Paestum) ប្រទេស​អី​តា​លី​។​

​វេទិកា​ពិសេស​នៃ​កិច្ចប្រជុំ​លើក​ទី​២១​ខាងលើ លោក​សាស្ត្រាចារ្យ Azedine Beschaouch បុរាណ​វិទូ​និង​ជា​សមាជិក​បណ្ឌិតសភា​បារាំង​ខាង​សិលាចារឹក​និង​អក្សរ​ផ្ចង់ និង​ជា​អតីត​ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ចំនួន​ពីរដង បានធ្វើ​បទ​បង្ហាញ​ស្តីពី​លក្ខណៈពិសេស​នៃ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក ជាពិសេស​ភាព​អស្ចារ្យ​និង​អច្ឆរិយៈ​នៃ​ប្រាសាទអង្គរវត្ត និង​តំណាង​ពី​ស្ថាប័ន​គ្រប់គ្រង​កីឡាដ្ឋាន​Colosseum​នៃ​ប្រទេស​អី​តា​លី​ក៏បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​ប្រវត្តិសាស្ត្រ​នៃ​កីឡាដ្ឋាន​នេះ​ផងដែរ​។ ជាមួយគ្នា​នឹង​បទ​បង្ហាញ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ចូលរួម​ជា​វាគ្មិន​គន្លឹះ​ក្នុង​ការជជែក​ពិភាក្សា ប្រៀបធៀប​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​និង​វិទ្យាសាស្ត្រ​អំពី​រមណីយដ្ឋាន​ពិភពលោក​ទាំងពីរ​។​

​ជា​កិច្ច​បន្ត លោក​បណ្ឌិត Ugo Picarelli ប្រធាន​នៃ​វេទិកា​កិច្ចប្រជុំ​លើក​ទី​២១​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​អំពី​បេតិកភណ្ឌ​និង​ទេសចរណ៍​នៃ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​និង​តំបន់​អឺរ៉ុប បានប្រគល់​ពានរង្វាន់​បុរាណវិទ្យា​ប៉ា​ស្ទូ​ម​ឆ្នាំ​២០១៨ ជូន​ដល់​ជ័យលាភី លោកស្រី​ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​។ ជ័យលាភី​ក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន​៤​រូប​ក្នុងនោះ​២​រូប​មកពី​ផ្នែក​វប្បធម៌​រួមមាន​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​លោកជំទាវ Irina Bokova អតីត​អគ្គនាយិកា​អង្គការ​យូណេស្កូ​។ ចំពោះ​ពានរង្វាន់​ប្រចាំឆ្នាំ​នៃ​វេទិកា​កិច្ចប្រជុំ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​អំពី​បេតិកភណ្ឌ និង​ទេសចរណ៍​នៃ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ និង​តំបន់​អឺរ៉ុប តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​ចាប់ពី​ឆ្នាំ​២០០៥​រហូតដល់​បច្ចុប្បន្ន​។​

​ការប្រគល់​ពានរង្វាន់​នេះ គឺជា​មហា​កិត្តិយស​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ដល់​ព្រះ​រា​ណា​ចក្រ​កម្ពុជា ជាពិសេស​ការទទួលស្គាល់​ជា​អន្តរជាតិ អំពី​ភាព​អស្ចារ្យ​នៃ​រមណីយដ្ឋាន​អង្គរ​ជា​សារមន្ទីរ​មានជីវិត ដែល​ពោ​ពេញ​ទៅដោយ​ប្រវត្តិសាស្ត្រ សិល្បៈ និង​បុរាណវិទ្យា និង​ការខិតខំ​របស់លោក​ស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងការ​ការពារ ថែរក្សា​លើក​តម្លៃ​បេតិកភណ្ឌ​វប្បធម៌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា រមណីយដ្ឋាន​អង្គរ រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក និង​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម