ក្រសួងការបរទេស​ចិន​៖ ការ​គំរាម​របស់​អាមេរិក​ដើម្បី​ដក​ចិន​ចេញពី​អង្គការ WTO គឺ “​ជាការ​និយាយ​មិន​សម​ហេតុផល​”

1004
ចែករម្លែក
  • 82
    Shares

​ការគំរាមកំហែង​ដោយ​ទីប្រឹក្សា​សំខាន់​ម្នាក់​របស់លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដើម្បី​បណ្តេញ​ចិន​ចេញពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ត្រូវបាន​ក្រសួងការបរទេស​ចិន​ច្រានចោល​ថា​ជា ការនិយាយ​មិន​សម​ហេតុផល កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២២​វិច្ឆិកា​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក កេង សួង បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ប៉េកាំង​ថា “​អង្គការ WTO គឺជា​អង្គការ​ពហុភាគី និង​មិនមែនជា​កម្មសិទ្ធិ​របស់​សហរដ្ឋអាមេរិក​នោះទេ​” ។ លោក​បាន​កត់សម្គាល់ថា ការអត្ថាធិប្បាយ​បែបនេះ “​គឺ​បកអាក្រាត​មួយ​ទំហឹង​នូវ​ចរិត​សម្លុត​កំហែង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ស្មារតី​មោទនភាព​លើ​ខ្លួនឯង​ជ្រុល​ហួសហេតុ​”​។​

​ការ​ថ្លែង​របស់លោក​កេង​សួង​កើតឡើង បន្ទាប់ពី​លោក ខេ​វិ​ន ហាស​សេត ប្រធាន​ក្រុមប្រឹក្សា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់លោក​ត្រាំ​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា ចិន​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ក្នុងនាម​ជា​សមាជិក WTO ។ លោក​បាន​ស្នើថា ករណី​មួយ​អាច​ត្រូវបាន​ធ្វើឡើង​ដើម្បី​បណ្តេញ​ចិន​ចេញពី​អង្គការ​នេះ​។​

​លោក​កេង​សួង​បាន​និយាយថា​សហរដ្ឋអាមេរិក​កាលពីពេល​ថ្មីៗ​នេះ​បាន​ដកខ្លួន​ចេញពី​អង្គការ​នានា​ដូចជា​អង្គការ​វិទ្យាសាស្ត្រ​អប់រំ​និង​វប្បធម៌​របស់​អ​.​ស​.​ប (​អង្គការ​យូណេស្កូ​) និង​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយចំនួនទៀត​ដូចជា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីអំពី​ការប្រែប្រួល​អាកាសធាតុ​។​

​លោក​កេង​សួង​បាន​និយាយទៀតថា “​ប្រសិនបើ​ការចងចាំ​របស់ខ្ញុំ​នៅ​មិនទាន់​ភ្លេច​ទេនោះ អាមេរិក​ក៏​ធ្លាប់បាន​គំរាម​ដកខ្លួន​ចេញពី WTO ដែរ ប៉ុន្តែ​ឥឡូវ​អាមេរិក​បែរជា​ចង់​បណ្តេញ​ចិន​ចេញពី​អង្គការ​នេះ ក្រោមលេស​កែទម្រង់​ស្ថាប័ន​នេះ​។ ពិតជា​គួរឱ្យ​ចង់​សើច​ណាស់​”​។

​លោក​ក៏បាន​និយាយ​ផងដែរ​ថា ការខ្វែងគំនិត​គ្នា​រវាង​សមាជិក​របស់ WTO អាច​ដោះស្រាយបាន​តាមរយៈ​ការចរចា​និង​ការសម្របសម្រួល ប៉ុន្តែ​វា​មាន​គ្រោះថ្នាក់​ណាស់​ក្នុង​ការគិត​ផុយៗ​អំពី​ការបណ្តេញ​សមាជិក​ដទៃ​។​

​ប្រទេស​ចិន​គឺជា​ប្រទេស​អ្នកជំនួញ​ធំ​បំផុត​របស់​ពិភពលោក​និង​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ទី​២​។​

​លោក​កេង​សួង​និយាយថា “​តើន​រណា​នឹង​ជា​អ្នក​បន្ទាប់ ប្រសិនបើ​សហរដ្ឋអាមេរិក​ហ៊ាន​បណ្តេញ​ចិន​ចេញពី WTO?”​។​

​លោក​បាន​បន្ថែមថា ចិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ចាប់តាំងពី​បាន​ចូលរួម​ក្នុង​អង្គការ​នេះហើយ​បានទទួល​ការកោតសរសើរ​ពី​ភាគី​នានា​រួមទាំង​អគ្គលេខាធិការ​អង្គការ WTO សម្រាប់​ការគាំទ្រ​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​និង​តួនាទី​កាន់តែ​កើនឡើង​របស់ខ្លួន​នៅក្នុង​អង្គការ​នេះ​។​

​នៅក្នុង​ការវិវឌ្ឍ​មួយទៀត លោក ចាង សៀង​ចិន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការ WTO បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​គឺ​របស់​សាធារណៈ មិនមែនជា​ឧបករណ៍​សម្រាប់​បំពេញតម្រូវការ​របស់​សមាជិក​ណាមួយ​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម