ការបញ្ឈប់​បូម​ខ្សាច់​ជា​ក្តីសង្ឃឹម​ដល់​ការរស់រាន​របស់​អណ្តើក​ហ្លួង ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​

1006
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: បន្ទាប់ពី​ក្រសួង​រ៉ែ និង​ថាមពល​បានចេញ​សារាចរ និង​សេចក្តី សម្រេច​កាលពី​ខែកក្កដា ឆ្នាំ​២០១៧ ស្តីពី​ការសម្រេច​បញ្ឈប់​រាល់​ស​កម្ម​ភាព​បូម​ខ្សាច់​នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​មក​។ យើង​សង្កេតឃើញថា​ឆ្នេរ​ខ្សាច់​ដែលជា​ទីជម្រក​ពង​កូន​ដ៏​សំខាន់​របស់​អណ្តើក​ហ្លួង​កំពុង​កកើត​ឡើងវិញ​ជា​បន្តបន្ទាប់​។ ជាពិសេស​បន្ទាប់ពី​មានការ​ជន​លិច​ក្នុង​រដូវវស្សា​បណ្តាលមកពី​កម្រិត​ទឹកភ្លៀង​ដ៏​ច្រើន​។ នេះ​គឺជា​លទ្ធផល និង​ភាព ជោគជ័យ​ថ្មី​មួយទៀត​ដែល​ស្តែង​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​រដ្ឋបាល​ជល​ផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ក្នុងការ​ការពារ​ទីជម្រក​របស់​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នេះ​។​

​អណ្តើក​ហ្លួង​គឺជា​ប្រភេទ​សត្វ​កម្រ​ដែល​កំពុង​រងគ្រោះថ្នាក់​ក្នុងប្រទេស​កម្ពុជា​។ ព្រះរាជក្រឹត្យ នស​/​រកត​/ ០៣០៥/១៤៩ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥ បានដាក់​បញ្ចូល​សត្វ​អណ្តើក​ហ្លួង​នេះ ជា​ប្រភេទ​សត្វ​ល្មូ​ន​តំណាងឱ្យ ប្រទេស​កម្ពុជា និង​អនុក្រឹត្យ​លេខ ១២៣ អនក្រ​.​បក ចុះ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០០៩ បានកំណត់​ប្រភេទ​សត្វ​នេះ ជា​ប្រភេទ​សត្វ និង​ផលិតផល​ជលផល​ដែល​កំពុង​រងគ្រោះថ្នាក់​។ អណ្តើក​ហ្លួង​ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត និង​ស្ថិត​ក្នុងចំណោម​អណ្តើក​ទាំង​២៥​ប្រភេទ​ដែល​កំពុង​រងគ្រោះថ្នាក់​ខ្លាំង ជាងគេ​បំផុត​នៅលើ​ពិភពលោក​។ ការកើនឡើង​នូវ​សកម្មភាព​បូម​ខ្សាច់​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​នៅតាម​ប្រព័ន្ធ ព្រែក​ស្រែអំបិល​បានធ្វើឱ្យ​អណ្តើក​ហ្លួង​ប្រឈម​នឹង​ការ​ផុត​ពូជ​។

​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​គឺជា​កន្លែង​អភិរក្ស​ដ៏​សំខាន់បំផុត​មួយ​នៅ​កម្ពុជា ពីព្រោះ​វា​គឺជា​កន្លែង​តែមួយគត់​ដែល អណ្តើក​ហ្លួង​ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​នៅលើ​សាកលលោក និង​ជាស​ត្វ​ល្មូ​ន​តំណាងឱ្យ​ប្រទេស​កម្ពុជា​បន្ត​ពូជ និង រស់នៅ​។ សេចក្តីសម្រេច​របស់​ក្រសួង​រ៉ែ និង​ថាមពល​ក្នុងការ​បញ្ឈប់​សកម្មភាព​បូម​ខ្សាច់​នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែ អំបិល និង​ការហាមឃាត់​ការនាំចេញ​ខ្សាច់​គ្រប់​ប្រភេទ​បាន​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​របស់​ក្រសួង​រ៉ែ និង ថាមពល​ក្នុង​ការបញ្ចៀស​ផលប៉ះពាល់​អវិជ្ជមាន​ចេញពី​ការ​បូម​ខ្សាច់​ដល់​បរិស្ថាន ធនធាន​ជលផល ប្រជា​សហគមន៍ និង​ការការពារ​ជីវចម្រុះ រួមបញ្ចូល​ទាំង​សត្វ​អណ្តើក​ហ្លួង​ផងដែរ​។​

​លោក កែន សេរី​រដ្ឋា ប្រធាន​អង្គការ WCS បាន​មានប្រសាសន៍ថា​៖ “​អណ្តើក​ហ្លួង​រស់នៅ​ដោយ​ពឹងផ្អែក ចាំបាច់​លើ​តំបន់ឆ្នេរ​ខ្សាច់ ព្រៃ​លិច​ទឹក ព្រៃកោងកាង​ដែលជា​កន្លែង​សម្រាប់​ពួកវា​រក​ចំណី និង​បន្ត​ពូជ​”​។ លោក​បាន​បន្ត ទៀតថា​៖ “​ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ​ជា​អនេក​ដែល​ឆ្នេរ​ខ្សាច់​ជាទី​ជម្រក​ពង​កូន​របស់​អណ្តើក​ហ្លួង​កំពុង​កកើតឡើង វិញ​នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ក្រោយ​រង​ការបំផ្លិចបំផ្លាញ​ដោយ​ការ​បូម​ខ្សាច់​ក្នុង​ទសវត្សរ៍​កន្លងមក​។ ការកកើត ឆ្នេរ​ខ្សាច់​ឡើងវិញ​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​អណ្តើក​ហ្លួង​ដែល​យើង​បាន​ព្រលែង​នៅ​ឆ្នាំ​២០១៥ និង ២០១៧”​។​

​លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​៖ “​រដ្ឋបាល​ជលផល​បានធ្វើ​ការងារ​យ៉ាងសកម្ម​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល​ក្នុងការ​លុបបំបាត់​សកម្មភាព​បូម​ខ្សាច់​នានា នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ដែលជា​ជម្រក​ដ៏​សំខាន់​ដល់​ការរស់នៅ និង​ពង​កូន​របស់​ពពួក​អណ្តើក​ហ្លួង​នេះ​”​។​លោក​បាន​បន្តទៀតថា​៖ “​ដើម្បី​ការពារ​ប្រភេទ​សត្វ​កម្រ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ថែមទៀត​នោះ រដ្ឋបាល​ជលផល​កំពុង រៀបចំ​សេចក្តីព្រាង​ប្រកាស​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ដាក់​តំបន់​មួយចំនួនធំ​នៅតាម​ប្រព័ន្ធ ព្រែក​ស្រែអំបិល​ទៅជា​តំបន់​គ្រប់គ្រង​សម្រាប់​សត្វ​អណ្តើក​ហ្លួង និង​ក្រពើ​ត្រី​។ សេចក្តីប្រកាស​នេះ​នឹង​ចូល​ជា​ធរមាន ក្នុងពេល​ឆាប់ៗ​នេះ​។​”

​អង្គការ WCS សូម​ថ្លែងអំណរគុណ​ដល់​ម្ចាស់ជំនួយ​ដូចជា Wildlife Reserves Singapore, National Geographic Society, Chicago Zoological Society, US Forest Service, Rainforest Trust និង Critical Ecosystem Partnership Fund ដែល​បានផ្តល់​ថវិកា​គាំទ្រ​ដល់​ការងារ​អភិរក្ស​សត្វ​អណ្តើក​ហ្លួង​កន្លងមក​។​

​តាម​ការអះអាង​ពី​អង្គការ​WCS​បាន​បញ្ជាក់ថា​អណ្តើក​ហ្លួង​មានមក​ទល់​បច្ចុប្បន្ន​ប្រមាណ​50​ក្បាល​។​ពេល​មាន​សកម្មភាព​បូម​ខ្សាច់​ឃើញ​មាន​សំបុក​វា​2​ទៅ​3​កន្លែង​។​ក្រោយ​ឈប់​បូម​ខ្សាច់​មិនឃើញ​មាន​សំបុក​ពង កូន​វា​ទេ​។​តែ​ការមិន​បូម​ខ្សាច់​នៅទីនេះ វា​ប្រសើរ​ជាង​ការ​បូម​ខ្សាច់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម