សំណល់​រឹង​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​កើន​រហូតដល់ ៣០០០​តោន ក្នុង​មួយថ្ងៃ​

1289
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: បច្ចុប្បន្ននេះ នៅក្នុង​មួយថ្ងៃ សំណល់​រឹង​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​កើន​រហូតដល់ ៣០០០​តោន ក្នុងនោះ ៦៥% ជា​សំរាម​សើម ២០% ជា​ថង់​ប្លា​ស្ទិ​ក និង​ជាង ១០% ជា​សំណល់​រឹង​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងបរិស្ថាន ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​កម្មវិធី​«​ភ្នំពេញ​ទីក្រុង​ស្អាត​ជាមួយ ប្រទេស​ជប៉ុន​»​ដើរ​រើស​សំរាម បោសសម្អាត​ទីធ្លា​នានា​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​របាយការណ៍​បាន​បន្តថា ការច្នៃ​សំរាម មាន​ត្រឹមតែ ២០%​ប៉ុណ្ណោះ​ដែល​ធ្វើឱ្យ​អាត្រា​សំរាម​ដែល​ត្រូវ​បោះចោល​នៅ​ទីលាន​សំរាម​មាន​ពី ៧០ ទៅ ៨០% និង​សំរាម​មួយចំនួនទៀត ត្រូវបាន​បោះចោល​អនាធិបតេយ្យ​នៅតាម​ផ្លូវ​សាធារណៈ​នានា​។ សំណល់​ដែល​ត្រូវបាន​អ្នកចូលរួម​ប្រមូលបាន​គឺ​ភាគច្រើន​ជា​សំណល់​សំរាម ថង់​ប្លា​ស្ទិ​ក ដែល​ត្រូវបាន​បោះ​រាយប៉ាយ​នៅតាម​ធី​ធ្លា​សាធារណៈ​នានា ក្រោយពី​ការដើរ​កម្សាន្តរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ដែល​មិនបាន​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។​

​ចំពោះមុខ​នៃ​បញ្ហា​កំណើន​សំរាម​ក្នុង​ទីក្រុង​នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ថា យើងទាំងអស់គ្នា​ចាំបាច់​ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ ទីក្រុង​របស់​យើងទាំងអស់គ្នា​ដោយ​៖ ទី​១) ធ្វើ​ការញែក​សំរាម​តាម​ប្រភេទ​សំរាម​ជា​សំណល់​សរីរាង្គ សំរាម ប្លា​ស្ទិ​ក និង​សារ​ធារ​តុ​គ្រោះថ្នាក់ និង​វេច​ខ្ចប់​និង​គ្រប់គ្រង​សំរាម​ដែល​ខ្លួន​បង្កើត​ឱ្យបាន​ត្រឹមត្រូវ​។ ទី​២) អនុ វត្ត​នូវ​គោលការណ៍ ៣​អ៊ែរ (​កាត់បន្ថយ ការប្រើប្រាស់​ឡើងវិញ និង​ការកែច្នៃ​ឡើងវិញ​) ចំពោះ​សំណល់​ថង់ ប្លា​ស្ទិ​ក​ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​បំផ្លាញ​សោភ័ណភាព​ទីក្រុង​យើង​។ ទី​៣) ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​ទីក្រុង​យើង​ដោយ​ចាត់ទុក «​គ្រប់​ទីកន្លែង​ទាំងអស់​ជា​ផ្ទះ​របស់​យើង​» ដែល​ត្រូវតែ​ស្អាត និង មាន​ផាសុកភាព​គួរឱ្យ​រស់នៅ​។ ទី​៤) ចូលរួម​ដាំ​ដើមឈើ​ដើម្បី​បង្កើត​ភាព​បៃតង និង​បង្កើន​គុណភាព​ខ្យល់ និង​ទី​៥) សូមកុំ​ចោល​សំរាម​ផ្តេសផ្តាស​ត្រូវ​ទុកដាក់​សំរាម​ក្នុង​ធុង​ឱ្យបាន​ត្រឹមត្រូវ​។ កិច្ចការ​ទាំងនេះ​នឹង​ជួយ​ធ្វើឱ្យ​ទីក្រុង​របស់​យើង​មាន​អនាម័យ​បរិស្ថាន​កាន់តែ​ល្អ​ស្អាត​។

​លោក​នេត្រ ភក្ត្រា ជឿជាក់ថា «​គម្រោង​ភ្នំពេញ​ទីក្រុង​ស្អាត​» ដែល​បាន​បើក​នៅថ្ងៃនេះ នឹង​ក្លាយជា​និមិត្តរូប​សាមគ្គីភាព​យូរអង្វែង​រវាង​ប្រជាជន​កម្ពុជា និង​ជប៉ុន​នៅក្នុង​ការលើកកម្ពស់​ត​ម្លៃ​បរិស្ថាន ធ្វើឱ្យ​ទីក្រុង​យើង​គ្មាន​សំរាម​ចោល​ផ្តេសផ្តាស​។ មិនតែប៉ុណ្ណោះ​សកម្មភាព​នៅថ្ងៃនេះ នឹង​ក្លាយជា​ជួង​ដាស់​អារម្មណ៍​ដល់​ជន​មួយចំនួន​តូច​ដែល​បាន​បោះចោល​សំរាម​ពាសវាល​ពាស កាល​ឱ្យ​ភ្ញាក់រលឹក​ឡើង និង​ចូលរួម​សម្អាត​បរិស្ថាន​ទីក្រុង​យើងទាំងអស់គ្នា​។ ទីក្រុង​យើង​ស្អាត​គឺជា​មោទនភាព​របស់​យើង និង​លើកតម្កើង​សុខុមាលភាព​ប្រជាពលរដ្ឋ សោ​ភ័ព​ភាព​ទីក្រុង​ដែលជា​ផ្ទះ​របស់​យើងទាំងអស់គ្នា​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា នៅក្នុង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ នេះ ក្រសួងបរិស្ថាន​បានកំណត់​ចក្ខុវិស័យ​របស់ខ្លួន​ដោយ​លើកឡើងថា គុណភាព និរន្តរភាព​បរិស្ថាន​ត្រូវបាន​ធានា​៕ ល​