ព្យុះ​ទី​២៩ មានឥទ្ធិពល​ផ្ទាល់​ដល់​កម្ពុជា​ជា​ប្រវត្តិសាស្ត្រ​

2001
ចែករម្លែក
  • 955
    Shares

ដោយ​: ប​.​ខុន / ភ្នំពេញ​: ព្យុះ​ឈ្មោះ​យូ​សាជី បាន​ថយឥទ្ធិពល​មក​នៅ​ជា​វិ​សម្ពាធ ពេល​ដើរចូល​មកដល់​ប្រទេស​កម្ពុជា ដោយមាន​ល្បឿន​រំ​កឹ​ល​យឺត និង​ខ្យល់​បក់បោក ក៏បាន​ចុះខ្សោយ​មក​នៅក្រោម​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង តែមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅក្នុង​តំបន់​ដែល​ព្យុះ​បាន​ចូលដល់​ធ្វើ​ឲ្យ​បញ្ចប់​ការងារ​អន្តរាគមន៍​បូមទឹក នៅក្នុង​ខេត្ត​ជាច្រើន ជាមួយគ្នានេះ​ក្រសួង​ធនធានទឹក​ក៏បាន​ត្រៀម​គ្រឿងចក្រ ដើម្បី​ទប់ទល់​ជាមួយនឹង​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​ផងដែរ​។​

​ភ្លៀង​ដោយសារ​ព្យុះ​ទី​២៩​បាន​ពន្លិច​ផ្នែក​ខ្លះ​នៃ​ផ្លូវជាតិ​លេខ​៧​ក្នុង​ខេត្ត​ត្បូងឃ្មុំ (​ធនធានទឹក​)

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ថា ព្យុះ​ដែលមាន​ឥទ្ធិពល​ផ្ទាល់​ដូចជា​ព្យុះ​ទី​២៩ ឈ្មោះ​យូ​សាជី ដែល​កំពុងមាន​សកម្ម​ភាព​នៅ លើ​ខេត្តស្វាយរៀង​និង​ខេត្តព្រៃវែង​មិន​ធ្លាប់មាន​ពីមុនមក​ទេ​។ ពេលនេះ​(២៦​វិច្ឆិកា​) វា​បាន​ថយឥទ្ធិពល​មក​នៅ​កម្រិត​ជា​វិ​សម្ពាធ​(TD) ដោយមាន​ល្បឿន​រំ​កឹ​ល​យឺត​និង កម្លាំង​ខ្យល់​បក់បោក​ជុំវិញ​ផ្ចិត នៃ​ព្យុះ​បាន​ចុះខ្សោយ​មក​នៅក្រោម​១០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ទើប​មិនមាន​គ្រោះថ្នាក់​ដល់ផ្ទះ​សម្បែង​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បាន​បញ្ជាក់ថា ព្យុះ​យូ​សាជី​ពេល​មក​ជិត​ដល់​ឆ្នេរ​ប្រទេស​វៀតណាម បាន​វិ​វត្ត​ទៅជា​ព្យុះកំ​បុ​ត្បូង ហើយ​ថយឥទ្ធិពល​ទៅជា​ព្យុះ​(sTS) ដោយមាន​ល្បឿន​ជាង​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ពេល​ឡើងគោក​នៅលើ​ឆ្នេរ​ប្រទេស​វៀតណាម និង​ចូលដល់​ប្រទេស​កម្ពុជា បាន​ថយ​នៅ​កម្រិត​ជា​វិ​សម្ពាធ ដោយមាន​កម្លាំង​ខ្យល់​បក់បោក​ក្រោម​១០០​គីឡូម៉ែត្រ ក្នុង​ម៉ោង​និង​មាន​ល្បឿន​រំ​កឹ​ល​យឺត​បំផុត​។​

​ភ្លៀង​ដោយសារ​ព្យុះ​ទី​២៩​បាន​ពន្លិច​ផ្នែក​ខ្លះ​នៃ​ផ្លូវជាតិ​លេខ​៧​ក្នុង​ខេត្ត​ត្បូងឃ្មុំ (​ធនធានទឹក​)

​លោក ចាន់ យុ​ត្ថា បាន​និយាយ​ឲ្យ​ដឹង​ទៀតថា ព្យុះ​ដែល​បាន​រំ​កឹ​ល​យឺតៗ​នេះ​នឹង​មកដល់​រាជធានី​ភ្នំពេញ​នៅ​រំលងអធ្រាត្រ​ថ្ងៃទី​២៧​ខែវិច្ឆិកា បន្ទាប់ពី​បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ដល់​កម្រិត​លើសពី​១០០​មី​លី​ម៉ែត្រ នៅ​តំបន់​ដែល​ព្យុះ​ឆ្លងកាត់​និង​នៅ​តំបន់​ជិតខាង​ព្យុះ ធ្វើ​ឲ្យ​ខេត្ត​មួយចំនួន​ដូចជា​ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម​ដែលមាន​ដំណាំ​ស្រូវ​ខ្វះ​ទឹកភ្លៀង​បញ្ចប់​ការងារ​អន្តរាគមន៍​។​

​ព្យុះ​ដែល​រំ​កឹ​ល​ដោយ​ល្បឿន​យឺតៗ​នេះ ត្រូវបាន​លោក ចាន់ យុ​ត្ថា និយាយ​ដោយ​ការព្រួយបារម្ភ​ពី​ជំនន់​ទឹកភ្លៀង ដែល​អាច​នឹង​កើត​មាននៅ​ស្ទឹង​ព្រែក​ត្នោត​សាជាថ្មី ដោយសារ​ព្យុះ​នេះ​ដើរទៅ​ប៉ះ​ជាមួយនឹង​ជួរ​ភ្នំ មុននឹង​ឆ្លងទៅ​ដល់​ខេត្តកោះកុង​។ ខេត្តកំពង់ស្ពឺ ក៏​ជា​ខេត្ត​ព្រ​ឈម​នឹង​ជំនន់​ទឹកភ្លៀង​ដែរ​។ ព្យុះ​នេះ នឹង​ថយឥទ្ធិពល​ទៅវិញ​នៅ​ថ្ងៃទី​២៧​ឬ​២៨​ខែវិច្ឆិកា នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង និង​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​ផងដែរ​។​

​រំលឹក​ឲ្យ​ដឹងថា​ក្រសួង​ធនធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​បាន​ជូនដំណឹង​បន្ថែមថា​វិ​សម្ពាធ​ដែល​បាន​ឆ្លងកាត់​ប្រទេស​ហ្វី​ពី​ន​បានក្លាយ​ជា​កូន​ព្យុះ​(ST) ទី​២៩​ឈ្មោះ យូ​សាជី (USAGI) ហើយ​បាន​បង្កើន​ឥទ្ធិពល​ទៅជា​( STS)​បន្តដំណើរ​ចូល​មកដល់​ឆ្នេរ​ប្រទេស​វៀតណាម វេលា​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៥ និង​ចូលដល់​ថ្ងៃទី​២៦​វិច្ឆិកា ថយឥទ្ធិពល​ទៅជា​វិ​សម្ពាធ ហើយ​បន្តដំណើរ​ឆ្លងកាត់​លើ​ប្រទេស​កម្ពុជា​។​

គ្រឿងចក្រ​បាន​ត្រៀម​ជាស្រេច​ដើម្បី​ទប់ទល់​នឹង​ជំនន់​ស្ទឹង​ព្រែក​ត្នោត​

​នៅក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា តាម​ការ​ព្យាករ​ឥទ្ធិពល​របស់​ព្យុះ USAGI នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ពី​មធ្យម​ទៅ​ច្រើន​នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​នឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និង​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​។ ខ្យល់​បក់បោក​មាន​ល្បឿន​ពី​១៣​ទៅ​១៥​ម៉ែត្រ​ក្នុង​មួយ​វិនាទី​(​ធម្មតា​ពី​៣​ទៅ​៤​ម៉ែត្រ​)​។ នៅលើ​ផ្ទៃសមុទ្រ​មាន​រលក​ខ្ពស់ៗ​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ជំនាញ​បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ​និង​អ្នកដំណើរ​តាម​សមុទ្រ ឲ្យ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​និង​គួរ​ផ្អាក​សកម្មភាព​ចាប់ពី​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៦​ខែវិច្ឆិកា ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមាន​ជាយថាហេតុ​។​

​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៦​ខែវិច្ឆិកា ភ្លៀង​ដោយសារ​ឥទ្ធិពល​ព្យុះ​ទី​២៩ បានបញ្ចប់​ការងារ​អន្តរាគមន៍​សង្គ្រោះ​ដំណាំ​ស្រូវ​ខ្វះ​ទឹក​ជាង​មួយ​ម៉ឺន​ហិកតា​នោះ​ហើយ​។​
​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា ភ្លៀង​កើតចេញពី​ឥទ្ធិពល​ព្យុះ​ទី​២៩ បានបញ្ចប់​ការងារ​អន្តរាគមន៍​បូមទឹក​នៅក្នុង​ខេត្ត​ច្រើន ហើយ​ព្រម​ពេល​ជាមួយគ្នានេះ​ក្រសួង​ក៏បាន​បញ្ជូន​គ្រឿងចក្រ​ទៅកាន់​តំបន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​រួចហើយ​ដែរ ដើម្បី​ត្រៀម​អន្តរាគមន៍​ពេល​មាន​ជំនន់​ស្ទឹង​ព្រែក​ត្នោត​កើតឡើង​ជាថ្មី​ដោយសារ​ព្យុះ​នេះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម