ថ្ងៃទី​ពីរ​នៃ​បុណ្យអុំទូក​ភ្ញៀវ​បរទេស​ជាង​៤​ពាន់​នាក់​ចូល​ទស្សនា​លើ​វេទិកា​ក្រសួងទេសចរណ៍​

1488
ចែករម្លែក

​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​បាន​ចូលរួម​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ នៅលើ​វេទិកា​របស់​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃទី​ពីរ មានការ​កើនឡើង​គឺមាន​ចំនួន​ដល់​ទៅ​ជាង ៤,០០០​នាក់​។ នេះ​បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ប្រាប់ឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​។​

​លោក ថោង​ខុន​បាន​បញ្ជាក់ថា​ដូចជា​រៀងរាល់ឆ្នាំ​ដោយបាន​ការ​អនុ​ញ្ញា​ត្ត​ពី​គណកម្មការ​រៀបចំ​បុណ្យជាតិ អន្តរជាតិ ក្រសួងទេសចរណ៍​បានរៀបចំ​វេទិការ​ទទួល​ទេសចរ​អន្តរជាតិ​ជា​រៀងរាល់ឆ្នាំ ។​ភ្ញៀវទេសចរ​បរទេស​ពិតជា​មានការ​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ។​ពួកគេ​បាន​បញ្ជាក់ថា​ពួកគេ​នឹង​ពាំនាំ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នាឱកាស​នេះ​ទៅ​ផ្សព្វផ្សាយ​ប្រាប់​សាច់ញាតិ​ក៏ដូចជា​មិត្តភក្តិ​របស់ខ្លួន​ឱ្យបាន​យល់ច្បាស់​ពី​សភាពការណ៍​ពិត​ក្នុងប្រទេស​កម្ពុជា​ដែល​ពោរពេញ​ទៅដោយ​សន្តិភាព សន្តិសុខ​ស្ថិរភាព​និង​ផលិតផល​ទេសចរណ៍​ល្អៗ​ជាច្រើន​សម្បូរបែប​។​

​ភ្ញៀវ​បរទេស​ដែល​បាន​ចូលរួម​ទស្សនា​នៅលើ​វេទិកា​របស់​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃទី​ពីរ​មានដូចជា​ភ្ញៀវ​ជនជាតិ​បារាំង​,​អង់គ្លេស​,​ប៉ូឡូញ​,​រុស្ស៊ី​,​អេស្បាញ​,​អាល្លឺម៉ង់​,​អាមេរិក​,​ចិន​,​កូរ៉េ​,​ជប៉ុន​,​ឥណ្ឌា​,​វៀតណាម​,​។​ក្នុងនោះ​ក៏មាន​ភ្ញៀវ​មកពី​ប្រទេស​ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​និង​មកពី​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​។​

​ក្រសួងទេសចរណ៍​មាន​រៀបចំ​បម្រើ​សេវាកម្ម​ទឹកបរិសុទ្ធ​និង​ភេសជ្ជៈ​នានា​ដោយ​ឥតគិតថ្លៃ​ហើយ​មានការ​បកប្រែ​ជា​បី​ភាសា​ទាំង​ផ្ទាល់មាត់​ផង​និង​ឧបករណ៍​ស្ដាប់​នឹង​ត្រចៀក​ផង​(​កាស​)​ជូន​ភ្ញៀវ​បរទេស​ដូចជា​ភាសា​អង់គ្លេស​ភាសា​បារាំង​និង​ភាសា​ចិន​។​ភ្ញៀវទេសចរ​ក៏​ទទួលបាន​នូវ​ឯកសារ​ផ្សព្វផ្សាយ​ស្ដីពី​ទេសចរណ៍​និង​សម្ភារ​ផ្សព្វផ្សាយ​មួយចំនួនទៀត​ផងដែរ​។​

​ជា​ទិដ្ឋភាព​ជាក់ស្ដែង​ឃើញថា​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​ចូលរួម​ទស្សនា​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​មាន​ភាពសប្បាយ​រីករាយ​ទឹកមុខ​ញញឹម​ស្រស់ស្រាយ​គ្រប់គ្នា​ហើយ​នៅ​ល្ងាច​មិញ​នេះ​មាន​ភ្ញៀវ​ចេញចូល​អង្គុយ​ទស្សនា​យ៉ាងច្រើន រហូត​គ្មាន​កន្លែង​ទំនេរ​ច្រើនជាង​ម្សិលមិញ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ភ្ញៀវទេសចរ​បរទេស​ទាំង​នោះ​ក៏បាន​មើលឃើញ​នូវ​ទិដ្ឋភាព​ផ្ទាល់​ភ្នែក​មួយទៀត​នៅក្នុង​ប្រទេស​កម្ពុជា​គី​ការ​ប្រារព្ធ​ពិធីបុណ្យ​វប្បធម៌​ប្រពៃណីជាតិ​ដ៏​មហាអស្ចារ្យ​នេះ​ដែលមាន​ការចូលរួម​របស់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ប្រកបដោយ​សុ​វត្តិភាព និង​ភាព​រីករាយ​ក្រៃលែង​។ ពួកគាត់​បាន​និយាយថា នេះ​គឺ​សបញ្ជាក់​ឱ្យឃើញថា ប្រទេស​កម្ពុជា​ពិតជា​មាន​សុខសន្តិភាព ស្ថិរភាព​ពេញលេញ មានការ​អភិវឌ្ឍ​សម្បូរ​សប្បាយ​ពិតមែន​។ ទិដ្ឋភាព​ដ៏​ម​ហោ​ស្ចា​រ្យ​នៃ​ព្រះ​ពិធីបុណ្យ​អុំទូក​នេះ មិនដែល​មាន​ឡើយ​នៅក្នុង​ប្រទេស​របស់​ពួកគេ​។​

​គួររំលឹកថា​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្ដែ​ត​ប្រទីប​និង​អកអំបុក​សំពះ​ព្រះ​ខែ​ត្រូវបាន​អាស៊ាន​ទទួលស្គាល់​និង​គោរព​កោតសរសើរ​ហើយ​បានដាក់​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​របស់​អាស៊ាន​ផងដែរ​។​កាលពី​ថ្ងៃទី​១​នៃ​បុណ្យអុំទូក​មាន​ទេស​ចរប​រទេស​ប្រមាណ​៣.០០០​នាក់​បាន​ចូលរួម​៕S/​

ថ្ងៃទី​ពីរ​នៃ​បុណ្យអុំទូក​ភ្ញៀវ​បរទេស​ជាង​៤​ពាន់​នាក់​ចូល​ទស្សនា​លើ​វេទិកា​ក្រសួងទេសចរណ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម