សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ផ្តល់​ឱវាទ​សំខាន់​ពីរ​យ៉ាង​ដល់​យុវជន​កម្ពុជា

870
ចែករម្លែក

​ភ្នំពេញៈ សម្តេច​វិបុល​សេនា​ភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​មហាសន្និបាត​លើក​ទី​៤ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​. យ​.​ក​) នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ។

​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​លើក​ទី​៤ នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រារព្ធ​ឡើង​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​២៦​និង​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​ព្រឹត្តិការណ៍​មហាសន្និបាត​បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការ​បូកសរុប​ការងារ​ឆ្នាំ​២០១២–២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨–២០២៣ ព្រមទាំង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ជាមួយ​កិច្ចពិភាក្សា​និង​ការអនុម័ត​លើ​ការកែប្រែ​លក្ខន្តិកៈ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​មានប្រសាសន៍ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រៀបចំ​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​លើក​ទី​៤ ដែល​ស្រប​នឹង​ខួប​ទី​៤០​ឆ្នាំ​របស់ខ្លួន នៃ​ការប្រមូលផ្តុំ​យុវជន​គ្រប់ទិសទី ជា​មហា​កម្លាំង​សាមគ្គី ក្នុងការ​រួមចំណែក​ក​សាង​បន្ថែម និង​លើកកម្ពស់​ប្រទេស​កម្ពុជា​ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។

​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​បាន​មានប្រសាសន៍​លើកទឹកចិត្ត​និង​ផ្តាំផ្ញើ​យុវជន​កម្ពុជា​នូវ​២​ចំណុច​សំខាន់​គឺ​៖ ទី​១- ចូលរួម​ឲ្យ​កាន់តែ​សកម្ម​ក្នុង​ការកសាង​អភិវឌ្ឍ ប្រទេសជាតិ​មាតុភូមិ​កម្ពុជា​យើង ឲ្យ​ក្លាយជា​ប្រទេស​រីកចម្រើន​ក្នុង​តំបន់​ជា​សង្គម​ប្រកបដោយ អារ្យធម៌ និង​សេចក្តីស្រឡាញ់​គ្មាន​ការកើត ឡើងវិញ​នូវ​សង្គ្រាម របប​ប្រល័យពូជសាសន៍ និង​ការបែកបាក់​ផ្ទៃក្នុង​ជាតិ ដូច​ពី​អតីតកាល​ទៀតឡើយ​។

​ទី​២- យុវជន​ម្នាក់ៗ ត្រូវខិតខំ​រៀនសូត្រ​ល​ត់​ដំ​ខ្លួន​ក្នុង​ចលនា​របស់​ប្រជាជន មហាជន ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ល្អ​នាពេល​អនាគត ដែលមាន​ស្មារតី​ស្នេហា ជាតិ​បរិសុទ្ធ មាន​សមត្ថភាព មានគុណ​ភាព និង​មាន​ឆន្ទៈ​មោះមុត ក្នុងការ​ថែរក្សា ឯករាជ្យភាព អធិបតេយ្យភាព បូរណភាព​ដែនដី ឲ្យ​បាន​រឹងមាំ​ក្នុង​គ្រប់​ស្ថានភាព និង​គ្រប់​កាលៈទេសៈ​ទាំង អស់​។​

​ទន្ទឹមនេះ​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​ក៏​ថ្លែង​កោតសរសើរ​ស្នាដៃ​សមិទ្ធផល​ការងារ​នានា​ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ទូទាំងប្រទេស​សម្រេចបាន​គួរ​ជាទី​មោទន​និង​ក្តីសង្ឃឹម​ខ្ពស់​ចំពោះ​ជាតិ មាតុភូមិ​និង​ប្រជាជន​។

​ព្រឹត្តិការណ៍​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​លើក​ទី​៤​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅ​ថ្ងៃទី​២​គឺ​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​រួម​ដោយ​វត្តមាន​ឥស្សរជន​ជាន់ខ្ពស់​កម្ពុជា​ជាច្រើនរូប​ទៀតផង​ដែរ​។​

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​គឺជា​រណសិរ្ស​ទូលំទូលាយ​នៃ​យុវជន​កម្ពុជា​ដែល​បាន​បន្ត​បេសកកម្ម​ពី​សមាគមយុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​សមាគមយុវជន​កម្ពុជា ដែល​បាន​បដិសន្ធិ​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨​ក្នុង​គោលដៅ​សំខាន់បំផុត​ដើម្បី​ប្រមូលផ្តុំ​យុវជន​គ្រប់ទិសទី ជា​មហា​កម្លាំង​សាមគ្គី ក្នុងការ​រួមចំណែក​ក​សាង​ប្រទេស​កម្ពុជា​ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជា​ធិ​ប តេ​យ្យ និង​វឌ្ឍនភាព​សង្គម​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម