យុវជន​កម្ពុ​ជាជាង​៥​ម៉ឺន​នាក់​ប្រឡងប្រជែង​ទៅធ្វើ​ការ​នៅ​កូរ៉េ ​

1177
ចែករម្លែក

(​ភ្នំពេញ​) ៖ យុវជន​កម្ពុជា​ប្រមាណ​ជាង​៥​ម៉ឺន​នាក់ បាន​ចូលរួម​ប្រឡង​តេស្ដ​សមត្ថភាព​ភាសា​កូរ៉េ រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៥ ខែមិថុនា ដើម្បី​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​។
​ ​
​បេក្ខជន​មួយចំនួន​អះអាងថា បញ្ហា​ប្រាក់​ឈ្នួល​ខ្ពស់​ជា​កត្តា​ចម្បង​ដែល​ជំរុញ​ឲ្យ​ពួកគាត់​ប្រាថ្នា​ចង់ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​។
​ ​
​ក្នុងចំណោម​បេក្ខជន​ចូលរួម​ប្រឡង​ដែល​សុទ្ធតែជា​យុវជន​ពេញកម្លាំង​ប្រមាណ​ជាង ៥​ម៉ឺន​នាក់​នោះ (៥០.៩៦៤​នាក់​)​គឺ​ប្រទេស​កូរ៉េ​ខាង​​ត្បូង នឹង​ជ្រើសរើស​យកតែ​ជាង ៣.៦០០​នាក់ ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​ចំនួន ១.៣០០​នាក់ វិស័យ​សំណង់​ចំនួន ១.៨០០​នាក់​និង​​វិស័យ​កសិកម្ម ៥០០​នាក់​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក (facebook) របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​
​ ​
​ការប្រឡង​តេស្ដ​សមត្ថភាព​ភាសា​កូរ៉េ​នេះ គឺធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៥ ខែមិថុនា ដោយមាន​មណ្ឌល​ប្រឡង​ចំនួន​៩ ស្ថិតក្នុង​រាជធានី​ភ្នំពេញ​។ បេក្ខជន​ភាគច្រើន​មកពី​តាម​បណ្ដា​ខេត្ត ហើយ​មានមុខរ​បរជា​សិស្ស និស្សិត និង​ខ្លះទៀត​ជា​កម្មករ និង​កសិករ ជាដើម​។​
​ ​
​ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ ចំនួន ៥៣.០០០​នាក់ និង​ពលករ​មិន​ស្របច្បាប់​ប្រមាណ​ជា ៣​ពាន់​ទៅ ៤​ពាន់​នាក់​ផ្សេងទៀត​។ ពួកគេ​ទាំងនោះ​កំពុងធ្វើការ​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​វិស័យ​សំណង់​។ ដោយឡែក​ក៏មាន​ស្ត្រី​ខ្មែរ​រៀបការ​ជាមួយ​ស្វាមី​កូរ៉េ ជាង ១​ម៉ឺន​នាក់ និង​និស្សិត ៤០០​នាក់​កំពុង​សិក្សា​និង​រស់នៅ​​ប្រទេស​កូរ៉េ​។

​មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​អះអាងថា​ពលករ​ចំណាកស្រុក​ដែល​កំពុង​បំពេញការងារ​នៅក្រៅ​ប្រទេស​បច្ចុប្បន្ន​បាន​ជួយ​សេដ្ឋកិច្ចកម្ពុជា​យ៉ាងច្រើន​៕

ការប្រឡង​តេស្ដ​សមត្ថភាព​ភាសា​កូរ៉េ​នេះ គឺធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៥ ខែមិថុនា

ទីតាំងផ្សាយពាណិជ្ជកម្ម