​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

1257
ចែករម្លែក

​ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: នៅក្នុង​សប្តាហ៍​នេះ ព្រឹត្តិការណ៍​ជាតិ ដេ​ល​លេចធ្លោ​ជាងគេ គឺ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​បាន​ប្រារព្ធ​ឡើង រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា​។ ប្រជាពលរដ្ឋ​យ៉ាងច្រើន​កោះករ រហូតដល់​ប្រមាណ ៤,៥ លាន​នាក់ បាន​ចូលរួម​ទស្សនាការ​ប្រណាំង​ទូកង និង​ដើរ​កម្សាន្ត​សប្បាយ មើល​ការប្រគំ​តន្ត្រី ការលក់​ផលិតផល និង​ដើរលេង​នៅ​មាត់ទន្លេ មុខ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ​។

​បន្ទាប់ពី​ពិធី​អុំទូក នៅ​ថ្ងៃ​នីមួយៗ ក៏មាន​ពិធី​បណ្តែតប្រទីប តំណាង​ស្ថាប័ន​ជាតិ​សំខាន់ៗ ដូចជា ព្រះបរមរាជវាំង ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ជាដើម ដែល​លម្អរ​ដោយ​ភ្លើងពណ៌​ចម្រុះ បណ្តែត​តាម​ផ្ទៃ​បឹង​ទន្លេសាប នៅមុខ​ព្រះបរមរាជវាំង គួរ​ឲ្យ​គយគន់​។ ដើម្បី​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ក្នុងឱកាស​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នា​ឆ្នាំនេះ អាជ្ញាធរ បាន​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ជាង​មួយ​ម៉ឺន​នាក់​។​

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩ ខែវិច្ឆិកា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី បន្ទាប់ពី​ខកខាន​អស់​ជាច្រើន​សប្តាហ៍​។ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ចន្ទ បានសម្រេច​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៣ ដោយ​មាត្រា​ខ្លះ ត្រូវបាន​លប់ចោល និង​បន្ថែម​ថ្មី​ផងដែរ​។ សេចក្តីព្រាងច្បាប់​ចំនួន ៣ ដែល​ត្រូវបាន​គណៈរដ្ឋមន្ត្រី ប្រជុំ និង​អនុម័ត​នេះ រួមមាន សេចក្ដី​ព្រា​ង‌​‌​ ស្តីពី គោលនយោបាយ​ជាតិ​អេកូ​ទេសចរណ៍ ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០៣០ សេចក្តីព្រាង ស្តីពី ការរៀបចំ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​វ​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០៣០ និង​សេចក្តីព្រាងច្បាប់ ស្តីពី បរ​ធន​បាល​កិច្ច​។ នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី សម្តេច​តេ​ជោ ហ៊ុនសែន បាន​ណែនាំ​ដល់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ត្រូវ​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ រួមគ្នា​យកចិត្តទុកដាក់​គ្រប់គ្រង​ទឹក សម្រាប់​ការធ្វើ​កសិកម្ម និង​ដោះស្រាយ​ទឹក​ក្នុងករណី​មាន​ប្រភពទឹក ដើម្បី​ជួយសង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ នៅពេល​ជួប​គ្រោះរាំងស្ងួត​។


​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​កំពុង​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន និង​បណ្តា​កោះ ក្នុង​ដែនសមុទ្រ​ខ្មែរ ព្រមទាំង​ជូនពរ​ពលរដ្ឋ និង​អ្នកទេសចរ​ទាំងអស់ បាន​ដើរលេង​កម្សាន្ត​ប្រកបដោយ​សេចក្តីសុខ​សប្បាយ ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​នេះ​។​

​នៅពេល​ចាប់ផ្តើម​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩ ខែវិច្ឆិកា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងការណ៍​ផ្ទាល់មាត់ ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​សារព័ត៌មាន​បរទេស ដែលថា “​កម្ពុជា​កំពុង​ក្លាយទៅជា​ដែន​អាណានិគម​របស់​ប្រទេស​ចិន ជាពិសេស​ប្រទេស​ចិន កំពុង​សាងសង់​មូលដ្ឋាន​នាវា​យោធា​មួយ នៅ​ខេត្តកោះកុង​”​។ ចំពោះ​ការចុះផ្សាយ​នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ជូន​ជនរួមជាតិ និង​អន្តរជាតិ​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​របស់ខ្លួន​នៅ​បរទេស​ដែរ លើកលែងតែ​ក្នុង​ក្របខណ្ឌ​នៃ​សំណូមពរ​របស់​អង្គការសហប្រជាជាតិ​ប៉ុណ្ណោះ​។

​ជាងនេះទៅទៀត សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជា​ក៏​មិនត្រូវ​ការ​ឲ្យ​បរទេស​មក​ច្បាំង​គ្នា​នៅលើ​ទឹកដី​កម្ពុជា ដូច​អតីតកាល​នោះទេ ហើយក៏​មិន​ឲ្យ​កម្ពុជា​ក្លាយជា​ទីលាន​នៃ​ការធ្វើ​សង្គ្រាម​មនោគមន៍វិជ្ជា ឬ​សាកល្បង​អាវុធ​ដែរ​។ ក៏ប៉ុន្តែ​កម្ពុជា​ចង់​ឲ្យ​បរទេស​ប្រកួតប្រជែង​គ្នា​ក្នុង​ការកសាង និង​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច នៅ​កម្ពុជា ជាអាទិ៍​ការ​ផ្តល់ជំនួយ កសាង​ហេដ្ឋារចនាសម្ព័ន្ធ មាន​ផ្លូវ ស្ពាន មន្ទីរពេទ្យ សាលារៀន​។​

​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បានអនុញ្ញាត​ឲ្យ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា ចប់​អាណត្តិ លោក វីលៀម ហេ​ដស៍ ចូលជួប និង​ជម្រាបលា​។ ក្នុង​កិច្ចប្រជុំ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​នូវ​ជំហរ​ឯករាជ្យ​របស់​ក​ម្ពុ​ជា ជាថ្មី​ម្តង​ទៀតថា គ្មាន​ឡើយ​មូលដ្ឋាន​កងទ័ព​បរទេស​ណាមួយ នៅលើ​ទឹកដី​របស់​កម្ពុ​ជា​។ ការបញ្ជាក់​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា​បែបនេះ បានធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​សម្តេច បាន​បញ្ជូន​លិខិតផ្លូវការ​មួយច្បាប់ ជុំវិញ​បញ្ហា​នេះ ទៅកាន់​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក មៃ ផេ​ន ( Mike Pence)​។​

​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ទទួល​ជួប​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ប្រទេស​ឡាវ ប្រចាំ​កម្ពុជា គឺ​លោក អាំ​ផាយ កិន​ដាវ​ង់ ( Amphay KinDaVong)​។ ក្នុងឱកាស​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ប្រទេស​ឡាវ ប្រចាំ​កម្ពុជា បាន​អះអាងថា រដ្ឋាភិបាល​ឡាវ​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​រួចរាល់​ហើយ ដើម្បី​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុនសែន ទៅកាន់​ប្រទេស​ឡាវ នៅ​ដើមខែ​ធ្នូ​ខាងមុខ​។ ក្នុងនោះ ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ ក៏បាន​ត្រៀម​ឯកសារ​មួយចំនួន ដើម្បី​ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា និង​ឡាវ ចុះហត្ថលេខា ជាពិសេស​អនុស្សរណៈ​លើ​វិស័យ​ផ្សេងៗ ដូចជា វិស័យ​អប់រំ ជាដើម​។

​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឧទ្ធម្ភាគចក្រ​របស់​ប្រទេស​រុស្ស៊ី ចំនួន​ពីរ​គ្រឿង បាន​ហោះ បង្ហាញ​សមត្ថភាព នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិចិនតុង ជូន​ប្រតិភូ​ក្រសួងការពារជាតិ​កម្ពុ​ជា ទស្សនា ។ ការយក​ឧទ្ធម្ភាគចក្រ​របស់​រុស្ស៊ី មក​ហោះ​បង្ហាញ​នៅ​កម្ពុជា​នេះ គឺ​ក្នុង​គោលបំណង​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ និង​លក់​ឧទ្ធម្ភាគចក្រ​ទាំងពីរ​ប្រភេទ​នេះ ដល់​កម្ពុជា ប្រសិនបើ​កម្ពុជា​ចាប់អារម្មណ៍​។ ក្រោយពី​ការ​ទស្សនា​ការហោះហើរ​ឧទ្ធម្ភាគចក្រ​ប្រភេទ M-171A2 និង ANSAT របស់​រុស្ស៊ី នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិចិនតុង ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានបង្ហាញ​ការចាប់អារម្មណ៍​ពេញចិត្ត​លើ​សមត្ថភាព គុណភាព និង​បាន​រំពឹងថា ឧទ្ធម្ភាគចក្រ​ទាំង​ប្រភេទ​នេះ នឹងមាន​វត្តមាន​លើទឹក​ដី​កម្ពុជា នាពេល​អនាគត​។ យ៉ាងណាក៏ដោយ ទាំង​ភាគី​រុស្ស៊ី និង​ទាំង​ភាគី​កម្ពុជា មិនបាន​បង្ហាញ​ពី​តម្លៃ នៃ​ឧទ្ធម្ភាគចក្រ​របស់​រុស្ស៊ី​ទាំងពីរ​គ្រឿង​នេះ នៅឡើយ​ទេ​។​

​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក រយៈពេល ៣​ថ្ងៃ គិតពី​ថ្ងៃទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ចំនួន ៣៨ លើក បណ្តាល​ឲ្យ​ស្លាប់ ១៦​នាក់ និង​របួស​សរុប ៦០​នាក់​។ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ៣​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក នៅ​ឆ្នាំ​២០១៨​នេះ ចំនួន​គ្រោះថ្នាក់​ចរាចរ បាន​ថយចុះ ហើយ​ចំនួន​អ្នកស្លាប់ ក៏បាន​ថយចុះ​ដែរ តែ​អ្នករបួស បាន​កើនឡើង​។ នេះ​បើតាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​របស់​អនុគណៈកម្មការ​ការពា​រ​រក្សា​សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់​សង្គម ចរាចរណ៍ សង្គ្រោះ​ទូក​លិច និង​អ្នកជំងឺ បង្ហាញថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ចាប់ពី​ថ្ងៃទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ទូកង​ចូលរួម​ប្រកួត ចំនួន ២៩៥​ទូក (​ទូក​អន្តរជាតិ ចំនួន ៩៨ ទូក ស្រី ២​ទូក ) ក្នុងនោះ រួមមាន​៖ ទូក​អុំ ចំនួន ១៦៤ ទូក ( ស្រី ១​ទូក ) ទូក​ចែវ​ចំនួន ៣៣ ទូក ( ស្រី ១​ទូក ) ទូក​អន្តរជាតិ ៩៨ ទូក ( ស្រី ២​ទូក ) និង​ចំណុះ​ទូក​សរុប ១៩.០១៧ នាក់ ( ស្រី ១៤១ នាក់ )​។​

​ក្នុងអំឡុងពេល​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក រយៈពេល ៣​ថ្ងៃ ពីថ្ងៃ​ទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​លក្ខណៈ​ល្អប្រសើរ ដោយ​ពុំមាន​ព្រឹត្តិការណ៍​ណាមួយ កើតឡើង​ជះឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​ស្ថានភាព​សន្តិសុខ​ឡើយ​។ ក្នុងនោះ ក៏​ពុំមាន​កីឡាករ​អុំ​ទូកង មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ ទោះបីជា​រយៈពេល ៣​ថ្ងៃនេះ មាន​លិច​ទូកង ១១ លើក​ក៏ដោយ​។

​ក្នុង​កិច្ចពិភាក្សា​តុមូល ស្ដីពី “​តើ​កម្ពុជា ត្រូវការ​វត្តមាន​កងទ័ព​បរទេស​ដែរ ឬទេ​?” ដែល​កិច្ចពិភាក្សា​នេះ បានធ្វើ​ឡើង នៅ​រាជបណ្ឌិត្យសភាកម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ វាគ្មិន​ចូលរួម​កិច្ចពិភាក្សា បាន​ទាញ​ការសន្និដ្ឋាន​ជារួម​ថា កម្ពុជា មិន​ត្រូវការ​មូលដ្ឋាន​កងទ័ព​បរទេស នៅលើ​ទឹកដី​កម្ពុជា​ទេ​។ វាគ្មិន ដែល​បាន​ចូលរួម​កិច្ចពិភាក្សា​រៀបចំ​ដោយ​រាជបណ្ឌិត្យសភាកម្ពុជា រួមមាន​៖ លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ឌៀប សុផល អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ និង​ទំនាក់ទំនង​អន្តរជាតិ និង​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​។

​ក្រសួងការបរទេស បានប្រកាស​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ តប​តាម​ការអញ្ជើញ​របស់លោក ផាម ប៊ិ​ញ​មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បានប្រកាស កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ថា នឹង​រៀបចំ​មហាសន្និបាត​តំណាង​ទូទាំងប្រទេស លើក​ទី​៤ ដែល​ស្រប​នឹង​ខួប​ទី ៤០​ឆ្នាំ របស់ខ្លួន នៃ​ការប្រមូលផ្តុំ​យុវជន​គ្រប់ទិសទី ជា​មហា​កម្លាំង​សាមគ្គី ក្នុងការ​រួមចំណែក​ក​សាង​បន្ថែម និង​លើកកម្ពស់​ប្រទេស​កម្ពុជា​ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។
​សេចក្តីជូនដំណឹង​បន្តថា ព្រឹត្តិការណ៍​មហាសន្និបាត​តំណាង​ទូទាំងប្រទេស លើក​ទី​៤ ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការ​បូកសរុប​ការងារ​ឆ្នាំ​២០១២-២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨-២០២៣ ព្រមទាំង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​គណៈកម្មាធិការ​កណ្តាល ជាមួយ​កិច្ចពិភាក្សា និង​ការអនុម័ត​លើ​ការកែប្រែ​លក្ខន្តិកៈ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម