នី​ហ្សេ​រី​យ៉ា​បាត់​លុយ ៦ ពាន់​លាន​ដុល្លារ​ពី​កិច្ចព្រមព្រៀង​ប្រេង “​ពុករលួយ​” ជាមួយ​ក្រុមហ៊ុន Eni និង​ក្រុមហ៊ុន Shell

888
ចែករម្លែក

​តុលាការ​មួយ​នៅ​ទីក្រុង​មី​ឡង់​របស់​អ៊ីតាលី​កំពុង​ពិចារណា​លើ​ការចោទប្រកាន់​ពីបទ​ពុករលួយ​ប្រឆាំងនឹង​ក្រុមហ៊ុន Eni និង​ក្រុមហ៊ុន Shell នៅក្នុង​កិច្ចព្រមព្រៀង​ប្រេង​ដ៏​ចម្រូងចម្រាស់​មួយ​ដែលនាំឱ្យ​ប្រទេស​នី​ហ្សេ​រី​យ៉ា​បាត់បង់​ប្រាក់​ប្រមាណ ៦ ពាន់​លាន​ដុល្លារ​។​

​អង្គការ Global Witness បាន​ប៉ាន់ប្រមាណ​ឃើញថា កិច្ចព្រមព្រៀង OPL 245 ក្នុង​ឆ្នាំ ២០១១ បានធ្វើឱ្យ​នី​ហ្សេ​រី​យ៉ា​ខាតបង់​ថវិកា​ទ្វេដង​សម្រាប់​ការអប់រំ​និង​ការថែទាំ​សុខភាព​ប្រចាំឆ្នាំ​របស់ខ្លួន​។​

​ក្រុមហ៊ុន Eni និង​ក្រុមហ៊ុន Shell ត្រូវបាន​ចោទប្រកាន់ថា​បានដឹងថា​ប្រាក់​ដែល​ពួកគេ​បាន​បង់​ឱ្យទៅ​នី​ហ្សេ​រី​យ៉ា​នឹងត្រូវ​ប្រើ​សម្រាប់​សំណូក​។​

​ក្រុមហ៊ុន​ថាមពល​យក្ស​អ៊ីតាលី​និង​ក្រុមហ៊ុន​ថាមពល​ហូ​ឡង់​-​អង់គ្លេស​ទាំង​២​នេះ​បាន​បដិសេធ​រាល់​ការធ្វើ​ខុស​ណាមួយ​។​

​រឿងអាស្រូវ​ដែល​កំពុង​កើតឡើង​នៅ​តុលាការ​អ៊ីតាលី​នេះ​បាន​ពាក់ព័ន្ធ​នឹង​អតីតមន្ត្រី MI6 មន្ត្រី FBI អតីត​ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា​ក៏ដូចជា​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​អតីត​និង​បច្ចុប្បន្ន​នៅ​ក្រុមហ៊ុន​ប្រេង​ទាំងពីរ​នេះ​។​

​អតីតរដ្ឋមន្ត្រី​ប្រេង​នី​ហ្សេ​រី​យ៉ា​លោក ដាន់ អ៊ី​តេ​តេ (Dan Etete) ត្រូវបាន​តុលាការ​ក្នុងប្រទេស​បារាំង​រកឃើញថា​មានទោស​ពីបទ​លាងលុយកខ្វក់ ហើយ​គេ​បានដឹងថា​លោក​បាន​ប្រើ​មូលនិធិ​ខុសច្បាប់​ដើម្បី​ទិញ​ទូក​ល្បឿន​លឿន​និង​លំនៅដ្ឋាន​ដូច​ប្រាសាទ​មួយកន្លែង​។ គេ​ក៏បាន​អះអាង​ផងដែរ​ថា គាត់​មាន​ក្រដាសប្រាក់ ១០០ ដុល្លារ​ច្រើន​សន្លឹក​ណាស់ ដែលមាន​ទម្ងន់​ដល់​ទៅ ៥ តោន​ឯណោះ​៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម