ស៊ី ទស្សនកិច្ច​ហ្វីលីពីណ ខណៈ​ចិន​និង​អាមេរិក​ប្រជែង​យក​ឧត្តមភាព​

2236
ចែករម្លែក

ប្រធានាធិបតី ចិនលោកស៊ី ជីនពីង នាថ្ងៃអង្គារនេះធ្វើទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងនៅហ្វីលីពីន ដែលជាសម្ពន្ធមិត្តជាប្រពៃណីរបស់អាមេរិក ខណៈមហាអំណាចផុតលេខទាំង២កំពុងប្រជែងយកឧត្តមភាពនៅតំបន់ប៉ាស៊ីហ្វិក។

ចិនទទួលបានដៃគូម្នាក់ក្រោយពីលោករ៉ូឌ្រីហ្គោ ឌុយទែតជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីននៅឆ្នាំ២០១៦ ដោយលោកវាយប្រហាររិះគន់សម្ពន្ធមិត្តចំណាស់១សតវត្សរ៍របស់ហ្វីលីពីននិងងាកទៅធ្វើពាណិជ្ជកម្មនិងទាក់ទាញការវិនិយោគមកពីចិន។

រដ្ឋាភិបាលក្រុងម៉ានីលបាននិយាយថា ការឈប់សំចតរយៈពេល២ថ្ងៃនិងជាដំណើរទស្សនកិច្ចដំបូងរបស់ប្រធានាធិបតីចិនក្នុងរយៈពេល១៣ឆ្នាំមកនេះ នឹងនាំមកកិច្ចព្រមព្រៀងជាច្រើនសំរាប់ការវិនិយោគលើគំរោងហេដ្ឋារចនាសម្ពន្ធធំៗដែលរដ្ឋាភិបាលក្រុងប៉េកាំងបានសន្យាពេលលោកឌុយទែតបានទៅចិនកាលពីឆ្នាំមុន។

ចិនបានជះលុយរាប់សិបពាន់លានដុល្លារជាប្រាក់កំចីនិងជំនួយចាប់តាំងពីឆ្នាំ២០១៣ ខណៈខ្លួនពង្រីកឥទ្ធិពលនយោបាយរបស់ខ្លួននៅទូទាំងពិភពលោក ដោយទប់ស្កាត់អនុត្តរភាពអាមេរិកដែលកំណត់ចរិតលក្ខណៈបទបញ្ជាក្រោយសង្រ្គាមលោកលើកទី២ ជាពិសេសនៅអាស៊ី។

លោកឌុយទែត បានងាកទៅឱបក្រសោបលោកស៊ី សូម្បីតែសាលក្រមតុលាការអន្តរជាតិឆ្នាំ២០១៦បានប្រកាសបដិសេធការអះអាងជាកម្មសិទ្ធិរបស់ចិនលើសមុទ្រចិនខាងត្បូងក្តី។ក្នុងពេលជាមួយគ្នា មេដឹកនាំចូលចិត្តនិយាយប៉ប៉ាច់ប៉ប៉ោចរូបនេះ បានប្រកាសបញ្ចប់ទំនាក់ទំនងជាមួយអាមេរិកនិងថែនទាំងជេរប្រទេសអតីតប្រធានាធិបតីអាមេរិកទៀតផង។

ទោះជាយ៉ាងណា ទំនាក់ទំនងហាក់កាន់តែកក់ក្តៅឡើងចាប់តាំងពីលោកដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិក និងលោកឌុយទែតបានឈប់រិះគន់អាមេរិកពាក់ព័ន្ធនឹងការបង្រ្កាបបទល្មើសថ្នាំញៀនក្នុងប្រទេសរបស់លោក។

ចិនសន្យាផ្តល់ប្រាក់កំចីនិងការវិនិយោគចំនួន២៤ពាន់លាន ជាហេតុនាំអោយមានការព្រមានអំពីអន្ទាក់បំណុល។

ការវិនិយោគរបស់ចិននៅហ្វីលីពីនបានកើន៥ដងក្នុងរយៈពេល៦ខែដើមឆ្នាំនេះ បន្ទាប់ពីមានកំណើន៦៧ភាគរយកាលពីឆ្នាំមុន។ពាណិជ្ជកម្មទ្វេភាគីក៏កើន១០ភាគរយ,នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីការបរទេសចិនក្នុងអំឡុងពេលលោកមកទស្សនកិច្ចក្រុងម៉ានីលកាលពីខែមុន៕ដោយ:វាសនា

ប្រធានាធិតីចិន ស៊ី ជីនពីង និងប្រធានាធិបតី ឌុយទែត ពេលលោកទស្សនកិច្ចចិនកាលពីឆ្នាំ២០១៧