មនុស្ស​ជាង ២​ម៉ឺន​នាក់ ចូលរួម​អបអរ​បុណ្យអុំទូក​នៅ​ខេត្តស្ទឹងត្រែង​

1382
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: យ៉ាងហោចណាស់​មាន​មនុស្ស​ប្រមាណ​ជាង​ពីរម៉ឺន​នាក់ បាន​ចូលមក​ទស្សនា​ការប្រណាំង​ទូក នៅក្នុង​ខេត្តស្ទឹងត្រែង​។ ពិធី​ប្រណាំង​ទូកង នៅលើ​ផ្ទៃ​ទឹក ដង​ទន្លេសេកុង មុខ​ទី​រួម​ខេត្តស្ទឹងត្រែង ប្រព្រឹត្តទៅ​រយៈពេល 3 ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១៩ ២០ និង ២១ ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​គេ​ឃើញ​មាន​ទេសចរ​ជាតិ និង​អន្តរជាតិ រួមជាមួយ​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​ដែនដី​ជាង​២​ម៉ឺន​នាក់ បាននាំគ្នា​ចូលមក​ទស្សនា ការប្រណាំង​ទូក បណ្តែត ប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​បានរៀបចំ​ធ្វើឡើង ដោយ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង ក្រោម​ការអញ្ជើញ​ចូលរួម​ជា​អធិបតី ពី​អភិបាលខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ឈឹម រចនា អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង លោក ឡូយ សុផាត និង​មានការ​ចូលរួម​ពី​មន្ត្រី​រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព កងកម្លាំង​ទាំង​៣ រួម​នឹង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ដោយមាន​ការដាក់​ពង្រាយ កងកម្លាំង​ការពារ​នៅ​គ្រប់​ច្រកល្ហក ដើម្បី​រឹតបន្តឹង​ផ្នែក​សន្តិសុខ និង​រៀបចំ​សណ្តាប់ធ្នាប់​បាន​យ៉ាង​ប្រសើរ ថែម​ទៀតផង​។​សូមជម្រាបថា ខេត្តស្ទឹងត្រែង បាន​សម្រិតសម្រាំង​យក​ទូក «​ង​» មួយគ្រឿង​រួចជាស្រេច មាន​ឈ្មោះថា «​សេកុង​សែន​ជ័យ​បារមី​ព្រះអង្គ​ធំ​» ទូក​ផ្ទុក​កីឡាករ​ចំនួន​៨០​នាក់ ដើម្បី​នាំយកទៅ​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ពិធី​ប្រណាំងទូក « ង » នៅ​ថ្ងៃ​បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ រយះពេល​៣​ថ្ងៃ នៅមុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ ៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម