ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ពិនិត្យមើល​សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩

537
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ព្រឹទ្ធសភា​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ដើម្បី​ពិនិត្យមើល​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​៥​។ កិច្ចប្រជុំ​នេះ​នឹងធ្វើ​ឡើង​នៅ វិមាន​ព្រឹទ្ធសភា ក្រោម​អធិបតីភាព សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​កម្ពុជា ។​

​យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​បានឱ្យដឹងថា​របៀបវារៈ​ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឹងធ្វើ​ការពិភាក្សា និង​អនុម័ត​រួមមាន​ដូចខាងក្រោម​៖
​ទី​១៖ ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈ​ក​ម្មា​ទី​២​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ នៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​២ ព្រឹទ្ធសភា នីតិកាល​ទី​៤​។​​ទី​២៖ ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈ​ក​ម្មា​ទី​២​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧ នៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​២ ព្រឹទ្ធសភា​នីតិកាល​ទី​៤​។​

​ទី​៣៖​ពិនិត្យ​និង​សម្រេច​លើ​សំណើ​របស់​គណៈ​ក​ម្មា​ទី​២​ព្រឹទ្ធសភា​សុំ​ដាក់​ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​២​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​៖១៖​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​ស្តីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា​និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​២៖​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ស្តីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា​និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​

​ទី​៤៖ ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៦​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យលព្រម​លើ​សន្ធិសញ្ញា​ស្តីពី បត្យាប័ន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​រុ​ស្ស៉ី នៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​២​ព្រឹទ្ធសភា​នីតិកាល​ទី​៤​និង​ទី​៥៖​កំណត់​របៀបវារៈ​និង​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​លើក​ទី​២ ព្រឹទ្ធសភា​នីតិកាល​ទី​៤៕S/​

ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ពិនិត្យមើល​សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩

ទីតាំងផ្សាយពាណិជ្ជកម្ម