ភ្នាក់ងារ​អាមេរិក​បាញ់​ផ្សែង​និង​គ្រាប់​ជ័រ​ដាក់​ជនអន្តោប្រវេសន៍​ដែល​ព្យាយាម​ឆ្លងកាត់​ព្រំដែន​ចូល​អាមេរិក​

896
ចែករម្លែក

ជនអន្តោប្រវេសន៍មកពីម៉ិកស៊ិចសំដៅមកកាន់ព្រំដែនអាមេរិករងការរុញច្រានដោយឧស្ម័នហៀរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័ររបស់ភ្នាក់ងារសន្តិសុខអាមេរិកបន្ទាប់ពីពួកគេមួយចំនួនតូចបានព្យាយាមផ្លោះឡើងរបងព្រំដែនដែលខណ្ឌប្រទេសទាំងពីរ។

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានAP ភ្នាក់ងារអាមេរិកបានបាញ់ឧស្ម័នហៀរទឹកភ្នែកនិងក្មេងៗបានស្រែកយំនិងក្អកដោយឈ្លួកផ្សែង។

ឧទ្ធម្ភាគចក្រល្បាតព្រំដែនរបស់អាមេរិកបានហោះពីលើ ខណៈភ្នាក់ងារអាមេរិកប្រុងជើងការនៅជិតរបងលួសបន្លាក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្រោយពីពួកជនអន្តោប្រវេសន៍អាមេរិកកណ្តាលជាច្រើនរយនាក់បានពើបប្រទះនិងឆ្លងកាត់របាំងប៉ូលិសម៉ិកស៊ិចនៅជិតព្រំដែន។

សូមបញ្ជាក់ថា ជនអន្តោប្រវេសន៍ជាង៥ពាន់នាក់បានបោះជំរំនៅក្នុងនិងជុំវិញទីលានកីឡាក្នុងក្រុងទីហ្សួណារបស់ម៉ិកស៊ិចនៅប៉ុន្មានសប្តាហ៍មកនេះ។ពួកគេសង្ឃឹមបានសិទ្ធិជ្រកកោននៅក្នុងទឹកដីអាមេរិក តែភ្នាក់ងារនៅចំណុចចូលអាចពិនិត្យពាក្យសុំរបស់គេបានក្រោម១០០នាក់ក្នុងមួយថ្ងៃ។

ជនអន្តោប្រវេសន៍ម្នាក់បាននិយាយថា ការដើរក្បួនមកកាន់ព្រំដែនកាលពីថ្ងៃអាទិត្យមានបំណងរំលេចអំពីស្ថានភាពជនអន្តោប្រវេសន៍ដល់រដ្ឋាភិបាលម៉ិកស៊ិចនិងអាមេរិក។

ចៅហ្វាយក្រុងទីហ្សួណា កាលពីថ្ងៃសុក្របានប្រកាសវិបត្តិមនុស្សធម៌មួយនៅក្នុងទីក្រុងដែលមានប្រជាពលរដក្ឋ១,៦លាននាក់នេះ ដោយសារខិតខំដោះស្រាយការហូរចូលមកនៃអនអន្តោប្រវេសន៍។ចំណែកប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានសរសេរបង្ហោះកាលពីថ្ងៃអាទិត្យថា លោកមិនសប្បាយចិត្តចំពោះក្បួនដំណើរនៅម៉ិកស៊ិច។បើតាមលោកត្រាំ ម៉ិកស៊ិចគួររារាំងក្បួននេះមុនពួកគេមកដល់ព្រំដែន។

ក្នុងពេលជាមួយគ្នា ក្រសួងមហាផ្ទៃម៉ិកស៊ិចបាននិយាយថា ប្រទេសលោកបានបញ្ជូនជនអន្តោប្រវេសន៍អាមេរិកកណ្តាល១១.០០០នាក់ទៅកាន់ប្រទេសដើមរបស់ពួកគេចាប់តាំងពីថ្ងៃ១៩តុលាមកនិងកំពុងស្ថិតក្នុងដំណើរការបញ្ជូនជនអាមេរិកកណ្តាល១០០.០០០នាក់ទៅកាន់ប្រទេសដើមរបស់គេនៅយ៉ាងយូរត្រឹមចុងឆ្នាំនេះ៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម