អាជ្ញាធរ​ខេត្តសៀមរាប អំពាវនាវ​ឲ្យ​រួមគ្នា​សំអាត​បរិស្ថាន ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

1269
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ដោយមាន​ការគាំទ្រ​ពី​អាជ្ញាធរ​ខេត្តសៀមរាប និង​អាជ្ញាធរ​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បាន​បើក​យុទ្ធនា​ការសំអាត​បរិស្ថាន ដើម្បី​ចូលរួម​អបអរសាទរ​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក នៅក្នុង​ខេត្តសៀមរាប ដែល​នឹង​ប្រព្រឹត្តទៅ​នៅតាម​ដងស្ទឹង​សៀមរាប នា​ថ្ងៃទី​២១ និង ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​

​លោក ទៀ សីហា អភិបាលរង​ខេត្ត បាន​បង្ហាញថា យុទ្ធនាការ​សម្អាត​បរិ​ស្ថាន​នាពេលនេះ មិន​ត្រឹមតែ​ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ឆ្លុះបញ្ចាំង និង​បង្ហាញ​ឲ្យ​ឃើញ ពី​ការស្រឡាញ់​បរិស្ថាន របស់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​ក្នុង​ខេត្តសៀមរាប​ផងដែរ ព្រោះថា បរិស្ថាន​ស្អាត បានរួម​ចំណែក​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​ខេត្តសៀមរាប ហេតុនេះ​អាជ្ញាធរ បាន​នឹង​កំពុង​ពង្រឹង និង​ពង្រីក​វិសាលភាព នៃ​ការ​បម្រើសេវា​ទេសចរណ៍​នានា​ក្នុង​ខេត្ត ឱ្យ​ស្របតាម​គោលនយោបាយ​ទេសចរណ៍ «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ​» ជាពិសេស ឱ្យ​សក្តិ​សមជា​ទីក្រុង​ទេសចរណ៍ វប្បធម៌​ប្រវត្តិសាស្ត្រ ដ៏​ល្បីល្បាញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅក្នុង​ពិភពលោក​។​

​លោក ទៀ សីហា មានប្រសាសន៍​ទៀតថា វិស័យ​ទេសចរណ៍​នេះ គឺជា​កម្លាំងចលករ​ជំរុញ​ដល់​ការរីកចម្រើន នូវ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ជាច្រើន ដូចជា​អាកាសយានដ្ឋាន ប្រព័ន្ធ​គមនាគមន៍ បណ្តាញ​ផ្លូវទឹក កំពង់ផែ ប្រព័ន្ធ​គ្រប់ គ្រង​ទឹកស្អាត អគ្គិសនី បណ្តាញ​ទូរគមនាគមន៍ សន្តិសុខ សុខ​សុវត្ថិភាព សុខុមាលភាព​សង្គម​។​ល​។​

ដូច្នេះ​នៅក្នុង​ឱកាស​នេះ សូម​អំពាវនាវ​ឱ្យ​បងប្អូន​ជា​ម្ចាស់​ស្តង់​លក់ទំនិញ ម្ចាស់​ទីតាំង​ប្រគុំ​តន្ត្រី និង​អ្នកលក់ដូរ​ចល័ត​ទាំងអស់ ដែល​នឹងចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ត្រូវមាន​ធុង ឬ​ថង់​សម្រាប់​ទុកដាក់​សំរាម របស់​បងប្អូន​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស ចំពោះ​បងប្អូន​ដែលជា​កីឡាករ កីឡាការិនី​ប្រណាំងទូក និង​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​មក​ចូលរួម​ទស្សនា​កំសាន្ត​ទាំងអស់ ក៏​សូម​មេត្តាជួយ​ថែរក្សា​អនាម័យ និង​បរិស្ថាន ដោយ​ត្រូវ​វេច​ខ្ចប់​ទុកដាក់​សំណល់​សំរាម​របស់ខ្លួន នៅក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម