អូប័រ​ចំនួន​១៩​គ្រឿង​, សមត្ថកិច្ច​ជិត​១០០​នាក់ ត្រៀម​សង្គ្រោះ​កីឡាករ​អុំទូក​

1799
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អូប័រ​ចំនួន ១៩​គ្រឿង និង​កម្លាំង​សមត្ថកិច្ច​ជិត ១០០​នាក់ នៅលើ​ផ្ទៃ​ទឹក បាន​ត្រៀម​រួចជាស្រេច​ដើម្បី​ការពារ សង្គ្រោះ​ប្រជា​ពល ជាពិសេស​កីឡាករ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីព សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជុំ សា​វុ​ឌ្ឍ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជុំ សា​វុ​ឌ្ឍ បាន​បញ្ជាក់ថា កងកម្លាំង​ការពារ​លើ​ផ្ទៃ​ទឹក​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ សហការគ្នាជាមួយ​កម្លាំង​កងទ័ពជើងទឹក និង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ត្រៀម​ឧបករណ៍​សង្គ្រោះ​ជាច្រើន​ដល់​កីឡាករ​អុំទូក នៅពេលដែល​ពួកគាត់​មាន​បញ្ហា​អ្វី​កើតឡើង​។ បុណ្យអុំទូក​ឆ្នាំនេះ គឺ​បាន​ប្រព្រឹត្តិ​ទៅ​ធំ​ជាង​ឆ្នាំមុនៗ ដោយសារ​ឆ្នាំនេះ​ចំនួន​ទូក និង​កីឡាករ​រួមទាំង​ប្រទីប មានការ​កើនឡើង ដូច្នេះ​កម្លាំង​ការពារ​ក៏​នឹងត្រូវ​បង្កើន​តាម​ហ្នឹង​ដែរ ដើម្បី​ការពារ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​ជូន​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​។​
​ជាមួយគ្នានេះ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ បាន​ប្រាប់​ដល់​កម្លាំង​ការពារ​លើ​ផ្ទៃ​ទឹក​ទាំងអស់​ត្រូវ​ត្រៀម​សម្ភារៈ​គ្រប់ពេល ដើម្បី​ការពារ និង​សង្គ្រោះ​កីឡាករ​ទូក​ឲ្យ​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ទទួលខុសត្រូវ​ខ្ពស់បំផុត​ពេលដែល​ពួកគេ​មាន​បញ្ហា​។​

​សូមបញ្ជាក់ថា​នៅ​ក្នុងឱកាស​បុណ្យអុំទូក​បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំនេះ ក្រសួងមហាផ្ទៃ​បាន​ត្រៀម​កម្លាំងចម្រុះ ទាំង​ចំហរ និង​សម្ងាត់ ជាង​មួយ​ម៉ឺន​បី​ពាន់​នាក់ សម្រាប់​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ខណៈ​ទូក​អុំ​មានការ​កើនឡើង​រហូត​ដល់​២៩៥​ទូក និង​កីឡាករ​ជិត​ពីរម៉ឺន​នាក់​។​

​យ៉ាងណាក៏ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជុំ សា​វុ​ឌ្ឍ​បាន​ប្រាប់​ដល់​កម្លាំង​ការពារ​លើ​ផ្ទៃ​ទឹក​ទាំងអស់​ត្រូវ​ត្រៀម​សម្ភារៈ​គ្រប់ពេល ដើម្បី​ការពារ​និង​សង្គ្រោះ​កីឡាករ​ទូក​ឲ្យ​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ទទួលខុសត្រូវ​ខ្ពស់បំផុត​ពេលដែល​ពួកគេ​មាន​បញ្ហា​អ្វី​ជាដើម​នោះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម