កម្ពុជា​-​ថៃ គ្រោង​ប្រើ​ត្រឹម​អត្តសញ្ញាណប័ណ្ណ ដើម្បី​ឆ្លងដែន​នៅ​ថ្ងៃបុណ្យ​សមុទ្រ

1190
ចែករម្លែក

ដោយ:សុ​ផានី​តា​/​កោះកុង ​៖ អាជ្ញាធរ​កម្ពុជា និង​ភាគី​ថៃ គ្រោង​នឹង​កំណត់អោយ​ប្រើប្រាស់​ត្រឹមតែ​អត្តសញ្ញាណប័ណ្ណ​ប៉ុណ្ណោះ​អាច​ឆ្លងដែន​ទៅមក​លេង​កម្សាន្ត​បាន​នៅ​ថ្ងៃបុណ្យ​សមុទ្រ​រយៈពេល​៣​ថ្ងៃ​។ អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ ក៏​ការអនុញ្ញាតឱ្យ​បើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម​២៤​ម៉ោង​លើ​២៤​ម៉ោង​ផងដែរ​។​

​តាម​ការបញ្ជាក់​របស់​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​រៀបចំ​ពិធី​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ ជាមួយ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និង​ស្ថាប័ន​មន្ទីរ​សមត្ថកិច្ច​ជំនាញ​កាលពី​ថ្ងៃទី​២៥ វិច្ឆិកា​។ បើ​គ្មានអ្វី​ប្រែប្រួល​ទេនោះ រដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​ថៃ នឹង​ឯកភាព​រួមគ្នា​លើ​កិច្ចការសម្រប សម្រួល​ដ​ល់​ឆ្លងដែន​ការ​ស្នាក់នៅ​និង​ការ​ទៅមក​លេង​កម្សាន្ត​ពិធីបុណ្យ​សមុទ្រ​រយៈពេល​៣​ថ្ងៃ​ជូន​ដល់​ពលរដ្ឋ​ប្រទេស​ទាំងពីរ គឺ​អនុញ្ញាត​ឱ្យប្រើ​ត្រឹមតែ​អត្តសញ្ញាណប័ណ្ណ​ប៉ុណ្ណោះ​ជំនួស​លិខិតឆ្លងដែន ហៅ​ម្យ៉ាង Passport​។​

​អភិបាលខេត្ត​កោះកុង បន្ថែមថា នៅ​ថ្ងៃ​សុក្រ ទី​៣០ វិច្ឆិកា ខាងមុខ លោកស្រី​នឹង​ដឹកនាំ​គណប្រតិភូ​ទៅ​ប្រជុំពិភាក្សា​លម្អិត​ពី​យន្តការ​សម្របសម្រួល​អោយ​កាន់តែ​ងាយស្រួល​ចំពោះ​ឆ្លងដែន​របស់​ពលរដ្ឋ​ប្រទេស​ទាំងពីរ​នៅ​ថ្ងៃបុណ្យ​សមុទ្រ​។ រាល់​ការចេញចូល​តាម​ច្រកព្រំដែន​២៤​ម៉ោង​លើ​២៤​ម៉ោង មានការ​កត់ត្រា​ចំនួន​មនុស្ស និង​រថយន្ត​យ៉ាង​តឹងរឹង ដើម្បី​ការពារ​ថែរក្សា​សណ្តាប់ធ្នាប់​សន្តិសុខ​។ ក្រោយ​បញ្ចប់​ពិធីបុណ្យ ការ​ឆ្លងដែន​ចាំបាច់​អនុវត្ត​ច្បាប់​ដូច​ថ្ងៃ​ធម្មតា ពោលគឺ​ត្រូវមាន​លិខិតឆ្លងដែន ព្រមទាំង​ឯកសារ​ពាក់​ព័​ន្ឋ​បម្រើការ​ឆ្លងដែន​។​

​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អះអាងថា ភាគី​ថៃ ក៏​អនុញ្ញាតឱ្យ​ពលរដ្ឋ​កម្ពុជា​ដែលមាន​រថយន្ត​អាចធ្វើ​ដំណើរ​ឆ្លងដែន​ចូល​ត្រឹម​ស្រុក​ខ្លងយ៉ៃ ខេត្ត​ត្រាត​បានដែរ​។ ប៉ុន្តែ​អាជ្ញាធរ​ថៃ​តម្រូវឱ្យ​បង់ថ្លៃ​ធានារ៉ាប់រង​ចំនួន​៩០០​បាត ដោយ​រថយន្ត​ពលរដ្ឋ​ណា គឺ​ប័ណ្ណបើកបរ​ពលរដ្ឋ​នោះ​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា អាជ្ញាធរខេត្ត និង​មន្ទីរជំនាញ បាន​សហការ​ជាមួយ​ម្ចាស់សណ្ឋាគារ និង​ផ្ទះសំណាក់​ជនជាតិ ដោយ​ត្រៀម​បន្ទប់​ស្នាក់នៅ​ចំនួន​៦០០​បន្ទប់​ជាបឋម ដើម្បី​ទទួល​ពលរដ្ឋ​កម្ពុជា​ទៅ​ស្នាក់នៅ​កម្សាន្ត ករណី​បើ​ក្នុង​ទី​រួម​ខេត្ត​ខ្វះខាត​ទីកន្លែង​ស្នាក់នៅ​។​

​ដោយឡែក ពុំមាន​អ្វី​ព្រួយបារម្ភ​ឡើយ ផ្លូវជាតិ​លេខ​៤៨ ដែល​ចេញពី​រង្វង់​មូល​ស្រែអំបិល​ឆ្ពោះទៅ​ខេត្តកោះកុង ត្រូវបាន​ក្រុមការងារ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមការងារ​របស់​កងវិស្វកម្ម កំពុង​សហការគ្នា​ព​ន្លឿ​ន​ការជួសជុល​ជិត​រួចរាល់ ១០០% ហើយ​។​

​នៅសល់តែ​ជាង​២០​ខែ​ទៀត​ប៉ុណ្ណោះ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ នៅ​ខេត្តកោះកុង នឹង​ប្រព្រឹត្តឡើង​ទៅតាម​អ្វីដែល​ជាការ​ត្រៀម​ទុក ចាប់ពី​ថ្ងៃទី​១៤​ដល់​១៦ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​បច្ចុប្បន្ននេះ​ក្រសួង ទេសចរណ៍ អាជ្ញាធរខេត្ត​បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​កែលម្អ​តុបតែង​ហេដ្ឋារចនាសម្ព័ន្ធ​ទីតាំង​គោលដៅ​ឲ្យទាន់​ពេលវេលា​នៃ​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​ខាងមុខ​។​

​ក៏មានដែរ ការផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ពាក់ព័ន្ធ កុំ​តម្លើងថ្លៃ​ការ​ស្នាក់នៅ ចំណីអាហារ​ហូបចុក ហួសហេតុ និង​សម្អាត​សំរាម​បរិស្ថាន​អនាម័យ ក្រោយ​លក់ដូរ​រួចរាល់ ជៀសវាង​ធ្វើឱ្យ​បាត់បង់​សោ​ភណ្ឌ​ភាព​ស​ណ្នា​ប់​ធ្នាប់​ល្អប្រសើរ​៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម