គណៈកម្មការ​ចម្រុះ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រជុំពិភាក្សា រក​ដំណោះស្រាយ​នៃ​ការរៀបចំ​សណ្តាប់ធ្នាប់​ ​តូប​លក់ដូរ​នៅមុខ​ក្រុម​ប្រាសាទព្រះពិធូរ​

894
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ គណៈកម្មការ​ដឹកនាំ និង​សម្របសម្រួល​រៀបចំ​សណ្តាប់ធ្នាប់​អ្នកលក់ដូរ​ក្នុង​រមណីយដ្ឋាន​អង្គរ ដែលមាន​សមាសភាព​ចម្រុះ​គ្នា​រវាង​អាជ្ញាធរ​ជាតិ​អប្សរា សាលាខេត្ត​សៀមរាប មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​ដែល​ស្ថិតនៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ បាន​ជួបប្រជុំ​ពិភាក្សា រក​ដំណោះស្រាយ​លើ​ការរៀបចំ​សណ្តាប់ធ្នាប់​តូប​លក់ដូរ​នៅមុខ​ក្រុម​ប្រាសាទព្រះពិធូរ នា​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅនេះ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​។​

​លោក សុខ សង្វារ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​ប្រធាន​គណៈកម្មការ​ដឹកនាំ និង​សម្រប​សម្រួល​​រៀបចំ​សណ្តាប់​អ្នកលក់ដូរ​ក្នុង​រមណីយដ្ឋាន​អង្គរ​បានបញ្ជាក់​ក្នុង​អង្គប្រជុំ​ថា សណ្តាប់ធ្នាប់​នៃ​តូប​លក់ដូរ និង​ការចត​យានជំនិះ​មុខ​ក្រុម​ប្រាសាទព្រះពិធូរ​សព្វថ្ងៃ មិនមាន​សណ្តាប់ធ្នាប់រ​បៀ​ប​រៀបរយ ដែល​ធ្វើ​ឲ្យ​បិទបាំង​ប្រាសាទ និង​ទេស​ភាពល្អ​ប្រណីតរ​របស់​ប្រាសាទ​។​

​លោក​បាន​បន្តថា មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្លិនឆ្អេះ​ឆ្អាប​នៃ​ការ​តូប​លក់ដូរ​ម្ហូបអាហារ សំឡេង​ម៉ាស៊ីនភ្លើង​ជាប្រចាំ​ក៏បាន​បង្ក​ភាព​រំខាន​ដល់​ភ្ញៀវទេសចរ​ដែល​ចូលទៅ​ទស្សនា​ប្រាសាទ​ផងដែរ​។ លោក​ក៏បាន​បញ្ជាក់ថា ការរៀបចំ​អង្គប្រជុំ​នេះ​ឡើង គឺជា​ការឆ្លើយ​នឹង​អនុសាសន៍​ណែនាំ​របស់​អ្នកជំនាញ​នៃ​គណៈកម្មាធិការ ICC-Angkor និង​ស្ថាប័ន KOICA របស់​ប្រទេស​កូរ៉េ និង​ស្ថានទូត​កូរ៉េ​ដែល​បានទទួល​ជួយ​ជួសជុល​ក្រុម​ប្រាសាទព្រះពិធូរ​តាមរយៈ​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ (KCHF) និង​បានបញ្ចប់​ជំហាន​របស់ខ្លួន​ហើយ​នៅពេល​ថ្មីៗ​នេះ​។

ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​គណៈកម្មការ​មួយ​ដោយឡែក ដោយ​ផ្តោត​សំខាន់​លើ​ការសិក្សា​រក​ទីតាំង​ថ្មី​សម្រាប់​រៀបចំ​ចំណត និង​តូប​លក់ដូរ​ទាំងនេះ​។ ទោះជា​យ៉ាងនេះ​ក្តី មន្ត្រី​ជំនាញ​នៅតែ​មិនទាន់​សម្រេចបាន​ទីតាំង​សមស្រប​នៅឡើយ ដោយហេតុថា ទីតាំងនៅ​បរិវេណ​នោះ​សុទ្ធតែ​គ្របដណ្តប់​ដោយ​ព្រៃឈើ និង​បុរាណ​ដ្ឋា​ន​ជាច្រើន​។ កិច្ចប្រជុំ​នៅពេលនេះ គឺ​ដើម្បី​ប្រមូល​គំនិត​យោបល់​បន្ថែម​ពី​គណៈកម្មការ ដើម្បី​មន្ត្រី​ជំនាញ​បានជា​មូលដ្ឋាន​សម្រាប់​យកទៅ​សិក្សា​បន្តទៀត​។

​លោក​វរសេនីយ៍ត្រី ម៉ាន់ ឈឿន អនុប្រធាននាយកដ្ឋាន​ទទួលបន្ទុក​អង្គភាព​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ​បញ្ជាក់ថា តូប​លក់ដូរ​ក្នុង​តំបន់​អង្គរ​ពិតជា​ជួប​ភាពស្មុគស្មាញ​ខ្លាំង​មែន តែ​ក្រុមការងារ​ត្រៀមខ្លួន​ជានិច្ច ដើម្បី​សហការ​គ្រប់ពេលវេលា​។

​គួររំឭកថា ព្រះ​ពិធូរ ជា​ឈ្មោះ​ក្រុម​ប្រាសាទ​ចំនួន​៥ ដែល​ស្ថិតនៅ​ទល់មុខ​ទីលាន​ស្តេច​គម្លង់​ក្នុង​បរិវេណ​រាជធានី​អង្គរធំ​គឺ ប្រាសាទ​កោរសក់ ប្រាសាទ​ជម ប្រាសាទ​តា​ទួត ប្រាសាទ​ដូន​មា និង​ប្រាសាទ​សណ្តក​យក្ស​។ ប៉ុន្តែ មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ ដែល​បាន​ស្គាល់ និង​បាន​ទៅ​ទស្សនា​ប្រាសាទ​ទាំងនេះ ដោយសារតែ​ប្រាសាទ​ទាំងនេះ​បិទបាំង​ដោយ​របាំង​ព្រៃឈើ និង​ជាពិសេស គឺ​តូប​លក់ដូរ​ជាច្រើន​នៅ​ពីមុខ​ផង​៕
​រូបភាពៈ គណៈកម្មការ​ចម្រុះ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រជុំពិភាក្សា រក​ដំណោះស្រាយ​នៃ​ការរៀបចំ​សណ្តាប់ធ្នាប់​តូប​លក់ដូរ​នៅមុខ​ក្រុម​ប្រាសាទព្រះពិធូរ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម