សង់​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​ប្រាំ​ពីរពាន់​ម៉ែត្រ​ត​ភ្ជាប់​ផ្លូវ​៧១C​ចេញពី​គល់ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ​

1447
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: ក្រុមហ៊ុន​ស៊ា​ង​ហៃ បាននិងកំពុង​ដំណើរកា​រ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ មួយ ខ្សែ​ដែលមាន​ទំហំ​ទទឹង ១៣ ម៉ែត្រ និង​បណ្តោយ​ប្រវែង​ប្រមាណ ៧.០០០ ម៉ែត្រ គឺ​ដើម្បី​ត​ភ្ជាប់​រវាង​គល់ស្ពាន​ខាង​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​ជាមួយ​ផ្លូវជាតិ​លេខ​៧១«C»​។ ខណ​:​ដែល​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ « ស្ទឹងត្រង់​-​ក្រូចឆ្មារ​»​សាងសង់​បាន​ប្រហែល​ជិត ៥០ ភាគរយ​នោះ​។​

សកម្មភាព​ក្រុមហ៊ុន​ស៊ា​ង​ហៃ សាងសង់​ផ្លូវ​គល់ស្ពាន​ស្ទឹងត្រង់ ក្រូចឆ្មារ ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៧១ សេ ខាង​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រវែង ៧.០០០ ម៉ែត្រ​។​

​លោក សុវណ្ណ​ថេត ឃួ​យ​ហាក់ ប្រធានការិយាល័យ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ស្រុក​ស្ទឹងត្រង់​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​ថា វេលា​នេះ​ក្រុមហ៊ុន​ប្រទេស​ចិន​ឈ្មោះ « ស៊ា​ង​ហៃ​» ដែលជា​ក្រុមហ៊ុន​កំពុងដំណើរការ​សង់ស្ពាន​« ស្ទឹងត្រង់​-​ក្រូចឆ្មារ​»​សព្វថ្ងៃ ក៏បាន និង​កំពុងដំណើរការ​កសាង​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ចេញពី គល់ស្ពាន​នេះ​ដែល​ស្ថិតក្នុង​បឹង​ដែង ឆ្ពោះទៅកាន់​កំណាត់​ផ្លូវជាតិ​លេខ ៧១ C ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង ខេត្តកំពង់ចាម​។​

​លោក​ប្រធានការិយាល័យ​បាន​ឲ្យ​ដឹង​ទៀតថា ផ្លូវ​ដែល​ខាង​ក្រុមហ៊ុន​កំពុង​ឈូសឆាយ ជីកដី ពង្រាប​ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ និង​សង់​ប្រព័ន្ធ​លូ​ជាច្រើន​កន្លែង​នេះ​មាន​ប្រវែង​ប្រហែល ៧.០០០ ម៉ែត្រ និង​ទំហំ​ទទឹង​ថ្នល់​១៣ ម៉ែត្រ​។ ដោយបាន​បើក​ដំណើរការ​សាងសង់​កាល​ពី​ខែកុម្ភ​: ឆ្នាំ​២០១៨ និង​បញ្ចប់​ការសាងសង់​ត្រឹម​ខែឧសភា ឆ្នាំ​២០២០ ពោល គឺ​ហើយ​រួចរាល់​ដំណាលគ្នា​ជាមួយ​ស្ពាន​« ស្ទឹងត្រង់​-​ក្រូចឆ្មារ​»​ដែរ​។​

​លោក សុវណ្ណ​ថេត ឃួ​យ​ហាក់ បាន​បន្តថា ងាក​មក​ស្ពាន​« ស្ទឹងត្រង់​-​ក្រូចឆ្មារ​»​វិញ​ម្តង មកដល់ពេលនេះ​ស្ថាបនា​បាន​ជិត ៥០ ភាគរយ​ហើយ​។ ដោយបាន​សាងសង់​ហើយ ក្បាលស្ពាន និង​សរសរ​ចំនួន ប្រាំមួយ ដើម​ខាង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ គឺ​នៅ​សរសរ​ចំនួន ប្រាំមួយ ដើម​ទៀត​ខាង​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​

​គួរ​បញ្ជាក់ថា ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ មាន​ទទឹង​ទំហំ ១៣,៥០ ម៉ែត្រ និង​បណ្តោយ​ប្រវែង ១.១៣១ ម៉ែត្រ ដែល​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង ៥៩​លាន ដុល្លារ​អាម៉េរិក​។ ស្ពាន​មួយ​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​ស៊ា​ង​ហៃ ប្រើប្រាស់​រយៈពេល ៤២ ខែ គិត​ចាប់ពី​ខែ​កម្ភៈ ឆ្នាំ​២០១៨ ដល់​ឆ្នាំ​ខែឧសភា ឆ្នាំ​២០២០៕

ទីតាំងផ្សាយពាណិជ្ជកម្ម