ទីតាំង​សំរាម​ធំៗ​នៅ​ក្រុង​ខេមរភូមិន្ទ​នឹង​លែងមាន ក្រោយ​អាជ្ញា​ធរមាន​យន្តការ​ដោះស្រាយ​ថ្មី​

1245
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: កាកសំណល់​សំរាម​ជាច្រើន​ប្រភេទ​រាប់​តោន ដែល​កំពុង​កកស្ទះ​ទើ​ល​ពាល​ពេញ​លើ​ផ្ទៃ​ទឹក​តាម​ដងស្ទឹង​វែង ក៏ដូចជា​តាម​ទីសាធារណៈ​ធំៗ ក្រុង​ខេ​ម​ភូមិន្ទ ខេត្តកោះកុង អាច​នឹង​លែង បន្ទាប់ពី​អាជ្ញាធរ​ក្រុង និង​ក្រុមហ៊ុន​ប្រមូល​សំរាម​ថ្មី អះអាងថា ខ្លួន​មាន​វិធានការ​ដោះស្រាយ​ថ្មី​ជាមួយ​ប្រជាពលរដ្ឋ​។​

​ការអំពាវនាវ​អោយ​ពលរដ្ឋ​បញ្ឈប់​ការ​ចោល​សំរាម​លើទឹក ដោយ​ទម្លាប់​វិល​មក​វេច​ខ្ចប់​សំរាម​ដាក់​ក្នុង​ធុង​វិញ ការស្តារ​ស្រង់​កាកសំណល់​សំរាម​គ្រប់​ប្រភេទ​យកទៅ​ចាក់ចោល​នៅ​ទីលាន​សំរាម ដាក់​ធុង​តាម​ខ្នង​ផ្ទះ​និង​អប់រំ​ណែនាំ​អោយ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ស្ទឹង​វែង​ចូលរួម​បង់​វិភាគទាន​ថ្លៃ​សេវា​ប្រមូល​សំរាម​ប្រចាំថ្ងៃ​។

​ចំណុច​ទាំង​ប៉ុន្មាន​ខាងលើនេះ គឺជា​ដំណោះស្រាយ​ថ្មី​លើ​កិច្ចការ​គ្រប់គ្រង​សំរាម​អោយមាន​របៀបរាប់រយ ដើម្បី​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព និង​អនាម័យ​បរិស្ថាន​ស្អាត​រស់នៅក្នុង​ទីក្រុង​របស់​អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ និង​ក្រុមហ៊ុន Y. R Prior ។ បើតាម​លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេមរភូមិន្ទ នៅ​ព្រឹក​ថ្ងៃទី​២០ វិច្ឆិកា នេះ អំឡុង​ចុះ​ពិនិត្យ និង​រៀបចំ​ស​ណ្នា​ប់​ធ្នាប់​បរិស្ថាន​តាម​ព្រែ​កកោះ​ប៉ោ​។​

​អភិបាលក្រុង​ខេមរភូមិន្ទ បាន​បន្ថែមថា យន្តការ​ដោះស្រាយ​ដែល​លោក និង​ក្រុមហ៊ុន អាច​ថា​កាកសំណល់​សំរាម​នៅ​ទីសាធារណៈ​នឹង​កាត់បន្ថយ​បាន​ច្រើន​ជាមុន ដោយ​ទប់ស្កាត់​ចំពោះ​បង់​ចោល​សំរាម​លើទឹក​បែប​អនាធិបតេយ្យ​។ លោក​សង្កត់ធ្ងន់​ដែរ​ថា មូលហេតុ​ដែលនាំឱ្យ​ពលរដ្ឋ​ចោល​សំរាម​ពាល​វាល​ពាសកាល​យ៉ាង​ដូច្នេះ ក៏​ព្រោះតែ​ពួកគាត់​យល់ថា​វា​មាន​ភាពងាយស្រួល មិន​ខ្វល់​នឹង​ការផាកពិន័យ មិន​ខ្វល់​ពី​ផលប៉ះពាល់​ដល់​សុខភាព និង​គិតថា​កត្តា​ធម្មជាតិ​ហូរ​នាំ​សំរាម​ទៅក្នុង​សមុទ្រ​គ្មាន​នរណា​ដឹង​។​

​ដើម្បី​បំផុស​ចលនា​ចូលរួម​គ្រប់គ្រង​កាកសំណល់​សំរាម​គ្រប់​ប្រភេទ​បានល្អ​ត្រឹមត្រូវ លោក ឈេ​ង សុវណ្ណ​ដា លើកឡើងថា លោក និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​បង្កើន​ការផ្សព្វផ្សាយ​អប់រំ​ណែនាំ ដល់​សាធារណជន​អំពី​ការចូលរួម​គាំពារ​បរិស្ថាន និង​រៀបចំ​ស​ណ្នា​ប់​ធ្នាប់​ដាក់​ទុក​វេច​ខ្ចប់​កាក​សំរាម​រឹង​រាវ​អោយបាន​ត្រឹមត្រូវ ពិសេស​ការបង់​វិភាគទាន​ថ្លៃ​សេវា​ប្រមូល​សំរាម​បន្ថែមទៀត មុននឹង​រឹតបន្តឹង​អនុវត្ត​ច្បាប់​។ ហើយ​មិន​ចំពោះតែ​ទីតាំង​ស្ទឹង​វែង​ទេ អាជ្ញា​ធរមាន​ផែនការ​សកម្មភាព​ធ្វើឱ្យ​ល្អប្រសើរ​ទីតាំង​សំបូរ​សំរាម​ផ្សេងទៀត​។​

​សម្រាប់​លោក មឿ​ន បូ​រិ​ន ប្រធាន​ក្រុមហ៊ុន Y. R Prior ដែលជា​ដៃគូ ប្រមូល​សំរាម​ថ្មី​របស់​អាជ្ញាធរ ថ្លែងថា ចាប់តាំងពី​ទទួល​សិទ្ធិ​ប្រមូល និង​បោសសម្អាត​សំរាម​ក្នុង​ទីក្រុង​រួចរាល់ ជិត​៣​ខែ​មកនេះ ពួកគាត់​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ការចុះ​ប្រមូល​សំរាម​តាម​ទីសាធារណៈ និង​មុខ​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ទោះបីជា​ផ្លូវ​ចូល​តូចចង្អៀត​យ៉ាងណាក៏ដោយ​។

​លោក មឿ​ន បូ​រិ​ន ពន្យល់ថា ជា​ស្មារតី​ចង់បាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ លោក​ក៏​ឯកភាព​ជាមួយ​អាជ្ញាធរ​ក្រុង​លើកលែង​មិន​កម្រៃ​បង់​សេវា​ប្រមូល​សំរាម​ពី​ពលរដ្ឋ​ណា​ដែលមាន​ជីវភាព​ខ្វះខាត​លំបាក​ផងដែរ​។ ត្បិត​ក្រុមហ៊ុន​លោក និង​អាជ្ញាធរ​ពាក់ព័ន្ធ​បេ្ត​ជ្ញា​ចិត្ត​ដោះស្រាយ​វិបត្តិ​កាកសំណល់​សំរាម​បែបនេះ​ក្តី ប៉ុន្តែ​បើ​គ្មាន​ទទួលខុសត្រូវ​យល់ដឹង​ពី​ប្រជាពលរដ្ឋ​ទេ សំរាម​នៅតែ​បន្ត​ញុំ​ញី​គ្រប់​ទីកន្លែង​។

​បច្ចុប្បន្ន ទី​រួម​ខេត្តកោះកុង ជាធម្មតា ក្នុង​១​ថ្ងៃៗ សំរាម​ប្រមាណ​២០​ទៅ​៣០​តោន ដែល​ត្រូវ​ដឹកជញ្ជូន​យកទៅ​ចាក់ចោល​ទីលាន​សំរាម​ទំហំ​៤​ហិច​តា​។ រដ្ឋាភិបាល​កម្ពុជា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ បានដាក់​ចេញ​នូវ​អនុក្រឹត្យ​ថ្មី​មួយ​ស្ដីពី​«​ការគ្រប់គ្រង​សំរាម សំណល់​រឹង​នៅ​ទីប្រជុំជន​» ដែល​កំណត់​ឲ្យ​មានការ​ផាកពិន័យ​ជា​ប្រាក់​ចាប់ពី​១​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល និង​ប្ដឹង​ដល់​តុលាការ​ចំពោះ​ជន​ណា​ដែល​ចោល​សំរាម​មិនបាន​ត្រឹមត្រូវ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម