ជី​ប្រា​ល់តា ជា​សន្លឹក​បៀ​មិនទាន់​បើក​នៃ​កិច្ចព្រមព្រៀង​អង់គ្លេស​ចាក​ចេញពី​អឺរ៉ុប​

2380
ចែករម្លែក

ពួកអ្នកការទូតសហភាពអឺរ៉ុបបានជួបប្រជុំកាលពីថ្ងៃសុក្រដើម្បីពិភាក្សាបញ្ចប់កិច្ចព្រមព្រៀងផ្តាច់ចេញពីគ្នារវាងអង់គ្លេសនិងប្លុកអឺរ៉ុប ចំពេលមានការព្រមានពីអេស្ប៉ាញថា ខ្លួននឹងជំទាស់កិច្ចព្រមព្រៀងបើអេស្ប៉ាញមិនត្រូវបានផ្តល់សិទ្ធិនិយាយអំពីអនាគតនៃទឹកដី ជីប្រាល់តា ដែលជាទឹកដីអង់គ្លេសនៅបរទេសជាប់នឹងប្រទេសអេស្ប៉ាញ។

ពួកមេដឹកនាំអឺរ៉ុបត្រូវជួបប្រជុំនៅថ្ងៃអាទិត្យទី២៥វិច្ឆិកា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលដាក់ចេញលក្ខខណ្ឌសំរាប់ការចាកចេញរបស់អង់គ្លេសនៅខែមីនានិងបង្កើតក្របខណ្ឌមួយសំរាប់ទំនាក់ទំនងនាពេលអនាគត តែអេស្ប៉ាញមិនពេញចិត្ត។

នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោកផេដ្រូ សាន់ឆេហ្ស៍ បានសរសេរបង្ហោះថា អង់គ្លេសនិងអេស្ប៉ាញ«នៅឆ្ងាយពីគ្នានៅឡើយ»លើបញ្ហានេះ និងប្រសិនបើមិនមានការផ្លាស់ប្តូរទេ យើងនឹងបោះឆ្នោតប្រឆាំងកិច្ចព្រមព្រៀងអង់គ្លេសចាកចេញពីប្លុកអឺរ៉ុប ហៅថាBrexit។

អេស្ប៉ាញ ចង់បានអនាគតនៃទឹកដីតូចនៅចុងឧបទ្វីបអ៊ីបេរីមួយនេះ ដែលត្រូវបានផ្ទេរទៅអោយអង់គ្លេសនៅឆ្នាំ១៧១៣តែអេស្ប៉ាញនៅអះអាងជាកម្មសិទ្ធិ ជាបញ្ហាទ្វេភាគីរវាងរដ្ឋាភិបាលក្រុងម៉ាឌ្រីតនិងឡុងដ៍។

តាមពិត អេស្ប៉ាញមិនមានសិទ្ធិវេតូលើកិច្ចព្រមព្រៀងដកខ្លួននេះទេ តែខ្លួនអាចពន្យារពេលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអង់គ្លេសនិងសហភាពអឺរ៉ុបដែលទាមទារការអនុម័តយល់ព្រមពីប្រជាជាតិជាសមាជិកទាំង២៧។

មន្រ្តីអេស្ប៉ាញម្នាក់បាននិយាយថា ជម្លោះអំពីទឹកដីជីប្រាល់តា អាចត្រូវបានដោះស្រាយតាមការកែសម្រួលខច្បាប់មួយនៅក្នុងកិច្ចព្រមព្រៀងBrexit តែទាំងអង់គ្លេសនិងសហភាពអឺរ៉ុបបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងមិនត្រូវកែប្រែទេ។

ប្រសិនបើពួកមេដឹកនាំអឺរ៉ុបអនុម័តកិច្ចព្រមព្រៀងនេះ វាទាមទារអោយមានការអនុម័តយល់ព្រមពីសភាអង់គ្លេសនិងអឺរ៉ុប ជាភារកិច្ចធ្ងន់ធ្ងរមួយសំរាប់នាយករដ្ឋមន្រ្តីអង់គ្លេស ថេរេសា មេ ដែលក្រុមអភិរក្សខ្វះសម្លេងភាគច្រើននៅក្នុងសភា។

ពួកអ្នកគាំទ្រBrexitគិតថាកិច្ចព្រមព្រៀងនេះនឹងអោយអង់គ្លេសរួចផុតពីច្បាប់ទម្លាប់អឺរ៉ុប តែពួកអ្នកគាំទ្រអឺរ៉ុបវិញយល់ថាការចាកចេញនឹងនាំមករបាំងព្រំដែនថ្មីរវាងអង់គ្លេសនិងអឺរ៉ុប ដែលជាប្រទេសជិតខាង និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន៕ដោយ៖វាសនា

ភ្នំថ្មរបស់ជិលប្រាល់តា មើលពីទីក្រុងមួយរបស់អេស្ប៉ាញ ។វាជាទឹកដីអង់គ្លេសនៅបរទេស និងជាចំណុចស្ទះចុងក្រោយនៃកិច្ចព្រមព្រៀងអង់គ្លេសចាកចេញពីអឺរ៉ុប

ទីតាំងផ្សាយពាណិជ្ជកម្ម