ហ្វ័​ដ​រេ​ង​ជ័រ បុក​មេ​រង​ភូមិ​ម្នាក់​ប៉ើង​ធ្លាក់​ស្នាមភ្លោះ​ស្លាប់​ភ្លាម​នៅនឹងកន្លែង

1110
ចែករម្លែក

ដោយ​: សន​សក្ដា / កំពង់ឆ្នាំង​: បុរស​ជា​មេ​រង​ភូមិ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​រថយន្ត​មួយគ្រឿង បាន​បុក​ម៉ូតូ​ប៉ើង​ធ្លាក់​ពីលើ​ផ្លូវ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថៃ្ង​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ លើផ្លូវ​លេខ​១៥៣ ត្រង់ចំណុច​អូរ​តំណាក់​ក្រសាំង ស្ថិតក្នុង​ភូមិ​វាល​ស្បូវ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ស ផាន់ ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ រស់នៅ​ភូមិ​វាល​ស្បូវ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ មាន​រថយន្ត​មួយគ្រឿង ម៉ាក FORD RANGER ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ ២AQ-៩៥៥២ បើកបរ​ដោយ​ឈ្មោះ ថើ​ស វិ​ល័យ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ឫុ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ពេលមកដល់​ចំណុចកើតហេតុ ដោយសារ​ភូមិសាស្ត្រ​នេះ​ដី​ហុយ​ខ្លាំង រថយន្ត​ក៍បាន​រេ​ចង្កូត​ទៅ ជនរងគ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១A-៧៤៧៣ បណ្តាលអោយ​ជនរងគ្រោះ​ប៉ើង​ចេញពី​ផ្លូវ​ធ្លាក់​ប្រឡាយ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​តែម្តង​។

​ក្រោយពេល​កើតហេតុ មធ្យោបាយ​បង្ក​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង អនុវត្តតាម​នីតិវិធី​ច្បាប់​៕ ល​