ក្រុមហ៊ុន​បញ្ជា​ឱ្យ​ទិញ​បន្លែ​សរីរាង្គ​ពី​សហគមន៍​ដាំ​បន្លែ​គ្មាន​ជាតិគីមី​ជាយក្រុង​កំពង់ស្ពឺ កើនឡើង​ដល់​១១​ក្រុមហ៊ុន​

1671
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: សហគមន៍​ដាំ​បន្លែ​គ្មាន​ជាតិគីមី ខេត្តកំពង់ស្ពឺ នឹង​បង្កើន​សមាជិក និង​ពង្រីក​ផ្ទៃដី​ដើម្បី​ដាំ​បន្លែ​សរីរាង្គ ចាប់ពីពេលនេះ​រហូតដល់​ចុងឆ្នាំ​២០១៨ ដើម្បី​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​ចំនួន​១១ ដែល​បាន​បញ្ជា​ទិញ​។​

​លោកស្រី យូ លន់ ប្រធាន​សហគមន៍​កសិក​ម្ម​បន្លែ​ចំរុះ​ជាយក្រុង​កំពង់ស្ពឺ​បានឱ្យ​រស្មី​កម្ពុជា​ដឹងថា បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​ចំនួន​៣​ផ្សេងទៀត បាន​បញ្ជា​ទិញ​បន្លែ​សរីរាង្គ​ពី​សហគមន៍​របស់លោក​ស្រី ខណៈ​កាលពីដើមឆ្នាំ​២០១៨ មានតែ​៩​ក្រុមហ៊ុន​ប៉ុណ្ណោះ​។ ក្រុមហ៊ុន​ទាំង​៣​នេះ មាន​ក្រុមហ៊ុន​ភូមិ​កសិករ​ធម្មជាតិ ក្រុមហ៊ុន​អា​អ៊ី​និង​ក្រុមហ៊ុន តារា​នៅ​រាជធានី​ភ្នំពេញ​ដែល​បាន​បញ្ជា​ទិញ​បន្លែ​សរីរាង្គ​នៅ​រៀងរាល់ថ្ងៃ​អង្គារ ថ្ងៃ​ព្រហស្បតិ៍ សៅរ៍ និង​អាទិត្យ​។​

​លោកស្រី​បន្តថា​ចាប់ពីពេលនេះ​រហូតដល់​ចុងឆ្នាំ​២០១៨​នេះ សហគមន៍​នឹង​ពង្រីក​ផ្ទៃដី​ដាំ​បន្លែ​បន្ថែមទៀត​និង​បង្កើន​បរិមាណ​សមាជិក ដើម្បី​ផលិត​បន្លែ​ឲ្យ​គ្រប់គ្រាន់ បំពេញ​តាម​ការបញ្ជាទិញ​របស់​ក្រុមហ៊ុន​ទាំង​ចំនួន​១១​នេះ​។ ក្នុងនោះ នៅ​រាជធានី​ភ្នំពេញ​ចំនួន​ចំនួន​៨​ក្រុមហ៊ុន​ន​ខេត្តសៀមរាប​មាន​ចំនួន​២​ក្រុមហ៊ុន​និង​ន​ខេត្ត​ព្រះសីហនុ​មាន​១​ក្រុមហ៊ុន​។​

​លោកស្រី បាន​បញ្ជាក់ថា​ឆ្នាំ​២០១៨​នេះ ប្រជាកសិករ​នៅក្នុង​សហគមន៍​ដែល​ប្រកប​មុខរ​ដាំ​បន្លែ​គ្មាន​ជាតិគីមី​នេះ មាន​ចំនួន​១១៥​គ្រួសារ​រស់នៅ​ក្នុងស្រុក​ចំនួន​៤​ក្នុង​ខេត្តកំពង់ស្ពឺ​រួមមាន​ស្រុក​សំរោង​ទង ស្រុក​ភ្នំស្រួច ស្រុក​ឱ​រ៉ា​ល់ និង​ក្រុង​ច្បារមន បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៧​គឺ​កើនឡើង ប្រមាណ​៣​ភាគរយ និង​បង្កើត​ផ្ទៃដី​បន្ថែមចំនួន​១០​ហិកតា​ទៀត​នៅក្នុង​ស្រុក​ភ្នំស្រួច​និង​ស្រុក​ឱ​រ៉ា​ល់​។ បន្លែ​ដែល​សហគមន៍​ដាំ​បាន​
​សព្វថ្ងៃនេះ​មាន​ចំនួន​២៤​ប្រភេទ ក្នុងនោះ​ប្រភេទ​បន្លែ​ស្លឹក​មាន​១០​ប្រភេទ និង​ប្រភេទ​បន្លែ​ផ្លែ​មាន​ចំនួន​១៤​ប្រភេទ​។ ប្រភេទ​បន្លែ​ស្លឹក​ក្នុង​១​គីឡូ​តម្លៃ​ពី​៤​ពាន់​ទៅ​៥​ពាន់​រៀល និង​ប្រភេទ​បន្លែ​ផ្លែ​ក្នុង​មួយ​គីឡូ​តម្លៃ​ពី​៤​ពាន់​ទៅ​៦​ពាន់​រៀល​។ តម្លៃ​នេះ​ឡើង​ចុះ​ទៅតាម​រដូវ​កាល នៃ​ការដាំដុះ​។ បន្លែ​គ្មាន​ជាតិគីមី​ទាំងអស់នេះ ត្រូវបាន​យកទៅលក់​ឲ្យ​ក្រុមហ៊ុន​ទាំង​១១ នៅ​រាជធានី​ភ្នំពេញ​ក្នុង​មួយ​សប្តាហ៍​ចំនួន​៣​ដង គឺ​រៀងរាល់ថ្ងៃ​ចន្ទ ថ្ងៃ​ពុធ និង​ថ្ងៃ​សុក្រ​។ ក្នុង​មួយ​លើកៗ ពី​៤០០​ទៅ​៥០០​គីឡូក្រាម​ក្នុងនោះ ប្រភេទ​បន្លែ​ស្លឹក​មាន​ចាប់ពី​២៦០​ទៅ​២៧០​គីឡូក្រាម​។

​ប្រជាកសិករ​នៅក្នុង​សហគមន៍​ចំនួន​១១៥​គ្រួសារ​លក់​បន្លែ​ក្នុង​មួយ​សប្តាហ៍​បាន​ចំនួន​៣​ដង​ក្នុង​មួយដង​បាន​ថវិការ​ចំណូល​ចូលក្នុង​គ្រួសារ​ចាប់ពី​១៥​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន រៀល​អាចជួយ​ដោះស្រាយ​ជី​វិភាព​ក្នុង​គ្រួ​សារបាន​សមរម្យ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម