សម្តេច​ប្រធានព្រឹទ្ធសភា​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដើរតួនាទី​សំខាន់​លើកស្ទួយ​មោទនភាព និង​កិត្យានុភាព​ជាតិ និង​លើ​ឆាក​អន្តរជាតិ​

827
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: «​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​) បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ចលនា​យុវជន ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​សង្គម សេដ្ឋកិច្ច នយោបាយ ចូលរួម​អនុវត្ត​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅតាម​វិស័យ​និង​គ្រប់​មូលដ្ឋាន​នៅ​ទូទាំងប្រទេស ព្រមទាំង​បាន​ចូលរួមចំណែក​ជាពិសេស​ក្នុងការ​លើកស្ទួយ​មោទនភាព​ជាតិ និង​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​»​។​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​លើកឡើង​ដូច្នេះ​នៅក្នុង​ពិធី​បើក​មហាសន្និបាត​តំណាង​ទូទាំងប្រទេស លើក​ទី​៤ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នា​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​ក្នុងឱកាស​នោះដែរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក៏​លើកទឹកចិត្ត ផ្តាំផ្ញើ​និង សំណូមពរ​ដល់​យុវជន​កម្ពុជា​ឱ្យសម្រេចបាន​នូវ​ភារកិច្ច​ធំៗ​សំខាន់​ពីរ​គឺ​៖​ទី​១-​ចូលរួម​ឲ្យ​កាន់តែ​សកម្ម​ក្នុង​ការកសាង​អភិវឌ្ឍ ប្រទេសជាតិ​មាតុភូមិ​កម្ពុជា​យើង ឲ្យ​ក្លាយជា​ប្រទេស​រីកចម្រើន​ក្នុង​តំបន់​ជា​សង្គម​ប្រកបដោយ អារ្យធម៌ និង​សេចក្តីស្រឡាញ់​គ្មាន​ការកើត​ឡើងវិញ​នូវ​សង្គ្រាម របប​ប្រល័យពូជសាសន៍ និង​ការបែកបាក់​ផ្ទៃក្នុង​ជាតិ ដូច​ពី​អតីតកាល​ទៀតឡើយ​។​ទី​២៖ យុវជន​ម្នាក់ៗ​ត្រូវខិតខំ​រៀនសូត្រ​ល​ត់​ដំ​ខ្លួន​ក្នុង​ចលនា​របស់​ប្រជាជន មហាជន ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ល្អ​នាពេល​អនាគត ដែលមាន​ស្មារតី​ស្នេហា​ជាតិ​បរិសុទ្ធ មាន​សមត្ថភាព មានគុណ​ភាព និង​មាន​ឆន្ទៈ​មោះមុត ក្នុងការ​ថែរក្សា ឯករាជ្យភាព អធិបតេយ្យភាព បូរណភាព​ដែនដី ឲ្យ​បាន​រឹងមាំ​ក្នុង​គ្រប់​ស្ថានភាព និង​គ្រប់​កាលៈទេសៈ​ទាំងអស់​។​

ជាមួយគ្នា​នោះ​សម្តេច​ភក្តី​បាន​ចូលរួម​អបអរសាទរ​ចំពោះ​សមិទ្ធផល​ទាំងឡាយ​ដែល​ក្រុមគ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​សម្រេចបាន​ក្នុង​រយៈពេល ៦ ឆ្នាំ​កន្លងមកនេះ​នៅតាម​វិស័យ​និង​ផែនការ​ការងារ​ជាច្រើន​ដែល​បានផ្ដល់​ផលប្រយោជន៍​ផ្ទាល់​ដល់​យុវជន និង​សង្គម​កម្ពុជា​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​ជីវិត​សង្គម​ពោលគឺ​សស​យក​ជា​វេទិកា​ដ៏​ទូលំទូលាយ​មួយ​សម្រាប់​យុវជន​ទាំងអស់គ្នា​ចូលរួម ក្នុង​គោលដៅ​លើកកម្ពស់​សុខភាព​យុវជន ការសិក្សា ការរក​ការងារ​ធ្វើ ការ​ចម្រើន​លូតលាស់​និង​ការជំរុញ​លើកកម្ពស់​ផ្នត់គំនិត ចូលរួម​ផ្ដល់ទៅឱ្យ​សង្គម​វិញ​តាមរយៈ​ការងារ​ស្ម័គ្រចិត្ត​ការលះបង់​និង​បរិច្ចាក​។​ទន្ទឹមនេះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក៏​ថ្លែង​កោតសរសើរ​ស្នាដៃ​សមិទ្ធផល​ការងារ​នានា​ដែល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ទូទាំងប្រទេស​សម្រេចបាន គួរ​ជាទី​មោទន​និង​ក្តីសង្ឃឹម​ខ្ពស់​ចំពោះ​ជាតិ មាតុភូមិ និង​ប្រជាជន​។​
​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​ព​សហព័ន្ធ​យុវជន​កម្ពុជា បាន​មានប្រសាសន៍ថា​៖« សស​យក​នឹង​បន្តសកម្មភាព​ជួយ​សង្គម​កម្ពុជា និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ល​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​និង​អនុវត្ត​គោលនយោបាយ​នានា​»​។

​ការរៀបចំ​មហាសន្និបាត​លើក​ទី​៤​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ត្រូវបាន​ធ្វើឡើង​ចំ​ខួប​៤០​ឆ្នាំ​នៃ​កំណើត​របស់ខ្លួន​ផងដែរ​និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ សមាជិក សមាជិក​មកពី​ទូទាំង​២៥ រាជធានី​-​ខេត្ត​ចំនួន​ប្រមាណ​១,៣០០​នាក់​។​ ​មហាសន្និបាត​នេះ ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការ​បូកសរុប​ការងារ​ឆ្នាំ​២០១២-២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨-២០២០ ព្រមទាំង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក ជាមួយ​កិច្ចពិភាក្សា និង​ការអនុម័ត​លើ​ការកែប្រែ​លក្ខន្តិកៈ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ផងដែរ​។​

​មហាសន្និបាត​របស់​ស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹងមាន​ការអញ្ជើញ​ផ្តល់​កិត្តិយស​បិទ​មហាសន្និបាត​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​រណសិរ្ស​ទូលំទូលាយ​នៃ​យុវជន​កម្ពុជា ដែល​បាន​បន្ត​បេសកកម្ម​ពី​សមាគមយុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​សមាគមយុវជន​កម្ពុជា ដែល​បាន​បដិសន្ធិ​នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​១៩៧៨ ក្នុង​គោលដៅ​សំខាន់បំផុត ដើម្បី​ប្រមូលផ្តុំ​យុវជន​គ្រប់ទិសទី ជា​មហា​កម្លាំង​សាមគ្គី ក្នុងការ​រួមចំណែក​ក​សាង​ប្រទេស​កម្ពុជា ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​៕

មហាសន្និបាត​តំណាង​ទូទាំងប្រទេស លើក​ទី​៤ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នា​សណ្ឋាគារ​សុខា​ភ្នំពេញ​ក្រោម​អធិបតីភាព សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​

ទីតាំងផ្សាយពាណិជ្ជកម្ម