សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រារព្ធ​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​លើក​ទី​៤ នៅ​សប្តាហ៍​ក្រោយ​

956
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​រៀបចំ​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​លើក​ទី​៤ ដែល​ស្រប​នឹង​ខួប​ទី​៤០​ឆ្នាំ​របស់ខ្លួន​នៃ​ការប្រមូលផ្តុំ​យុវជន​គ្រប់ទិសទី ជា​មហា​កម្លាំង​សាមគ្គី ក្នុងការ​រួម​ចំណែក​ក​សាង​បន្ថែម និង​លើកកម្ពស់​ប្រទេស​កម្ពុជា​ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។ ព្រឹត្តិការណ៍​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​លើក​ទី​៤ នឹង​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៧ ខែវិច្ឆិកា នៅ​សណ្ឋាគារ សុខា​ភ្នំពេញ​នេះ នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការ​បូកសរុប​ការងារ​ឆ្នាំ​២០១២–២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨–២០២៣ ព្រមទាំង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក ជាមួយ​កិច្ចពិភាក្សា និង​ការអនុម័ត​លើ​ការកែប្រែ​លក្ខន្តិកៈ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​នៅ​ថ្ងៃទី​២៤​ខែវិច្ឆិកា​នេះ​។​

​ប្រភព​ដដែល​បន្តថា​ព្រឹត្តិការណ៍​មហាសន្និបាត​តំណាង​ទូទាំងប្រទេសនេះនឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួម​ដោយ​វត្តមាន​ឥស្សរជន​ជាន់ខ្ពស់​កម្ពុជា​ជាច្រើនរូប​ទៀតផង​ដែរ​។​

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​រណសិរ្ស​ទូលំទូលាយ​នៃ​យុវជន​កម្ពុជា ដែល​បាន​បន្ត​បេសកកម្ម​ពី​សមាគម​យុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​សមាគមយុវជន​កម្ពុជា ដែល​បាន​បដិសន្ធិ​នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​១៩៧៨ ក្នុង​គោលដៅ​សំខាន់បំផុត​ដើម្បី​ប្រមូលផ្តុំ​យុវជន​គ្រប់ទិសទី ជា​មហា​កម្លាំង​សាមគ្គី ក្នុងការ​រួមចំណែក​ក​សាង​ប្រទេស​កម្ពុជា​ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។

​ប្រភព​ដដែល​បញ្ជាក់ថា​សូម​សាធារណជន សមាជិក សមាជិកា និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាំង​អស់​​ជ្រាប​ជា​ព័ត៌មាន​។ សម្រាប់​ការចុះឈ្មោះ​ចូលរួម​យក​ព័ត៌មាន សូម​ទាក់ទង​មកកាន់ លោក ទិ​ត ច័ន្ទ​តារា តាមរយៈ​លេខ​ទូរស័ព្ទ ០៩៦ ៩៩៩ ៣៩៣៣ ឬ កញ្ញា ដា​រ៉េត រ៉ូ​ហ្សា​លីន តាមរយៈ​លេខ​ទូរស័ព្ទ ០៨១ ៨២០០៨១៕​សរន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ