​កម្ពុជា​មិន​ត្រូវការ​មូលដ្ឋាន​កង​ទ័ព​បរទេស នៅលើ​ទឹកដី​កម្ពុជា​ទេ​!

1485
ចែករម្លែក

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: ក្នុង​កិច្ចពិភាក្សា​តុមូល ស្ដីពី “​តើ​កម្ពុជា ត្រូវការ​វត្តមាន​កងទ័ព​បរទេស​ដែរ ឬទេ​?” ដែល​កិច្ចពិភាក្សា​នេះ បានធ្វើ​ឡើង នៅ​រាជបណ្ឌិត្យសភាកម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ វាគ្មិន​ចូលរួម​កិច្ចពិភាក្សា បាន​ទាញ​ការសន្និដ្ឋាន​ជារួម​ថា កម្ពុជា មិន​ត្រូវការ​មូលដ្ឋាន​កងទ័ព​បរទេស នៅលើ​ទឹកដី​កម្ពុជា​ទេ​។​

ទិដ្ឋភាព​នៃ​កិច្ចពិភាក្សា​តុមូល ស្ដីពី “​តើ​កម្ពុជា ត្រូវការ​វត្តមាន​កងទ័ព​បរទេស​ដែរ ឬទេ​?” (រូប៖ ម៉េងឆៃ)

​វាគ្មិន ដែល​បាន​ចូលរួម​កិច្ចពិភាក្សា​រៀបចំ​ដោយ​រាជបណ្ឌិត្យសភាកម្ពុជា រួមមាន លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ,​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ឌៀប សុផល អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ និង​ទំនាក់ទំនង​អន្តរជាតិ និង​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​។

​លោក ផៃ ស៊ី​ផាន បាន​លើកឡើងថា “​យើង​មាន​គណៈកម្មការ​កិច្ចការ​ព្រំដែន ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ ដើម្បី​កុំ​ឲ្យ​មានការ​ច្បាំង​គ្នា​នៅតាម​ព្រំដែន​។ បន្ទាប់មកទៀត យើង​មាន​គណៈកម្មការ​ចម្រុះ​ព្រំដែន ដែល​រៀបចំ និង​ពិនិត្យមើល​បង្គោល​ខណ្ឌសីមា នៅតាម​ព្រំដែន ជាពិសេស​ជាមួយ​វៀតណាម យើង​ធ្វើបាន ៨០ ទៅ ៩០​ភាគរយ​ហើយ នៅ​តំបន់​ដីគោក​នេះឯង​។ ដូច្នេះ​យើង​អត់​ប្រើប្រាស់​សង្គ្រាម អត់​ប្រើប្រាស់​អាវុធ ដូច​គណបក្ស​ដទៃទៀត ទៅ​ឈ្លោះ​ជាមួយ​វៀតណាម ដើម្បី​ដណ្តើម​ទឹកដី​នោះទេ​។ បន្ទាប់មកទៀត យើង​មាន​កិច្ចសហការ​គ្នា​រវាង​ចារកម្ម និង​អាំងទែ​ប៉ូ គឺ​យើង​ទប់ស្កាត់​ការជួញដូរ​អាវុធ និង​ទប់ស្កាត់​ការងារ​ទាំងឡាយណា ដែល​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា​។ ដូច្នេះ​ការងារ​ទាំងអស់នេះ យើង​ដូចជា​មិនត្រូវ​ការ​អ្វី​តទៅទៀត​ទេ​។ យើង​មិន​ត្រូវការ​វត្តមាន​កងទ័ព​បរទេស​ទេ​”​។
​ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​លើកឡើងថា យើង​សព្វថ្ងៃ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានបញ្ចប់​សង្គ្រាមស៊ីវិល នៅ​កម្ពុជា នា​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ គឺ​ខ្មែរ​យើង មិន​ដែលមាន​សន្តិភាព​ដូច​ពេលនេះ​ទេ​។

ទិដ្ឋភាព​នៃ​កិច្ចពិភាក្សា​តុមូល ស្ដីពី “​តើ​កម្ពុជា ត្រូវការ​វត្តមាន​កងទ័ព​បរទេស​ដែរ ឬទេ​?”​ (រូប៖ ម៉េងឆៃ)

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បន្តថា “​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០០៨ កម្ពុជា​យើង មាន​សង្គ្រាម​នៅ​ព្រំដែន​ជាមួយ​ថៃ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក អាប់​ភី​ស៊ីត​។ សង្គ្រាម​នោះបាន​អូសបន្លាយ ២-៣​ឆ្នាំ ដោយសារតែ​ថៃ​ធ្វើសង្គ្រាម​ទាមទារ​ទឹកដី​នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​។ កាលណោះ គឺ​យើង​មិនមាន​វត្តមាន​កងទ័ព​បរទេស​ណា នៅលើ​ទឹកដី​យើង​ទេ​។ នៅពេល​យើង​មាន​សង្គ្រាម​នោះ គួរតែមាន​កងទ័ព​បរទេស​មកជួយ​។ ដល់ពេល​ឥឡូវ ដល់ពេល​យើង​មាន​សន្តិសុខ​ពេញលេញ យើង​ដើរហើរ​គ្រប់កន្លែង គ្រប់​ម៉ោង គ្រប់​កាលៈទេសៈ​ទាំងអស់ យើង​មាន​ផ្លូវ​តាម​ព្រំដែន​ពី​កោះកុង​។ ហេតុអ្វី​យើង​ចាំបាច់​មាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅលើ​ទឹកដី​យើង​ទៀត​? នេះ​ជា​សំនួរ ដែល​ឆ្លើយ​សច្ចៈ​ធម៌ ថា​យើង​មិនត្រូវ​ការ​ទេ​កងទ័ព​បរទេស ហើយ​យើង​មិនត្រូវ​ការ​ទេ​វត្តមាន​មូលដ្ឋាន​បរទេស​ទាំងអស់ នៅក្នុង​ទឹកដី​កម្ពុជា​”​។​

​ចំណែក​លោក ជិន ម៉ា​លីន អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានលើកឡើង ២​ចំណុច ទី​១-​ពាក់ព័ន្ធ​នឹង​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក៏ដូចជា​ទំនាក់ទំនង​អន្តរជាតិ​របស់​កម្ពុជា និង​ទី​២-​មូលដ្ឋាន​ច្បាប់ ទាំង​ច្បាប់​ជាតិ និង​ទាំង​ច្បាប់​អន្តរជាតិ​។ សំនួរ សួរថា តើ​យើង​មាន​មូលដ្ឋានទ័ព​បរទេស និង​មាន​ភាពចាំបាច់​ដែរ​ឬ​នៅ ដើម្បី​ឲ្យ​មាន​មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា​? ចម្លើយ គឺថា​ទេ​។​
​លោក ជិន ម៉ា​លីន បាន​បញ្ជាក់ថា “​យើង​មិនមាន​មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា ហើយក៏​មិនមាន​ភាពចាំបាច់​ឲ្យ​មានការ​តាំងទី​នៃ​មូលដ្ឋានទ័ព​បរទេស នៅ​កម្ពុជា​ដែរ ដោយ​ផ្អែកលើ​មូលដ្ឋាន​២​ជាសំខាន់​។ មូលដ្ឋាន​ទី​១ គឺ​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក៏ដូចជា​មូលដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​របស់​កម្ពុជា​។ ទី​២ គឺ​មូលដ្ឋាន​ផ្លូវច្បាប់​”​។​
​លោក បាន​បញ្ជាក់ថា “​ពាក់ព័ន្ធ​ទៅនឹង​កត្តា​ប្រវត្តិសាស្ត្រ​នេះ យើង​ធ្លាប់​ដឹង​កន្លងមកហើយ គឺ​រាប់​ទស្សវត្ស​រ៍ហើយ ដែល​យើង​ជួប​នូវ​សង្គ្រាមស៊ីវិល ការឈឺចាប់ ភាព​បែកបាក់ ការរំលោភបំពាន​ទៅលើ​អធិបតេយ្យភាព ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុងនេះ​។ អីចឹង​ទេ យើង​មិន​ចង់​ឲ្យ​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់ ជូរចត់​នេះ កើតឡើង​នៅលើ​ទឹកដី​កម្ពុជា​យើង​ម្តងទៀត​នោះទេ ដោយ​យើង​កំពុងតែ​រីករាយ​ទៅនឹង​សុខសន្តិភាព​ទូទាំងប្រទេស ដោយសារ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​”​។​

​លោក ជិន ម៉ា​លីន បន្តថា “​ក្នុងន័យនេះ បើសិនជា​យើង​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​កម្ពុជា ហើយ​ក្នុង​បរិបទ​នយោបាយ​អន្តរជាតិ​បច្ចុប្បន្ន ដែល​ពោរពេញ​ទៅដោយ​ភាព​អាណាធិបតេយ្យ ហើយ​ជា​បរិបទ​នយោបាយ​អន្តរជាតិ​នៃ​ការដណ្តើម​អំណាច​ពាក់ព័ន្ធ​នឹង​ភូមិសាស្ត្រ​នយោបាយ​។ អីចឹង​បើ​ឆ្លៀត​ឲ្យ​មាន​ទ័ព​បរទេសមួយ នៅលើ​កម្ពុជា វា​ស្មើនឹង​យើង​ប្រកាស​ចងមិត្ត​ជាមួយ​ភាគី​មួយ ហើយ​វា​ស្មើនឹង​ការដែល​យើង​ប្រកាសសង្គ្រាម ជាមួយ​ភាគី​មួយទៀត​។ អីចឹង​ក្នុងន័យនេះ យើង​នឹង​ប្រឈម​ពាក់ព័ន្ធ​នឹង​កត្តា​សន្តិសុខ ពាក់ព័ន្ធ​នឹង​កត្តា​សន្តិភាព​ផ្ទៃក្នុង តំបន់ ក៏ដូចជា​លើ​ឆាក​អន្តរជាតិ​។ អីចឹង​និយាយ​ជា​សាមញ្ញ​ថា វា​អត់​មានអី​ចំណេញ​សម្រាប់​កម្ពុជា ដោយ​ផ្អែកលើ​កត្តា​ប្រវត្តិសាស្ត្រ ក៏ដូចជា​កត្តា​អន្តរជាតិ​”​។​
​រីឯ​លោក ឌៀប សុផល អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ និង​ទំនាក់ទំនង​អន្តរជាតិ បានលើកឡើង​ច្រើន​ពី​ប្រវត្តិសាស្ត្រ​នយោបាយ​របស់​កម្ពុជា តាំងពី​សម័យ​ដើម ដែល​កម្ពុជា​រង​នូវ​ឥទ្ធិពល​បរទេស ពី​វត្តមាន​កងទ័ព​បរទេស​លើទឹក​ដី​កម្ពុជា ក្នុងសម័យ​សម្តេចព្រះ​នរោត្តម​សីហនុ ដឹកនាំ​ប្រទេស​កម្ពុជា រដ្ឋប្រហារ​ថ្ងៃ​១៨​មីនា ឆ្នាំ​១៩៧០ និង​រហូតដល់​កម្ពុជា ចូលដល់​របប​ប្រល័យពូជសាសន៍ ខ្មែរក្រហម នៅ​ឆ្នាំ​១៩៧៥-១៩៧៩​។

​លោក​សាស្ត្រាចារ្យ ឌៀប សុផល បាន​បញ្ជាក់ថា “​នៅពេល​ដែលមាន​វត្តមាន​កងទ័ព​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា យើង​អត់​មានបាន​សេចក្តីសុខ​អី​ទេ ហើយ​កុំភ្លេចថា នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​ទទួលបាន​ជោគជ័យ​នេះ ពីព្រោះ​បរទេស​អត់​លូកដៃ​! បើសិនជា​បរទេស​លូកដៃ ប្រាកដជា​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។ តើ​យើង​ត្រូវការ​បរទេស ដែរ​អត់​? យើង​អាច​រស់​ខ្លួនឯងបាន​ហើយ​។ យើង​ត្រូវការ ត្រូវការ​ក្នុង​លក្ខណៈ​គោរព​គ្នា​ទៅវិញទៅមក គោរព​អធិបតេយ្យភាព ធ្វើ​កិច្ចសហប្រតិបត្តិការ ដើម្បី​ផលចំណេញ​រៀងៗ​ខ្លួន​នៅលើ​ផ្នែក​សេដ្ឋកិច្ច​”​។​

​ដោយឡែក បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើង​ពី​ទិដ្ឋភាព ៤ សំខាន់ គឺ​១-​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ ទី​២-​ទិដ្ឋភាព​នយោបាយ ទី​៣-​ទិដ្ឋភាព​ពាណិជ្ជកម្ម និង​ទី​៤-​ទិដ្ឋភាព​ច្បាប់​។
​បណ្ឌិត សុខ ទូច បាន​បញ្ជាក់ថា “​រឿងនេះ វា​អត់​ចម្លែក​ទេ​។ អ្នក​ដែល​សង្ស័យ​គេ វា​បានធ្វើ​រួចទៅហើយ​។ អាម៉េរិក​សង្ស័យថា ចិន​មាន​វត្តមាន​លើ​ទឹកដី​កម្ពុជា អត់​ខុស​ទេ ព្រោះ​អាម៉េរិក វា​ធ្លាប់ធ្វើ​។ វា​ធ្លាប់​ដើរ​។ ខ្ញុំ​ឲ្យ​ក្រឡេក​ទៅ​មើល អ្វី​ទៅជា​កម្មវិធី ម៉ាក​សាល​? នៅក្រោយ​សង្គ្រាមលោកលើកទី​២ បានបញ្ចប់ នៅ​ឆ្នាំ​១៩៤៥ កម្មវិធី​ម៉ាក​សាល សម្រាប់​ទប់ស្កាត់​របប​កុម្មុយនីស្ត​នៅ​អឺរ៉ុប​ខាងកើត នៅ​ឆ្នាំ​១៩៤៨​។ ទប់ស្កាត់ យកលុយ​ទៅ​ទប់​។ ប្រធានាធិបតី​សហភាពសូវៀត លោក ស្តា​លីន បញ្ជា​រដ្ឋមន្ត្រីការបរទេស ទៅតាម​ដាន​មើល ស្អី​ទៅ ជា​កម្មវិធី​ម៉ាក​សាល​? តាមពិត កម្មវិធី​ម៉ាក​សាល ជា​ឈ្មោះ​ឋានន្តរសក្តិ​លើសពី​ផ្កាយ ៤ ទៀត​។ ដល់​សិក្សា​ទៅ​រដ្ឋមន្ត្រីការបរទេស​សហភាពសូវៀត រាយការណ៍​មក​ថា កម្មវិធី​ម៉ាក​សាល ជា​កម្មវិធី​ដែល​ទប់ស្កាត់​របប​កុម្មុយនីស្ត​។ អីចឹង​ស្តា​លីន ចេញ​បញ្ជា ឈប់​ឲ្យ​កម្មវិធី​ម៉ាក​សាល ចូលក្នុង​ទឹកដី​អឺរ៉ុប​ខាងកើត​។ អីចឹង អាមេរិកាំង​បារម្ភ​ទៀត ពីព្រោះ​អ្នកឈ្នះ​ក្នុង​សង្គ្រាមលោកលើកទី​២ គឺ​សហភាពសូវៀត ដែល​យកបាន​ទឹកដី​ច្រើនជាងគេ ហើយ​បា​រាំងជា​អ្នកចាញ់​សង្គ្រាមលោកលើកទី​២​។ ក្នុង​សង្គ្រាមលោកលើកទី​២ កម្ពុជា​ទទួល​អាណានិគម​២ ទី​១-​គឺ​បារាំង និង​ទី​២-​គឺ​ជប៉ុន​”​។

​លោក សុខ ទូច បន្តថា “​ខ្លួន​ធ្លាប់ធ្វើ​អាហ្នឹង ( អាមេរិក ធ្លាប់​ដាក់​ទ័ព​នៅ​ប្រទេស​ផ្សេង ) អីចឹង​ដល់ពេល​ចិន​មក​វិនិយោគ​កម្រិត​ខ្ពស់​! ថា​អហ៎​! ប្រហែលជា​ចិន​មក​ដាក់​ហើយ ( ដាក់​ទ័ព​នៅ​កម្ពុជា )​។ អីចឹង ដាក់ ឬ​មិន​ដាក់ ចាំមើល​តទៅទៀត​។ វាគ្មិន​យើង​ថា មិនអាច​ទេ ព្រោះ​មាត្រា ៥៣ កំណត់​ច្បាស់​ហើយ​”​។​

​ជាមួយគ្នា​នោះ លោក សុខ ទូច បាន​លើកឡើងថា កម្ពុជា អាចធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ បើសិនជា​ចង់​ឲ្យ​មាន​មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា​។ ប៉ុន្តែ​មុននឹង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាល ត្រូវធ្វើ​ប្រជាមតិ តើ​ប្រជាជន​កម្ពុជា ចង់​ឲ្យ​បរទេស ដាក់​មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា ឬទេ​?​។​

​លោក សុខ ទូច បាន​គូសបញ្ជាក់ថា “​បើ​ចង់​ធ្វើ​វិសោធនកម្ម ត្រូវធ្វើ​ប្រជាមតិ​ប្រជាជន​។ បើ​ប្រជាជន​លោក​ព្រម ធ្វើទៅ​។ តែបើ​គណបក្ស​ប្រជាជន មិនទាន់​ធ្វើ​វិសោធនកម្ម​ច្បាប់ ហើយ​ដាក់​កងទ័ព​បរទេស នៅលើ​ទឹកដី​កម្ពុជា ស្មើនឹង​រដ្ឋប្រហារ​រដ្ឋ​ធម្មនុញ្ញ​។ អីចឹង​រដ្ឋធម្មនុញ្ញ មិន​អាចធ្វើ​វិសោធនកម្ម ត្រង់​តែ​ការ​កំណត់ថា ព្រះមហាក្សត្រ សោយរាជ្យ​សម្បត្តិ​អស់​មួយជីវិត នៅ​មាត្រា ៧​។ ក្រៅពី​ហ្នឹង ធ្វើ​វិសោធន​កម្មបាន​តើ​។ ប៉ុន្តែ​ធ្វើ​ដើម្បី​អី​? បើ​កម្ពុជា​មិនដែល​ជាប់​កងទ័ព​បរទេស អាហ្នឹង​គួរតែ​ធ្វើ​។ បើសិនជា​ប្រជាជន​ខ្មែរ​ទាំងអស់ គាំទ្រ គេ​ថា ត្រូវតែ​ធ្វើ ចង់បាន​កងទ័ព​បរទេស​។ អាហ្នឹង ត្រូវធ្វើ​ប្រជាមតិ ពីព្រោះ​អំណាច មិនមែន​កើត​ពី​រដ្ឋប្រហារ​ទេ អំណាច​កើតចេញពី​ប្រជាជន​។ បើ​ប្រជាជន​ថា ត្រូវធ្វើ រឿង​អី​យើង​មិន​ធ្វើ​? ដូចជា​រឿង​នៅ​ប្រទេស​អង់គ្លេស ។ អង់គ្លេស ដើម្បី​ចេញពី​សហគមន៍​អឺរ៉ុប ត្រូវធ្វើ​ប្រជាមតិ​”​។
​យ៉ាងណាក៏ដោយ លោក សុខ ទូច បន្ថែមថា បើ​ចង់​ឲ្យ​កងទ័ព​បរទេស​ណា មក​បោះ​មូលដ្ឋានទ័ព​នៅលើ​ទឹកដី​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា ត្រូវធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ហើយ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បាន ត្រូវធ្វើ​ប្រជាមតិ​។ តែ​ប្រជាជន​កម្ពុជា ឆ្អែតឆ្អន់​ហើយនឹង​សង្គ្រាម​។ ដូច្នេះ​យើង​ត្រូវ​រួមគ្នា កង​សាង​ប្រទេស ដ៏​តូច​មួយ​នេះ​។​

​ជាមួយគ្នា​នោះ លោក សុខ ទូច ក៏បាន​លើកឡើងថា អាមេរិក​សង្ស័យថា កងទ័ព​ចិន​មាន​វត្តមាន​លើទឹក​ដី​កម្ពុជា ដោយសារតែ​អាមេរិក ធ្លាប់ធ្វើ​ដូច្នេះ​។ នៅលើ​ពិភពលោក រហូតដល់​សព្វថ្ងៃនេះ អាមេរិក​មាន​មូលដ្ឋានទ័ព​នៅក្រៅ​ប្រទេស​ជាង ៨០០ កន្លែង ដូចជា នៅ​ជប៉ុន នៅ​ហ្វីលីពីន ជាដើម​។​

​លោក សុខ ទូច ក៏​បញ្ជាក់ថា “​ចិន​មក​កម្ពុជា វេច​ដុល្លារ ជិះ​យន្តហោះ​មក ធ្វើ​អគារ​ខ្ពស់ៗ​។ ចិន​ត្រូវយក​កម្ពុជា​ជា​ម៉ូ​ដែល​សម្រាប់​ពិភពលោក​។ កម្ពុជា​ត្រូវការ​ការអភិវឌ្ឍ និង​ស្មើមុខស្មើមាត់​។ កម្ពុជា​លើក​នេះ ចាប់ដៃ គោះ​កែវ​ជាមួយ​ចិន​។ តែ​សារ​នេះ ខុសពី​សម័យ​សម្តេចព្រះ​សីហនុ ជាមួយ​ម៉ៅ​សេទុង និង​ខុសពី​សម​មិត្ត​ហ៊ុនសែន គឺ​លើក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន​”៕

ទីតាំងផ្សាយពាណិជ្ជកម្ម