សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩ រវាង​កងទ័ព​កម្ពុជា​-​ចិន នឹងធ្វើ​នៅក្នុង​ខែមីនា​ខាងមុខ

1263
ចែករម្លែក
  • 197
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ថ្លែង​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា​នេះ​ថា សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩ ជា​ទ្រង់ទ្រាយ​ធំ​រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន នឹង​ប្រព្រឹត្ត​ទៅនា​អំឡុង​ខែមីនា ឆ្នាំ​២០១៩ ខាងមុខនេះ នៅ​ទីលាន​បាញ់​គ្រាប់​ពិត​តេ​ជោ​សែន​ជ័យ ស្ថិតនៅក្នុង​ស្រុក​ជុំ​គិរី ខេត្តកំពត​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ (រូបឯកសារ)

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ចំពោះ​ការកំណត់​ថ្ងៃ​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩ គឺ​នៅ​មិនទាន់​កំណត់​ទេ ប៉ុន្តែ​ធ្វើ​នៅ​ខែមីនា ឆ្នាំ​២០១៩ ខាងមុខនេះ​។ ហើយ​កម្មវិធី​លម្អិត​នៃ​ការធ្វើ​សមយុទ្ធ​នាគ​មាស​នេះ ទាល់​ទេ​អគ្គបញ្ជាការ និង​ទីចាត់ការ​ហ្វឹកហ្វឺន​អគ្គបញ្ជាការ​ធ្វើការ​ជាមួយ​ចិន​សិន​”​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទីតាំង​សម្រាប់​ត្រៀម​ធ្វើ​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩ រវាង​កងទ័ព​កម្ពុជា និង​ចិន នៅ​ទីលាន​បាញ់​គ្រាប់​ពិត​តេ​ជោ​សែន​ជ័យ ស្រុក​ជុំ​គិរី ស្ថិតនៅក្នុង​ខេត្តកំពត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៧០ ព្រមទាំង​ឧត្ដមសេនីយ៍ ជា​តំណាង​អង្គភាព​ចំណុះ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ជាច្រើនរូប​ទៀត​។​

​សូមជម្រាបថា សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨ រវាង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន បានធ្វើ​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីលាន​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត កងពលតូច​ថ្មើ​ជើង​លេខ​៧០ ភ្នំ​ធំ​ម្រះព្រៅ ស្ថិតក្នុង​ភូមិ​ថ្លុក​ដូន​ស ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម