រដ្ឋមន្ត្រី ថោង ខុន​៖ ថ្ងៃទី​មួយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ភ្ញៀវ​បរទេស​ជាង​៣​ពាន់​នាក់ បាន​ចូល​ទស្សនា​លើ​វេទិកា​ក្រសួងទេសចរណ៍

908
ចែករម្លែក

​ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែងថា នា​ល្ងាច​ថ្ងៃទី​២១ ខែវិច្ឆិកា​នេះ​ថា នៅ​ថ្ងៃ​ទីមួយ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជាង ៣,០០០​នាក់ បាន​ចូលរួម​ទស្សនាការ​ប្រណាំងទូក និង​ពិធី​បណ្ដែតប្រទីប នៅលើ​វេទិកា​របស់​ក្រសួងទេសចរណ៍ ប្រកបដោយ​ភាពសប្បាយ​រីករាយ​។​

​គួរ​បញ្ជាក់ថា ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក នា​ឆ្នាំ​២០១៨​នេះ ក្រសួងទេសចរណ៍ តែងតែបាន​រៀបចំ​វេទិកា​ធំ​មួយ​នៅខាងមុខ​ព្រះបរមរាជវាំង (​ជាប់មាត់​ទន្លេ​) ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស ដែល​ចូលរួម​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក ក៏ដូចជា​ទស្សនាការ​ប្រណាំង​ទូក និង​ពិធី​បណ្ដែតប្រទីប​ជាដើម​។ នៅលើ​វេទិកា​នេះ មាន​បម្រើ​សេវាកម្ម​ទឹកបរិសុទ្ធ និង​ភេសជ្ជៈ​នានា​ដោយ​ឥតគិតថ្លៃ ហើយ​មានការ​បកប្រែ​ជា​បី​ភាសា ទាំង​ផ្ទាល់មាត់​ផង និង​ឧបករណ៍​ស្ដាប់​នឹង​ត្រចៀក​ផង (​កាស​) ជូន​ភ្ញៀវ​បរទេស ដូចជា​ភាសា​អង់គ្លេស ភាសា​បារាំង និង​ភាសា​ចិន​។ ភ្ញៀវទេសចរ​ក៏​ទទួលបាន​នូវ​ឯកសារ​ផ្សព្វផ្សាយ​ស្ដីពី​ទេសចរណ៍ និង​សម្ភារ​ផ្សព្វផ្សាយ​មួយចំនួនទៀត​ផងដែរ​។​

​ក្រោយ​បញ្ចប់​ពិធី​បណ្ដែតប្រទីប នា​រាត្រី​ថ្ងៃ​ទីមួយ ត្រូវ​នឹង​ថ្ងៃទី​២១ ខែវិច្ឆិកា​នេះ​ភ្លាម លោក​រដ្ឋមន្ត្រី​បាន​បន្ត​ចុះ​មកជួប​សំណេះសំណាល​ជាមួយ​ភ្ញៀវទេសចរ​បរទេស ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ភ្លាមៗ​ដែរ ដោយ​ក្នុងនោះ​ភ្ញៀវទេសចរ​បានបញ្ជាក់​ប្រាប់​លោក​រដ្ឋមន្ត្រី​ថា ពួកគេ​ពិតជា​មានការ​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ហើយ​ពួកគេ​បាន​បញ្ជាក់ថា ពួកគេ​នឹង​ពាំនាំ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នាឱកាស​នេះ ទៅ​ផ្សព្វផ្សាយ​ប្រាប់​សាច់ញាតិ ក៏ដូចជា​មិត្តភក្តិ​របស់ខ្លួន ឱ្យបាន​យល់ច្បាស់​ពី​សភាពការណ៍​ពិត​ក្នុងប្រទេស​កម្ពុជា ដែល​ពោរពេញ​ទៅដោយ​សន្តិភាព សន្តិសុខ ស្ថិរភាព និង​ផលិតផល​ទេសចរណ៍​ល្អៗ​ជាច្រើន​សម្បូរបែប តួយ៉ាង​ដូចជា​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​ជាដើម​។

​ក្រោយមកទៀត លោក​បាន​ស្ដាប់​នូវ​ការរាយការណ៍​របស់​ម​ន្ត្រី ហើយ ខណៈ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាច្រើន​សិប​ម៉ឺន​នាក់ បានមក​ចូលរួម​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក ភ្ញៀវទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​ជាជាង ៣​ពាន់​នាក់ ក៏​បានមក​ទស្សនា​លើ​វេទិកា​នៅ​មាត់ទន្លេ ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​ផងដែរ ក្នុងនោះ​មានដូចជា​ភ្ញៀវ​ជនជាតិ​បារាំង អង់គ្លេស ប៉ូឡូញ រុស្ស៊ី អេស្បាញ អាល្លឺម៉ង់ អាមេរិក ចិន កូរ៉េ ជប៉ុន ឥណ្ឌា វៀតណាម ហើយ​ក៏មាន​ភ្ញៀវ​មកពី​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ផងដែរ​។

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ជា​ទិដ្ឋភាព​ជាក់ស្ដែង ឃើញថា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ចូលរួម​ទស្សនា​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ មាន​ភាពសប្បាយ​រីករាយ ទឹកមុខ​ញញឹម​ស្រស់ស្រាយ​គ្រប់គ្នា​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ ភ្ញៀវទេសចរ​បរទេស​ទាំងនោះ ក៏បាន​មើលឃើញ​នូវ​ទិដ្ឋភាព​ផ្ទាល់​ភ្នែក​មួយទៀត​នៅក្នុង​ប្រទេស​កម្ពុជា នោះ​គឺ​ដើមចម​នៃ​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​រៀងរាល់​ឆ្នាំនេះ គឺ​សបញ្ជាក់​ឱ្យឃើញថា ប្រទេស​កម្ពុជា​ពិតជា​មាន​សុខសន្តិភាព ស្ថិរភាព​ពេញលេញ មានការ​អភិវឌ្ឍ​សម្បូរ​សប្បាយ​ពិតមែន​។ ទិដ្ឋភាព​ដ៏​ម​ហោ​ស្ចា​រ្យ​នៃ​ព្រះ​ពិធីបុណ្យ​អុំទូក​នេះ មិនដែល​មាន​ឡើយ​នៅក្នុង​ប្រទេស​របស់​ពួកគេ​។​

​ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី​បានផ្ដល់​កិត្តិយស​ថតរូប​ទុកជា​អនុស្សាវរីយ៍​ជាមួយ​ភ្ញៀវទេសចរ​ជាច្រើន​នាក់​ផងដែរ ដោយ​ទិដ្ឋភាព​នាពេលនោះ​ពោរពេញ​ដោយ​ភាពស្និទ្ធស្នាល និង​សប្បាយរីករាយ ពិសេស​លោក ថោង ខុន ថែមទាំង​បាន​អំពាវនាវ​ប្រាប់​ភ្ញៀវទេសចរ​ទាំងនោះ​ថា «​សូមជួយ​ផ្សព្វផ្សាយ​បន្ថែម​ពី​សភាពការណ៍​ពិត​នៅ​កម្ពុជា ពី​ផលិតផល​ទេសចរណ៍​ដ៏​សម្បូរបែប ដូចជា​ព្រឹត្តិការណ៍​ទេសចរណ៍ វប្បធម៌ និង​ប្រពៃណី​នៃ​ពិធី​បុណ្យអុំទូក​ដ៏​ល្អ​ឯក​នេះ​, កម្ពុជា​ស្វាគមន៍​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍ ដែលមាន​បំណង​ចង់​មក​ទស្សនា​កម្សាន្ត​នៅទីនេះ​»៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ