សៀវភៅ​បែប​ប្រវត្តិសាស្ត្រ “​ការតស៊ូ​របស់​ប្រជាជន​: កម្ពុជា​រស់​ឡើងវិញ​” និយាយ​ពី​ដំណើរ​តស៊ូ​ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន របស់​សម្តេច ហេង សំរិន ត្រូវ​សម្ពោធ​និង​ផ្សព្វផ្សាយ​

1099
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ពោធ​និង​ផ្សព្វផ្សាយ​សៀវភៅ​កំណត់ហេតុ​ស្តីពី ការតស៊ូ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុង​ដំណើរ​រំដោះ​ប្រទេសជាតិ​ចេញពី​របប​ប៉ុលពត ការចូលរួម​ស្តារ និង​អភិវឌ្ឍ​ប្រទេសជាតិ​ឡើងវិញ​ក្រោយ​ភ្លើងសង្គ្រាម​បាន​រលត់​ទៅ​។ បេសកកម្ម​ក្នុង​បុព្វហេតុ​ជាតិ​និង​ប្រជាជន ដែល​សម្តេច​បាន​ចំណាយពេល​សឹង​ពេញ​មួយជីវិត​សម្តេច ត្រូវបាន​កត់ត្រា​ទុក​នៅ​ក្នុង​សៀវភៅ “​ការតស៊ូ​របស់​ប្រជាជន​: កម្ពុជា​រស់​ឡើងវិញ​” ជា​ភាសា​អង់គ្លេស​ដែល​បាន​សម្ពោធ​និង​ផ្សព្វផ្សាយ នៅ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃទី​២៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨​។

សៀវភៅ​បែប​ប្រវត្តិសាស្ត្រ​“​ការតស៊ូ​របស់​ប្រជាជន​: កម្ពុជា​រស់​ឡើងវិញ​” និយាយ​ពី​ដំណើរ​តស៊ូ​ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន របស់​សម្តេច ហេង សំរិន ត្រូវ​ស​ម្ពោ​និង​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៦ វិច្ឆិកា ឆ្នាំ​២០១៨

​ពិធី​សម្ពោធ​និង​ផ្សព្វផ្សាយ​សៀវភៅ​ដែលមាន​លក្ខណៈ​ប្រវត្តិសាស្ត្រ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា​រដ្ឋសភា ព្រឹទ្ធសភា មន្ត្រី​រដ្ឋាភិបាល មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា និង​ព្រឹទ្ធសភា ព្រមទាំង​និស្សិត និង​បណ្ណារក្ស នៃ​គ្រឹះស្ថាន​អប់រំ​សាធារណៈ និង​ឯកជន ប្រមាណ​ជាង ១០០ នាក់​។​

“​ការតស៊ូ​របស់​ប្រជាជន​: កម្ពុជា​រស់​ឡើងវិញ​” បង្ហាញ​ពី​ការពិត​នៃ​សង្គ្រាម​នៅ​កម្ពុជា​ដល់​អ្នកអាន​និង​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដែល​ចង់​សិក្សា​ឈ្វេងយល់​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​។ ជា​ប្រវត្តិសាស្ត្រ​នៃ​ការតស៊ូ​រំដោះប្រទេស​ជាតិ​របស់​ឥស្សរជន​ស្នេហា​ជាតិ​និង​ដំណើរ​ស្តា​កម្ពុជា​ឡើងវិញ ក្រោយ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​រលំ​ទៅក្នុង​រយៈ ៤០​ឆ្នាំ​កន្លងមកនេះ​។​

​ប្រសូត្រ​នៅក្នុង​គ្រួសារ​កសិករ​នៅ​ទីជនបទ​មួយ​ក្នុង​ខេត្តកំពង់ចាម ក្នុង​ឆ្នាំ​១៩៣៤ សម្តេច ហេង សំរិន គឺជា​ប្រធាន​ស្ថាបនិក​ចលនា​មហាជន​ធំ​មួយ​ឈ្មោះថា “​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​“ ដែល​ក្រោយមក​បាន​ប្តូរ​ឈ្មោះ​ជា “​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​” ដែល​បាន​បង្កើតឡើង​នៅក្នុង​សមាជ​មួយ​នៅ​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨​។ ផ្តើមចេញពី​ខេត្តក្រចេះ​នោះ​ហើយ ដែល​សម្តេច ហេង សំរិន បានប្រកាស​ផែនការ ១១ ចំណុច ក្នុងការ​ផ្តួលរំលំ​រប​ប​ប្រល័យពូជសាសន៍ ប៉ុល ពត ។​

​ក្រោយ ថ្ងៃ​៧ ខែមករា ឆ្នាំ​១៩៧៩ សម្តេច ហេង សំរិន បាន​ក្លាយជា​ប្រមុខរដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​ជា​អគ្គលេខាធិការ​បក្ស នៃ​គណបក្ស​បដិវត្តន៍​ប្រជាជន​កម្ពុជា​។ បច្ចុប្បន្ន សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជា​ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​នៃ​គណ បក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​ជា​ប្រធាន​ប្តូរ​វេន​នៃ​វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក (APPF) ខណៈដែល​សភា​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិកាសភា​នេះ នៅក្នុង ខែមករា ឆ្នាំ​២០១៩ ខាងមុខ​។ APPF បាន​បង្កើតឡើង​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក យ៉ា​ស៊ូ​ហ៊ី​រ៉ូ ណា​កា​សូ​ណេ (Yasuhiro Nakasone) ក្នុង​ឆ្នាំ​១៩៩៣​។ ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំនេះ ជា​ជោគជ័យ​ផ្នែក​ការទូត​សភា​កម្ពុ​ជាថ្មី​មួយទៀត នៅ​ដើម​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​។​

​សម្តេច ហេង សំរិន គឺជា​ថ្នាក់ដឹកនាំ​ម្នាក់​ក្នុងចំណោម​ថ្នាក់ដឹកនាំ​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ចំនួន ១៤​រូប ដែល​នៅ​រស់រានមានជីវិត ដូចជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោកជំទាវ មាន សំអាន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិកា​ព្រឹ​ទ្ឋ​សភា ឯកឧត្តម រស់ សម័យ ទីប្រឹក្សា​ជាន់ខ្ពស់​រាជរដ្ឋាភិបាល និង ឯកឧត្តម ចាន់ វ៉ែន អតីត​អគ្គលេខាធិការ​រដ្ឋសភា ជាដើម​។​

​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នឹង​ប្រារព្ធ​ខួប​លើក​ទី​៤០​ឆ្នាំ ថ្ងៃ​បង្កើត​រណសិរ្ស នៅ​ស្តូប​អនុស្សាវរីយ៍ នា​ស្រុក​ស្នួល ខេត្តក្រចេះ នា​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ​។ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​ក្នុង​កម្មវិធី​នេះ​ដែលមាន​មហាជន​រាប់ម៉ឺន នាក់​ចូលរួម​ផងដែរ​។​

​ក្នុង​សៀវភៅ​នេះ ក៏បាន​និយាយ​ពី​មរណភាព​របស់ សោ ភឹម មេបញ្ជាការ​ភូមិភាគ​បូព៌ា នៃ​កងទ័ព​បដិវត្តន៍​ប្រជាជន​កម្ពុជា គឺជា​អ្វីមួយ ដែល​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ចង់ដឹង​។ សៀវភៅ​“​ការតស៊ូ​របស់​ប្រជាជន​: កម្ពុជា​រស់​ឡើងវិញ​” នឹងមាន​រៀបរាប់​លម្អិត​ទាក់ទង​នឹង​ការស្លាប់​របស់ សោ ភឹម​។

​ត្រង់ចំណុច​មួយ​ដែល​សម្តេច ហេង សំរិន បាន​ប្រាប់​អ្នកនិពន្ធ​ដោយបាន​រំលឹក​អំពី​កិច្ចប្រជុំ​ចុងក្រោយ​មួយ​ជាមួយនឹង អតីត​មេបញ្ជាការ​ដែល​កំពុងមាន​ជំងឺ​នៅ​វត្ត​មួយ ក្នុង​ឃុំ​ព្រៃ​សា​លិ​ត ក្នុងស្រុក​ពារាំង​ខេត្តព្រៃវែង​កាលពី​ឆ្នាំ​១៩៧៨ ដែល​ភ្លាមៗ​នោះ​បន្ទាប់ពី​អង្គរក្ស​មួយចំនួន​របស់ សោ ភឹម ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង ប៉ុល ពត នៅ​ជិត​ទីក្រុង​ភ្នំពេញ​។​

“​គាត់​ស្ថិតនៅក្នុង​សភាព​មួយ​បាក់​ទឹកចិត្ត​” សម្តេច បាន​រៀបរាប់​ដូច្នេះ ដោយបាន​ពន្យល់​ពី​មូលហេតុ​ដែល សោ ភឹម បាន​ឯកភាព​ចាក​ចេញពី​កងកម្លាំង​របស់​ប៉ុលពត ឆ្ពោះទៅកាន់​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ “​នៅ​ស្រុក​ស្រី​សន្ធរ​សម្តេច​មាន​ទាហាន​ឈរជើង​ចំនួន​៣០០ នាក់ សម្រាប់​ត្រៀម​អន្តរាគមន៍​សភាពការណ៍​ដែល​អាច​កើតឡើង​ជាយថាហេតុ​ណាមួយ​”​។

​នៅពេល​សម្តេច​បាន​វិល​ត្រឡប់មក​ខេត្តព្រៃវែង ក្នុងការ​រៀបចំ​ផែនការ​ជម្លៀស​អង្គភាព​យោធា​ឆ្ពោះទៅកាន់​ទិស​បូព៌ា ស្រាប់តែ​អ្នករត់​សំបុត្រ​ម្នាក់​បាន​ហុច​សំបុត្រ​មួយច្បាប់​របស់ សោ ភឹម ជូន​សម្តេច​។ ជា​សំបុត្រ​ដែល សោ ភឹម បាន​សរសេរ​ដោយ​ប្រើ​ប៊ិច​ទឹក​ពណ៌​ក្រហម​និង​ខ្មៅ​ថា “​សូម​សម​ម​តិ្ត​តាំងស្មារតី​ខ្ពស់ ធ្វើ​ការតស៊ូ​ប្តូរផ្តាច់​ដាច់ខាត​លុះ​ដំណក់ឈាម​ចុងក្រោយ បើ​សម​មិត្ត​តាំងស្មារតី ខ្ពស់​ធ្វើ​ការតស៊ូ​ប្តូរផ្តាច់ ដាច់ខាត អង់អាច​ក្លាហាន មាន​ផ្លូវ​ពីរ​គឺ រស់​និង​ស្លាប់​។ ប្រសិនបើ​ត្រូវស្លាប់ យើង​ត្រូវស្លាប់​ក្នុង​កិ​ត្ត​យស មិន​សុខចិត្ត​អោបដៃ​អោយគេ​សម្លាប់​ឡើយ​“​។​

​អានសំបុត្រ​ចប់​សម្តេច​បានចេញ​បញ្ជារ​ឱ្យ កម្លាំង​មួយក្រុម​ដែល​បំពាក់​ដោយ​អាវុធ​ជាច្រើន​ដើម ដើម្បី​ការពារ សោ ភឹម ចេញពី​ស្រុក​ស្រី​សន្ធរ​ឆ្ពោះទៅកាន់​ព្រំដែន​វៀតណាម​នៅ​ព្រឹក​បន្ទាប់​។ ក៏ប៉ុន្តែ “​នៅពេលដែល​ពួក​កងការពារ​កំពុង​ចេញដំណើរ ស្រាប់តែ​កងកម្លាំង​របស់ ប៉ុល ពត បាន​វាយប្រហារ​” សម្តេច​បាន​និយាយថា “​សោម ភឹម មិនបាន​ទៅដល់​វៀតណាម​ឡើយ​”​។ ​

​តាមរយៈ​សៀវភៅ “​ការតស៊ូ​របស់​ប្រជាជន​: កម្ពុជា​រស់​ឡើងវិញ​” សម្តេច​បាន​គូសបញ្ជាក់ថា “​យន្តហោះ​សត្រូវ​បាន​បាច​ខិតប័ណ្ណ​ចោទប្រកាន់ មេបញ្ជាការ​ភូមិភាគ​បូព៌ា សោ ភឹម ថា​ជា​ជន​ក្បត់​, លេខា​រង​ស្រុក ឈ្មោះ ហាន បាន​បញ្ជា​ទាហាន​អោយ​សម្លាប់​គាត់​។ “​ក្នុងការ​ប៉ះទង្គិច​ដោយ អាវុធ រវាង​កងការពារ និង​ទ័ព​ស្រុក សោ ភឹម ត្រូវបាន​សម្លាប់​នៅ​ព្រែក​ពោ​ធ៌ ដែល​បច្ចុប្បន្ន​ក្លាយជា​ឃុំ ព្រែក​ពោ​ធ៌ របស់​ស្រុក​ស្រី​សន្ធរ​។ ប្រពន្ធ​របស់គាត់​ឈ្មោះ​ផាន់ ហៅ យាយ​ការ៉ូ ក៏ត្រូវ​បានសម្លាប់​ជាមួយ​កូន ពីរ​នាក់​ផ្សេងទៀត​ផងដែរ​។

​សម្តេច ហេង សំរិន បាន​មានប្រសាសន៍​បន្តថា “​ពួក​ទ័ព​សត្រូវ​បាន​យក​សព សោ ភឹម ជា​ភស្តុតាង​និង​ចោទប្រកាន់ថា គាត់​ជា​ជន​ក្បត់​ពិតប្រាកដ ហើយ​គាត់​បាន​ស្លាប់​ហើយ​។ ឈ្មោះ ឈាន ដែលជា​លេខា​បក្ស​តំបន់ ២២ និង​ឈ្មោះ សារុន ប្រធាន​ភស្តុភារ​តំបន់​បូព៌ា​ក៏ត្រូវ​បាន​ពួកវា​សម្លាប់​ផងដែរ​”​។

ការប៉ះទង្គិច​ជាមួយ​កងកម្លាំង​តា​ម៉ុក​
“​ការតស៊ូ​របស់​ប្រជាជន​: កម្ពុជា​រស់​ឡើងវិញ​” ក៏​និយាយ​រំលឹក​ផងដែរ​ដល់​ការប៉ះទង្គិច​ដំបូង​ជាមួយ​កងកម្លាំង​តំបន់​និរតី​ដែល​ដឹកនាំ ដោយ តា​ម៉ុក ខណ​:​ពេលដែល​កម្លាំង​បដិវត្តន៍​កំពុងតែ​ប្រ​យុ​ទ្ឋ ផ្តួលរំលំ របប​លន់​ណុល​។​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ហៅ​ការប៉ះទង្គិច​លើកដំបូង​ជាមួយ​តា​ម៉ុក​នោះ មាន​ជាប់​ពាក់​ព័​ន្ឋ​នឹង​ការបាត់​ខ្លួន នៅ​តំបន់ភ្នំ​ជី​សូ​នូវ​កងកម្លាំង​១០​នាក់ មកពី​តំបន់​បូព៌ា ដោយ​រួមទាំង​មេបញ្ជាការ​កងអនុសេនាធំ​មួយរូប​ផងដែរ​។​

​ក្នុងនាម​ជា​មេបញ្ជាការ​ភូមិភាគ សោ ភឹម បាន​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​តា​ម៉ុក​។ សំបុត្រ នោះ​ត្រូវបាន​បេសកជន​ម្នាក់​ឈ្មោះ អយ ជា​ប្រធាន​កងវរៈសេនាតូច​លេខ ១២ យកទៅ​ឲ្យ​។ លោក​អយ បាន​កាន់​សំបុត្រ​ធ្វើដំណើរ​ទៅ​ជួប​តា​ម៉ុក ដោយផ្ទាល់​នៅ​ស្រុក​បាទី ខេត្តតាកែវ​”​។ សម្តេច​បាន​រៀបរាប់​បន្តថា “​តា​ម៉ុក​បាន​ឆ្លើយថា​គាត់​មិនបាន​ដឹង​ទេ ហើយ​ថា គេ​ចាប់​តែ​ខ្មាំង​ទេ​។ ពី​ពេល​នោះមក យើង​មិនដែល​ឃើញ​ទាហាន​របស់​យើង​ទៀតឡើយ​”​។​

​ក្រោយមកទៀត​ក៏មាន​ការប៉ះទង្គិច​គ្នា​ម្តងទៀត​នៅ​តំបន់​ព្រំដែន​ស្រុក​ស្អាង និង​ស្រុក​ព្រៃ កប្បាស​ត្រង់​ម្តុំ​ព្រែក​អំបិល​។ នោះ​គឺជា​ការប៉ះទង្គិច​ទ្រង់ទ្រាយ​ធំ​មួយ​រវាង កងកំលាំង​ថ្មើរជើង​របស់​ភូមិភាគ​ទាំងពីរ រហូត​មានការ​ប្រឈមមុខ​ដាក់​គ្នា ដោយ​ប្រើ​កាំភ្លើងត្បាល់​ទៀតផង​។​ ​

​សម្តេច ហេង សំរិន មានប្រសាសន៍ថា ភាព​តានតឹង​ជាមួយ​តំបន់​និរតី​បាន​បន្ត​កើតមាន​ភ្លាមៗ បន្ទាប់ពី​កងកម្លាំង​បដិវត្តន៍​បាន​ផ្តួល រំលំ​របប​លន់ ណុល កាលពី ខែមេសា ឆ្នាំ​១៩៧៥​។ ”​ភូមិភាគ​និរតី​បាន​ហាមឃាត់​កងទ័ព​ភូមិភាគ​បូព៌ា ២០៣ មិនអោយ​ដើរ​ឆ្លងថ្នល់​ធំ (​ផ្លូវ​ព្រះមុនីវង្ស​) ហួស​គំនូស​មក​ខាងលិច​ជាដាច់ខាត​។ ស្រាប់​តែមាន​ពេល​មួយ​នោះ លោក ឈូក សៅ អនុ​បញ្ជាការ​កងវរៈសេនាធំ​លេខ ១២៦ របស់ខ្ញុំ​បាន​ដើរ​ឆ្លង​គំនូស​ទៅខាង​លិច​ថ្នល់​ធំ​” ក៏ត្រូវ​សន្តិសុខ​កងពល​លេខ​១២ ចាប់​ឃុំ​អស់​ជិត​មួយ​យប់ បង្អត់បាយ​បង្អត់ទឹក ទម្រាំ​ខ្ញុំ​ដោះស្រាយ​រួច ទើប​គេ​ព្រម​ដោះលែង​” នេះ​ជាការ​គូសបញ្ជាក់​របស់​សម្តេច​ប្រធានរដ្ឋសភា​”​។​

ការដក​កម្លាំង​ចេញពី​ភ្នំពេញ​
​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន មានប្រសាសន៍ថា កងកម្លាំង​តំបន់​បូព៌ា​របស់​សម្តេច​បាន​ឈរជើង​ត្រួតត្រា​នៅ​ភ្នំពេញ​រយ​:​ពេល​មួយខែ មុនពេល​ត្រូវ​ជំនួស​ដោយ​កម្លាំង​មជ្ឈិម តាម​បទបញ្ជា​អោយ​ចាកចេញ​។ “​ពួក​កងកម្លាំង​មជ្ឈិម​ម៉ឺង​មាត់ ហ្មត់ចត់ និង​ដាច់ខាត​”​។ នៅពេលណា​ចេញ​បញ្ជា ការងារ​ដាច់ខាត​ត្រូវតែ​សម្រេច ដោយ​មិនត្រូវ​បរាជ័យ​ជាដាច់ខាត​។ សម្តេច​បាន​រំលឹក​ឡើងវិញ​។

“​អង្គភាព​របស់ខ្ញុំ​ទាំងអស់​បាន​ដក​កំលាំង​ឆ្លងទៅ​ខាងកើត ស្ពាន​ព្រះមុនីវង្ស និង​បាន​ឈរជើង​ចាប់ពី​ផ្សារ​ច្បារអំពៅ​ទៅ​កើត​។ ឯ​ទីបញ្ជាការ​របស់​វរៈ​សេនា​ធំ​លេខ​១២៦ ខ្ញុំ​បាន​បោះ​ទីតាំងនៅ​ព្រែក​ឯង ជ្រោយ​អំពិល ក្នុងស្រុក​គៀនស្វាយ​។ នៅពេលដែល​កងកម្លាំង​របស់ខ្ញុំ​បាន​ដក​ចេញពី​ភ្នំពេញ សន្តិសុខ​របស់​ម​ជ្ឈឹ​ម​បាន​ឆែកឆេរ រើ​បា​ឡូ​ដែល​ស្ពាយ​ពីក្រោយ​ខ្នង​ទាំងអស់ មុនពេល​យើង​ឆ្លងស្ពាន​ព្រះមុនីវង្ស​។ សម្ភារៈ​ផ្ទាល់ខ្លួន ដូចជា ច្រាស់ និង​ថ្នាំដុសធ្មេញ បើ​មាន​លើសពី​មួយ គឺ​ត្រូវគេ​ដកយក​ទាំងអស់ លើកលែងតែ​ចបកាប់​ប៉ុណ្ណោះ មាន​ច្រើន​ប៉ុន្មាន​ក៏​គេ​មិន​ដកយក​ដែរ “​។​

​ការបោះពុម្ពផ្សាយ​និង​ផ្សព្វផ្សាយ​
​ការតស៊ូ​របស់​ប្រជាជន​: កម្ពុជា​រស់​ឡើងវិញ ត្រូវ​បានរៀបចំ​បោះពុម្ពផ្សាយ​ដោយ​ក្រុមហ៊ុន EDM Books នៅ​ប្រទេស​សិង្ហបូរី ដែលជា​ទីស្នាក់ការ​ធំ​របស់​ក្រុមហ៊ុន Editions Didier Millet ដែល​បាន​បង្កើតឡើង​នៅ​ទីក្រុង​ប៉ារីស​កាលពី​ឆ្នាំ​១៩៧៩​។​ការចែក​ផ្សាយ​នៅ​កម្ពុជា​នឹងធ្វើ​ឡើង​តាមរយ​: Monuments Books នៅ​ទីក្រុង​ភ្នំពេញ និង​សៀមរាប ព្រមទាំង នៅ​បណ្ណាគារ Kinokuniya នៅ​ផ្សារ​ទំនើប អ៊ី​អន II សែន​សុខ​។

​ដោយឡែក​ការចែក​ចាយ​នៅក្រៅ​ប្រទេស​កម្ពុជា គឺ​តាមរយៈ APD សឹង្ហ​បូរី និង​បណ្តាញ​សៀវភៅ​ជាតិ​ក្នុង​សហរដ្ឋអាមេរិក​។ សៀវភៅ​ថ្មី​នេះ​ក៏​នឹង​អាច​រក​ទិញ​បាន​ផងដែរ​នៅតាម Amazon.com នា​ដើមឆ្នាំ​២០១៩៕

ទីតាំងផ្សាយពាណិជ្ជកម្ម