ជំនួប​កំពូល​ប៉ាស៊ីហ្វិក​បញ្ចប់​ដោយ​គ្មាន​សេចក្តីថ្លែងការណ៍​រួម ខណៈ​ចិន​និងអាមេរិក​ខ្វែងគំនិត​គ្នា​

2387
ចែករម្លែក

ជំនួបរបស់មេដឹកនាំពិភពលោកនៅប៉ាពួ នូវែល ហ្គីនេ កាលពីថ្ងៃអាទិត្យទី១៨វិច្ឆិកា បានខកខានក្នុងការព្រមព្រៀងគ្នាលើសេចក្តីថ្លែងការណ៍រួមចុងក្រោយមួយ ដោយវារំលេចអំពីការបែកបាក់រវាងមហាអំណាចចិន-អាមេរិក។

ប្រជាជាតិចំនួន២១នៅជំនួបកំពូលអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅក្រុងផត ម័ររេស្ប៊ី បានខិតខំកាត់បន្ថយការខ្វែងគំនិតគ្នាអំពីតួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) ដែលគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ។សេចក្តីថ្លែងការណ៍មួយនឹងចេញដោយប្រធានអង្គប្រជុំ គឺនាយករដ្ឋមន្រ្តីប៉ាពួ នូវែល ហ្គីនេ លោកPeter O’Neillជំនួសវិញ។

ក្រោយបានបញ្ជាក់ថាមិនមានសេចក្តីថ្លែងការណ៍ចេញពីមេដឹកនាំ O’Neillលោកបានប្រាប់អ្នកយកព័ត៌មានថា« ពិភពលោកទាំងមូលព្រួយបារម្ភ» អំពីភាពតានតឹងរវាងចិននិងអាមេរិក។

នាយករដ្ឋមន្រ្តីកាណាដា លោកJustin Trudeau បានប្រាប់អ្នកយកព័ត៌មានថា មានការខ្វែងគំនិតគ្នារវាងប្រទេសជាច្រើនរួមមានចិននិងអាមេរិក។កំណែសេចក្តីថ្លែងការណ៍បង្ហាញអាមេរិកចង់បានភាសាខ្លាំងៗប្រឆាំងនឹងការធ្វើពាណិជ្ជកម្មមិនយុត្តិធម៌ដែលខ្លួនបានចោទប្រកាន់លើចិន។

ជំនួបកំពូល២ថ្ងៃនេះត្រូវរំខានដោយជម្លោះសម្តីនិងការប្រជែងគ្នាកាន់តែខ្លាំងឡើងរវាងចិននិងលោកខាងលិចសំរាប់ឥទ្ធិពលនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។អនុប្រធានាធិបតីអាមេរិក លោក Mike Pence និងប្រធានាធិបតីចិនXi Jinping បានបញ្ជូនពាក្យសម្តីទៅវិញទៅមកនៅក្នុងសុន្ទរកថាកាលពីថ្ងៃសៅរិ៍។លោកPenceបានថ្លែងគោរពលោកXi និងចិន តែក៏បានរិះគន់ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២នេះចំពោះការលួចកម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យាដោយបង្ខំនិងការប្រតិបត្តិពាណិជ្ជកម្មមិនយុត្តិធម៌។

យោងតាមលោកXi ពិភពលោកកំពុងប្រឈមជំរើសមួយរវាងកិច្ចសហការនិងការប្រឈមមុខ ខណៈការគាំពារនិយមនិងឯកតោភាគីនិយមកំពុងកើនឡើង។លោកបាននិយាយថាច្បាប់របស់បណ្តាស្ថាប័នពិភពលោក ដែលត្រូវបានបង្កើតឡើងក្រោយសង្រ្គាមលោកលើកទី២ ដូចជាអង្គការពាណិជ្ជកម្មពិភពលោកមិនគួរត្រូវកែប្រែដោយសារតែរបៀបវារៈគិតតែប្រយោជន៍ផ្ទាល់ខ្លួនទេ។

ចំណែកអនុប្រធានាធិបតីអាមេរិកបាននិយាយថាលោកបានប្រាប់ប្រធានាធិបតីចិនថា អាមេរិកចង់បានទំនាក់ទំនងល្អប្រសើរឡើងតែ«ត្រូវតែមានការផ្លាស់ប្តូរ»មកពីភាគីចិន។

ចិនក្នុងពេលជាមួយគ្នា បានសន្យាផ្តល់ប្រាក់៤ពាន់លានដុល្លារដើម្បីស្ថាបនាបណ្តាញផ្លូវជាតិដំបូងនៅប៉ាពួ​ នូវែលហ្គីនេ ខណៈអាមេរិកនិងសម្ពន្ធមិត្តដែលព្យាយាមទប់ឥទ្ធិពលចិន បាននិយាយថាពួកគេមានផែនការស្ថាបនាមូលដ្ឋានទ័ពជើងទឹកមួយនៅប៉ាពួ នូវែលហ្គីនេ៕ដោយ៖វាសនា

មេដឹកនាំពិភពលោក រួមមានប្រធានាធិបតីចិននិងអនុប្រធានាធិបតីអាមេរិក នៅជំនួបកំពូលAPECនៅក្រុង ផត ម័ររេស្ប៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម