អាមេរិក​និង​កូរ៉េខាងត្បូង​បន្ថយ​ទំហំ​នៃ​សមយុទ្ធ​យោធា​ដើម្បី​សម្រួល​ដល់​កិច្ច​ការទូត​

1029
ចែករម្លែក

រដ្ឋមន្រ្តីការពារជាតិអាមេរិកលោកជីម ម៉ាតទីត បាននិយាយកាលពីថ្ងៃពុធថា អាមេរិកនិងកូរ៉េខាងត្បូងនឹងបន្ថយទំហំនៃសមយុទ្ធយោធារួមមួយដែលគ្រោងធ្វើនៅឆ្នាំ២០១៩ ដើម្បីសម្រួលដល់កិច្ចពិភាក្សានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង។

ម៉ាតទីសបាននិយាយដូច្នេះថា« សមយុទ្ធFoal Eagleនឹងត្រូវបានរៀបចំឡើងវិញអោយស្ថិតនៅត្រឹមកំរិតមួយដែលនឹងមិនប៉ះពាល់ដល់កិច្ចការទូត។វានឹងត្រូវបន្ថយទំហំ»។

កងកម្លាំងអាមេរិកនិងកូរ៉េខាងត្បូងបានធ្វើការហ្វឹកហាត់រួមគ្នាអស់ពេលរាប់ឆ្នាំមកហើយ និងតែងហាត់សមគ្រប់យ៉ាងចាប់តាំងពីការបុកច្រាំងឡើងគោករហូតដល់ការទប់ទល់នឹងការវាយលុកចូលមកពីខាងកូរ៉េខាងជើង និងការវាយប្រហារលើរបបកូរ៉េខាងជើង។

រដ្ឋមន្រ្តីការពារជាតិអាមេរិក ជីម ម៉ាតទីស បាននិយាយថាសមយុទ្ធFoal Eagleនឹងត្រូវបន្ថយទំហំមកនៅត្រឹមកំរិតមួយដែលនឹងមិនប៉ះពាល់ដល់កិច្ចការទូត។

សូមបញ្ជាក់ថា ការប្រមាថផ្ទាល់ខ្លួននិងការគំរាមបញ្ឆេះសង្រ្គាមរវាងប្រធានាធិបតីអាមេរិកនិងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ត្រូវបានជំនួសមកវិញនូវការត្រូវរ៉ូវគ្នាខាងការទូតដ៏គំហុកកាលពីឆ្នាំមុន។ការជានានឹងគ្នានេះត្រូវបានសំគាល់ដោយជំនួបកំពូលជាប្រវត្តិសាស្រ្តមួយនៅសិង្ហបុរីកាលពីខែមិថុនា ដោយនៅទីនោះមេដឹកនាំអាមេរិកនិងកូរ៉េខាងជើងបានចុះហត្ថលេខាលើឯកសារស្តីពីការរំសាយចោលសព្វាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសេអ៊ូលចាប់តាំងពីពេលនោះមកបានផ្អាកការធ្វើសមយុទ្ធធំៗរួមគ្នា រួមមានសមយុទ្ធUlchi Freedom Guardian កាលពីខែសីហានិងVigilant Aceនៅខែក្រោយ។តែទោះជាយ៉ាងណា វាមានការរីកចំរើនតិចតួចណាស់នៅក្នុងដំណើរការចរចានេះ ដោយអាមេរិកជំរុញបន្តដាក់ទណ្ឌកម្មលើកូរ៉េខាងជើងហើយកូរ៉េខាងជើងថ្កោលទោសការទាមទាររបស់អាមេរិកថា«ធ្វើចរិតដូចក្រុមបងធំ»និងចង់បានការបន្ថូរបន្ថយទណ្ឌកម្មហើយបានគំរាមវិលទៅរកគោលនយោបាយស្ថាបនាសព្វាវុធនុយក្លេអ៊ែរជាថ្មីវិញ៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម