អ៊ីរ៉ង់​អំពាវនាវ​អោយ​ជន​អ៊ីស្លាម​រួមគ្នា​ប្រឆាំង​អាមេរិក រួមទាំង​អា​រ៉ា​ប៊ី​សា​អូឌីត​

992
ចែករម្លែក

ប្រធានាធិបតីអ៊ីរ៉ង់ លោកហាសសាន់ រ៉ូហានី កាលពីថ្ងៃសៅរិ៍បានអំពាវនាវដល់ជនអ៊ីស្លាមនៅទូទាំងពិភពលោករួបរួមគ្នាប្រឆាំងនឹងអាមេរិកនិងបានធានាអារ៉ាប៊ីសាអូឌីតថាពួកគេជា«បងប្អូន»ដែលគ្មានអ្វីត្រូវខ្លាចឬបារម្ភពីរដ្ឋាភិបាលក្រុងតេអេរ៉ង់។

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥មួយរវាងមហាអំណាចធំៗ និងក្រុងតេអេរ៉ង់កាលពីខែមីនានិងចាប់តាំងពីពេលនោះមកបានដាក់ទណ្ឌកម្មជាឯតោភាគីជាថ្មី។

លោករ៉ហានីបានប្រាប់សន្និសីទឯកភាពអ៊ីស្លាមមួយនៅក្រុងតេអេរ៉ង់ថា«អ្វីដែលអាមេរិកចង់បាន(នៅមជ្ឈិមបូព៌ា)សព្វថ្ងៃគឺការដាក់ពួកយើងជាទាសករ។ជំនួសអោយការក្រាលព្រំក្រហមទទួលឧក្រិដ្ឋជន បណ្តារដ្ឋអ៊ីស្លាមគួររួបរួមគ្នាប្រឆាំងអាមេរិកនិងដុំមហារីករបស់តំបន់ (អ៊ីស្រាអែល)»។

ប្រធានាធិបតីអ៊ីរ៉ង់(ឆ្វេង)សមភាគីអាហ្វហ្គានីស្ថាន(កណ្តាល)និងអនុប្រធានក្រុមហេហ្ស៍បូឡា ក្នុងសន្និសីទឯកភាពអ៊ីស្លាមនៅក្រុងតេអេរ៉ង់កាលពីថ្ងៃ២៤វិច្ឆិកា

លោករ៉ូហានីក៏បានទទូចអោយគូប្រជែងនិកាយស៊ូនីរបស់អ៊ីរ៉ង់ គឺអារ៉ាប៊ីសាអូឌីត​​ បញ្ចប់ការពឹងលើជំនួយយោធាអាមេរិក។

រំលឹកថារដ្ឋាភិបាលក្រុងរីយ៉ាតបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់នៅឆ្នាំ២០១៦ក្រោយបាតុករសំរុកចូលស្ថានបេសកម្មរបស់ខ្លួននៅអ៊ីរ៉ង់ក្រោយពីអារ៉ាប៊ីសាអូឌីតប្រហារជីវិតបព្វជិតនិកាយស៊ីអ៊ីតដ៏សំខាន់ម្នាក់។

អារ៉ាប៊ីសាអូឌីតចោទប្រកាន់អ៊ីរ៉ង់ថាបញ្ឆេះភាពវឹកវរក្នុងចំណោមពួកស៊ីអ៊ីតនៅបណ្តារដ្ឋឈូងសមុទ្រអារ៉ាប់ហើយរដ្ឋាភិបាលទាំង២បានគាំទ្រភាគីប្រឆាំងគ្នានៅក្នុងជម្លោះដ៏ហិនហោចនៅស៊ីរីនិងយែម៉ែន៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម