កម្មករ​ចម្ការកៅស៊ូ​ថៃ​ចាប់ផ្តើម​បោះបង់ចោល​ការងារ​ដាំ​ដុះ​ទៅធ្វើ​ការ​នៅ​រោងចក្រ ព្រោះ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​និង​ចិន​ប៉ះពាល់​ខ្លាំង​លើ​តម្លៃ​កៅស៊ូ​

1119
ចែករម្លែក
  • 2
    Shares

​ពួកគេ​ធ្វើការ​តាំងពីព្រឹក​ព្រលឹម​នៅ​ចម្ការកៅស៊ូ​ដើម្បី​កើប “​មា​សស​” ដែល​ធ្វើឱ្យ​ប្រទេស​របស់​ពួកគេ​ក្លាយជា​អ្នក​ផលិត​កៅស៊ូ​លំដាប់​កំពូល​របស់​ពិភពលោក ប៉ុន្តែ​ខណៈ​តម្លៃ​ធ្លាក់ចុះ​ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន កសិករ​ថៃ​កំពុង​នាំគ្នា​បោះបង់ចោល​ការងារ​នៅ​ចម្ការកៅស៊ូ​។​

​ជ័រកៅស៊ូ​របស់​ថៃ​ផលិត​អ្វីៗ​គ្រប់យ៉ាង​ចាប់ពី​សំបក​កង់​និង​ស្រោមអនាម័យ​រហូតដល់​ក្បាលដោះ​ជ័រ​សម្រាប់​ទារក​និង​ស្រោមដៃ​វះកាត់​។ ដើម​កៅស៊ូ​ត្រូវបាន​ដាំ​ដុះ​នៅលើ​ផ្ទៃ​ស្ទើរ​គ្រប់កន្លែង​នៃ​ប្រទេស​ថៃ​។​

​ប៉ុន្តែ​ការធ្វើ​ពាណិជ្ជកម្ម​កៅស៊ូ​បាន​ឈានដល់​ផ្លូវបំបែក ខណៈដែល​ជម្លោះ​ដ៏​ជូរចត់​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​២​របស់​ពិភពលោក​បាន​រាលដាល​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍ ជាមួយ​ផលវិបាក​មិនបាន​រំពឹងទុក​ជាច្រើន​។​

​បណ្តា​ប្រទេស​នានា​ដូចជា​វៀតណាម​កំពុង​ទទួលបាន​ប្រយោជន៍ ព្រោះ​ក្រុមហ៊ុន​ផលិត​ជាច្រើន​បាន​ចាក​ចេញពី​ប្រទេស​ចិន​ចូលមក​វៀតណាម​ដើម្បី​បញ្ចៀស​ការដាក់ទណ្ឌកម្ម​ពន្ធ​លើ​ការនាំចេញ​ទៅកាន់​សហរ​ដ្ឋ​អាមេរិក​។​

​ប៉ុន្តែ​នៅក្នុង​ប្រទេស​ថៃ តម្លៃ​កៅស៊ូ​បាន​ធ្លាក់ចុះ ២០ ភាគរយ ចាប់តាំងពី​ខែមិថុនា ខណៈដែល​ពន្ធគយ​ដូចគ្នានេះ​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ក្លា​ទៅលើ​តម្រូវការ​ពី​រោងចក្រ​នៅក្នុង​ប្រទេស​ចិន ដែលជា​ទីផ្សារ​សម្រាប់​ការនាំចេញ​ជ័រកៅស៊ូ​ជាង​ពាក់កណ្តាល​របស់​ថៃ​។​

​កម្មករ​កៅស៊ូ​ថៃ​មួយចំនួន​បាន​បង្ខំចិត្ត​បោះបង់ចោល​ការងារ​ដាំ​ដុះ​របស់​ពួកគេ​ដើម្បី​ទៅរក​ការងារ​នៅតាម​រោងចក្រ​។​

​អ្នកស្រី អាន​នី​តា ដែល​ធ្លាប់ធ្វើ​ការប្រមូល​ផល​ជ័រកៅស៊ូ ១០​ម៉ោង​ក្នុង​មួយថ្ងៃ​នៅ​ឈៀង​រ៉ៃ​ភាគ​ខាងជើង​ប្រទេស​ថៃ ដោយរ​កម្រៃ​បាន​ត្រឹម ៧ ដុល្លារ​ក្នុង​មួយថ្ងៃ​តិចជាង​ប្រាក់​ឈ្នួល​អប្បបរមា​និង​តិចជាង​ពាក់កណ្តាល​នៃ​អត្រា​កាលពី​ច្រើន​ឆ្នាំ​កន្លង​ទៅនោះ បាន​និយាយថា “​ខ្ញុំ​មិនអាច​ចិញ្ចឹម​កូន​ខ្ញុំ​បាន​តទៅទៀត​ទេ​”​។​

​ដូច្នេះ​អ្នកស្រី​បាន​ងាក​ទៅរក​ការងារ​ធ្វើ​នៅ​រោងចក្រ​វេច​ខ្ចប់​មួយ ដែល​រកបាន​ប្រហែល ៩ ដុល្លារ​ក្នុង​មួយថ្ងៃ​។​

​អ្នកស្រី​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​គ្មាន​នរណាម្នាក់​ចង់​បន្ត​នៅទេ​។ ម្ចាស់​ចម្ការ​មិនអាច​រក​កម្មករ​បាន​ទៀត​ទេ​។ ការងារ​នេះ​លំបាក​ណាស់​សម្រាប់​ប្រាក់​ឈ្នួល​”៕ ដោយ៖ កញ្ញាដាលីស

កម្មករ​កៅស៊ូ​ថៃ​មួយចំនួន​បាន​បង្ខំចិត្ត​បោះបង់ចោល​ការងារ​ដាំ​ដុះ​របស់​ពួកគេ​ដើម្បី​ទៅរក​ការងារ​នៅតាម​រោងចក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម