សហភាព​អឺរ៉ុប ឧបត្ថម្ភ​ទូក​ចែវ​នារី​ឈ្មោះ «​ព្រះ​ពៃ​ស្រ​ពណ៌​» មកពី​ខេត្តកំពុងឆ្នាំង​

1110
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ ដែល​ប្រារព្ធ​ធ្វើឡើង​ក្នុង​រាជធានី​ភ្នំពេញ ចាប់​ថ្ងៃទី​២១ ដល់​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​បាន​ឧបត្ថម្ភ​ទូក​ចែវ​នារី​មួយគ្រឿង​ឈ្មោះ «​ព្រះ​ពៃ​ស្រ​ពណ៌​»​មកពី​ខេត្ត​កំពង់​ឆ្នាំ ដោយ​ឧបត្ថម្ភ​ការ​ស្នាក់នៅ និង​ការហាត់​សម​របស់​ទូក​ក្នុងពេល​ប្រកួត​ផងដែរ​។​


​ចំពោះ​ការឧបត្ថម្ភ​របស់​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​នេះ ដោយបាន​ផ្តល់​ជា​សម្ភារៈ និង​អាហារ​សម្រាប់​ក្រុម​កីឡាករ​ទូក​ចែវ​នារី ឈ្មោះ​ព្រះ​ពៃ​ស្រ​ពណ៌ ដោយមាន​កីឡាករ​នារី​ចំនួន ៤២​នាក់ មកពី​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​។​

​បញ្ជាក់​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៨​លោក​ឯកអគ្គរដ្ឋទូត George Edgar ប្រធាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បានឱ្យដឹងថា ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់ មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សហភាព​អឺរ៉ុប មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង ដែល​បាន​គាំទ្រ​ប្រពៃណី​វប្បធម៌ ដ៏​សំខាន់​នេះ​របស់​ប្រទេស​កម្ពុជា ព្រមទាំង​កិច្ចខិតខំ​ប្រឹងប្រែង​នានា ដើម្បីឱ្យ​ស្ត្រី​នៅ​មូលដ្ឋាន​ក្នុងប្រទេស​កម្ពុជា​បាន​ចូលរួម ការអភិវឌ្ឍ​ដើម្បី​ភាពស្មើគ្នា​ក្នុងសង្គម​។​

​ទាក់ទិន​ក្នុង​ពិធីបុណ្យ​អុំទូក​នេះដែរ​លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បានឱ្យដឹង​បន្ថែមថា​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ផងដែរ នៅក្នុង​វប្បធម៌​របស់​ប្រទេស​កម្ពុជា ហេតុនេះ ព្រះរាជ​ពិធី​នេះ មាន​សារៈសំខាន់​ជាពិសេស​សម្រាប់​យើង​នៅ​ឆ្នាំនេះ ពីព្រោះថា ឆ្នាំនេះ​ត្រូវបាន​ជ្រើសរើស​ជា​ឆ្នាំ នៃ​កេរដំណែល​វប្បធម៌​អឺរ៉ុប ហើយ​ព្រះ​រាជពិធី​នេះ គឺជា​ព្រឹត្តិការណ៍​វប្បធម៌ ប្រចាំឆ្នាំ​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា ដោយ​ទាក់ទាញ​មនុស្ស​រាប់លាន​នាក់មក​រាជធានី​ភ្នំពេញ​។ ផ្នែក​មួយ​នៃ​ការឧបត្ថម្ភ​របស់​សហ​ភាព​អឺរ៉ុប យើង​ក៏​ឆ្លៀត​យក​ឱកាស​ដ៏​ពិសេស​នេះ ដើម្បី​ជួយ​ផ្សព្វផ្សាយ​សារ អំពី​អំពើហិង្សា​លើ​ស្ត្រី និង​កុមារី​។ អាវយឺត​ដែល​ពាក់​ដោយ​កីឡាករ​នារី មាន​សារ​សរសេរថា «​និយាយថា​ទេ ចំពោះ​អំពើហិង្សា​លើ​ស្ត្រី​»​។​

​លោក​បាន​បញ្ជាក់ដែរថា​យើង​មាន​មោទនភាព​គាំទ្រ​គម្រោង​នានា​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាជន​កម្ពុជា​។ គម្រោង​នានា​ដែល​ឧបត្ថម្ភ​ដោយ​សហភាព​អឺរ៉ុប ចាប់ពី​វិស័យ​នេសាទ អប់រំ កសិកម្ម ការប្រែប្រួល​អាកាសធាតុ ជំនួយ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម រហូតដល់​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ និង​សិទ្ធិមនុស្ស កំពុងតែ​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ផងដែរ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ