នាវា​ល្បាត​រុស្ស៊ី​បាញ់​និង​ចាប់​ទូក​របស់​កងទ័ពជើងទឹក​អ៊ុយ​ក្រែ​ន​បណ្តាលអោយ​របួស​នាវិក​៦​នាក់​

2278
ចែករម្លែក

នាវាល្បាតរុស្ស៊ីបានបាញ់និងចាប់ទូករបស់កងទ័ពជើងទឹកអ៊ុយក្រែន ដោយបណ្តាលអោយរបួសនាវិកចំនួន៦នាក់ក្រោយពីនាវារុស្ស៊ីបុកនិងរាំងផ្លូវដឹកជញ្ជូននៅសមុទ្រខ្មៅ ចំពេលមានភាពតានតឹងនៅក្នុងតំបន់។

កងទ័ពជើងទឹកអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថាបានបាញ់លើកងនាវារបស់ខ្លួន ដោយបណ្តាអោយរបួសសមាជិកនាវិកយ៉ាងតិច៦នាក់ និងបានចាប់ឃាត់ទុកនាវារបស់ខ្លួនចំនួន៣នៅក្នុងផ្លូវដឹកជញ្ជូនដ៏សំខាន់មួយនៅឯនាយឆ្នេរគ្រីមេ។តែ បើតាមសេវាសន្តិសុខសហព័ន្ធរុស្ស៊ី សព្វាវុធត្រូវបានប្រើដើម្បីបញ្ឈប់នាវាអ៊ុយក្រែនទាំងបីក្រោយពីពួកវារំលោភដែនទឹករុស្ស៊ី។

ឧបទ្ទវហេតុនេះបានកើតឡើងនៅច្រកសមុទ្រគឺច ជាដៃសមុទ្រតូចមួយដែលខណ្ឌចែកតំបន់គ្រីមេនិងដីគោករុស្ស៊ី។

ច្រកសមុទ្រគឺច ជាផ្លូវទឹកតែមួយគត់ចូលសមុទ្រអាហ្សូវ និងហួសពីនេះ ហើយរុស្ស៊ីបានបង្កើនវត្តមានជើងទឹករបស់ខ្លួននៅក្នុងដែនទឹកមានជម្លោះនេះចាប់តាំងពីការសាងសង់បញ្ចប់ស្ពានតំលៃរាប់លានដុល្លារមួយនៅទីនោះ។

ភាពតានតឹងត្រូវបានរំលេចកាលពីថ្ងៃអាទិត្យទី២៥វិច្ឆិកា នៅពេលនាវានៃកងទ័ពជើងទឹករុស្ស៊ីមួយបុកទូករបស់កងទ័ពជើងទឹកអ៊ុយក្រែនមួយនិងបិទផ្លូវទឹកនៅច្រកសមុទ្រនេះ។រុស្ស៊ី អះអាងថា ខ្លួនបង្ខំចិត្តបិទច្រកសមុទ្រនេះ ដោយសារនាវានៃកងទ័ពជើងទឹកអ៊ុយក្រែនមិនបានសុំការអនុញ្ញាតការឆ្លងកាត់ដែលទឹករុស្ស៊ី។

តែក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថាអំពើរបស់រុស្ស៊ីរំលោភធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងថាខ្លួនមានសន្ធិសញ្ញាឆ្នាំ២០០៣ដែលដាក់ច្រកសមុទ្រគឺចនិងសមុទ្រអាហ្សូវជាដែនទឹករួម៕ដោយ៖វាសនា

រូបភាពបង្ហាញនាវានៃកងទ័ពជើងទឹករុស្ស៊ីឡោមព័ទ្ធនិងបុកទូករបស់អ៊ុយក្រែនដោយសាររំលោភដែនទឹក

ដុំភ្លើងផ្សែងត្រូវបានបាតុករអ៊ុយក្រែនចោលចូលស្ថានទូតនិងស្ថានកុងស៊ុលរុស្ស៊ីនៅអ៊ុយក្រែនក្រោយកើតមានឧបទ្ទវហេតុនៅច្រកសមុទ្រគឺច

ទីតាំងផ្សាយពាណិជ្ជកម្ម