ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Nissan បណ្តេញ​លោក​ហ្គោ​សិន​ចេញពី​តំណែង​ប្រធាន បន្ទាប់ពី​ការចាប់ខ្លួន​លោក​ពីបទ​កិបកេង​លុយ​ក្រុមហ៊ុន​

1002
ចែករម្លែក

​ក្រុមហ៊ុន Nissan Motor Co. បាន​បណ្តេញ​លោក កា​ឡូ​ស ហ្គោ​សិន (Carlos Ghosn) ចេញពី​តំណែង​ប្រធាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​វិច្ឆិកា ដោយ​បិទ​បញ្ចប់​នូវ​ការកាន់កាប់​ជិត​២​ទសវត្សរ៍​របស់​នាយ​ក​ប្រតិបត្តិ​ដ៏​មាន​ឥទ្ធិពល​រូបនេះ​នៅ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន បន្ទាប់ពី​ការចាប់ខ្លួន​លោក​ដោយសារតែ​រឿងអាស្រូវ​ខាង​ហិរញ្ញវត្ថុ​។​

​ក្រុមហ៊ុន Nissan បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្នុង​កិច្ចប្រជុំ​រយៈពេល​ច្រើន​ម៉ោង ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​បាន​បោះឆ្នោត​ជា​ឯកច្ឆ័ន្ទ​ដើម្បី​បណ្តេញ​លោក​ហ្គោ​សិន​ចេញពី​តំណែង​ប្រធាន និង នាយក​តំណាង​។ ក្រុមហ៊ុន​នេះ​បាន​និយាយថា ការស៊ើបអង្កេត​ផ្ទៃក្នុង​របស់ខ្លួន ដែល​ទទួល​តម្រុយ​ពី​អ្នក​ទម្លាយ​រឿង​សម្ងាត់​ម្នាក់ បាន​រកឃើញ​មាន​កំហុស​ធ្ងន់ធ្ងរ រួមទាំង ការរាយការណ៍​បំបាត់​ប្រាក់ចំណូល និង​ការប្រើប្រាស់​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​មិន​ត្រឹមត្រូវ​។​

​វា​ជាការ​ធ្លាក់ចុះ​គួរឱ្យភ្ញាក់ផ្អើល​មួយ​សម្រាប់​ជន​ល្បី​បំផុត​មួយរូប​នៅក្នុង​ឧស្សាហកម្ម​រថយន្ត​។ លោក​ហ្គោ​សិន​បាន​ជួយ​ជំរុញឱ្យមាន​ការ​ស្ទុះ​ងើបឡើង​វិញ​ទាំង​នៅ​ក្រុមហ៊ុន​បារាំង Renault SA និង​នៅ​ក្រុមហ៊ុន Nissan ហើយ​បន្ទាប់មក​អាចបង្កើត​សម្ព័ន្ធភាព​រវាង​ក្រុមហ៊ុន​ទាំង​២ ដែល​បាន​លក់​រថយន្ត​ចំនួន ១០,៦ លាន​គ្រឿង​កាលពី​ឆ្នាំមុន ដោយ​យកឈ្នះ​គ្រប់​គូប្រជែង​របស់ខ្លួន​។​

​ក្រុមហ៊ុន Renault នៅ​កំពុង​ប្រឹង​ងើប​ទាំង​ត្រដរ​នៅឡើយ​ទេពី​ការចាប់ខ្លួន​លោក​ហ្គោ​សិន​កាលពី​ថ្ងៃ​ចន្ទ ទី​១៩​វិច្ឆិកា ហើយ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​ក៏​នៅ​មិនទាន់​ងើបឡើង​វិញ​ដែរ​។ ប្រធានស្តីទី​របស់ខ្លួន គឺ​នាយក​ប្រតិបត្តិ​រង លោក ធៀ​រី បូល​ល័​រ បាន​និយាយ​ជា​សាធារណៈ​ជា​លើកដំបូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ចាប់តាំងពី​លោក​ហ្គោ​សិន​ត្រូវបាន​បញ្ឈប់​សកម្មភាព ហើយ​បាន​ព្យាយាម​រំងាប់​អារម្មណ៍​ទីផ្សារ អ្នកទិញ​រថយន្ត និង​និយោជិត​របស់លោក ដោយ​សន្យា​បន្តសកម្មភាព​របស់​ក្រុមហ៊ុន​។​

​នៅក្នុង​វីដេអូ​មួយ​បញ្ចេញ​ដោយ​ក្រុមហ៊ុន Renault លោក​បូល​ល័​រ​បាន​និយាយថា ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​នៅតែមាន​គម្រោង​ចេញ​ម៉ូ​ដែល​ថ្មីៗ​ជាច្រើន​ទៀត​នៅ​ឆ្នាំក្រោយ​។ ដោយ​ទទួលស្គាល់ “​ស្ថានភាព​ជាក់ស្តែង​” ដែល​ក្រុមហ៊ុន​កំពុង​ជួបប្រទះ លោក​បាន​សន្យា “​ប្តេជ្ញាចិត្ត​ពេញទំហឹង​” ចំពោះ​កម្មករនិយោជិត​របស់​ក្រុមហ៊ុន Renault ចំនួន ១៨០.០០០ នាក់ ដៃគូ និង​អតិថិជន​។ ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Renault បានសម្រេច​ចិត្ត​មិន​បណ្តេញ​លោក​ហ្គោ​សិន​នោះទេ ប៉ុន្តែ​ជំនួស​មកវិញ​បានតែងតាំង​ថ្នាក់ដឹកនាំ​បណ្តោះអាសន្ន​។​

​រដ្ឋាភិបាល​បារាំង​ដែលមាន​ភាគហ៊ុន​ចំនួន ១៥ ភាគរយ​នៅ​ក្រុមហ៊ុន Renault ក៏មាន​ការព្រួយបារម្ភ​ផងដែរ​។ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បារាំង លោក ព្រូ​ណូ ឡឺ​មែរ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ប្រទេស​បារាំង​មិនទាន់​ទទួលបាន​ព័ត៌មាន​ពី​ប្រទេស​ជប៉ុន​អំពី​អ្វីដែល​លោក​ហ្គោ​សិន​ត្រូវបាន​ចោទប្រកាន់​នោះទេ និង​បាន​ទទូច​ឱ្យមាន “​ការគោរព​ចំពោះ​ការសន្និដ្ឋាន​អំពី​ភាព​គ្មាន​ទោស​”​។​

​ថ្លែង​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន AP លោក​ឡឺ​មែរ​បាន​និយាយថា “​ចលាចល​នេះ​មិនគួរ​ធ្វើឱ្យ​ទន់ខ្សោយ​” សម្ព័ន្ធភាព​រវាង Renault-Nissan ឬ ការងារ​រាប់សិប​ពាន់​របស់ខ្លួន​នោះទេ​។

​ក្រុមហ៊ុន Nissan បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​ដាក់ជូនទៅ​ផ្សារ​ហ៊ុន​តូ​ក្យូ​ថា ការស៊ើបអង្កេត​របស់​ខ្លួន​បាន​រកឃើញ​ការប្រើប្រាស់​ខុស​នូវ​មូលនិធិ​វិនិយោគ​របស់​ក្រុមហ៊ុន និង ការ​ចំណាយលុយ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។

​កាសែត Wall Street Journal ដែល​ដកស្រង់​ប្រភព​អនាមិក​មួយ​ដែល​ជិតស្និទ្ធ​នឹង​ការស៊ើបអង្កេត​របស់​ក្រុមហ៊ុន Nissan បាន​រាយការណ៍​ថា លោក​ហ្គោ​សិន​បាន​ប្រើប្រាស់​មូលនិធិ​របស់​ក្រុមហ៊ុន​ដើម្បី​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន និង ឱ្យទៅ​កូនស្រី​របស់គាត់​។

​លោក​ហ្គោ​សិន​អាយុ​៦៤​ឆ្នាំ​ត្រូវបាន​សង្ស័យថា​រាយការណ៍​បំបាត់​ទឹកប្រាក់​ចំណេញ​ចំនួន ៤៤ លាន​ដុល្លារ​ពី​ឆ្នាំ ២០១១ ដល់ ២០១៥​។ នេះ​បើ​យោងតាម​ពួក​រដ្ឋអាជ្ញា​ក្រុង​តូ​ក្យូ​។

​នាយក​ប្រតិបត្តិ​ម្នាក់ទៀត​របស់ Nissan គឺ​លោក ហ្គ្រេ​ក ឃេ​ល​លី ត្រូវបាន​ចាប់ខ្លួន​ក្នុងប្រទេស​ជប៉ុន​ផងដែរ​ពីបទ​សង្ស័យ​ឃុបឃិត​ប្រព្រឹត្ត​កំហុស និង​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​នាយក​តំណាង​។ ក្រុមហ៊ុន​និយាយថា ការប្រកាស​មនុស្ស​មក​ជំនួស​តំណែង​ពួកគេ​នឹងធ្វើ​ឡើង​នៅពេល​ក្រោយ​ទៀត​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Nissan Motor Co. បាន​បណ្តេញ​លោក កា​ឡូ​ស ហ្គោ​សិន ចេញពី​តំណែង​ប្រធាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​វិច្ឆិកា

ទីតាំងផ្សាយពាណិជ្ជកម្ម