ខេត្ត​កែប​ទទួលភ្ញៀវ​បាន​ជិត​១០​ម៉ឺន​នាក់​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

1597
ចែករម្លែក

​ដោយ:បូកគោ/​កែប ៖ អំឡុងពេល​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ប្រពៃណី​ជាតិខ្មែរ ខេត្ត​កែប​ដែលមាន​មណ្ឌល​កម្សាន្ត​សំខាន់ៗ​ប្រាំ​កន្លែង​ទទួលភ្ញៀវ​ជាតិ អន្តរជាតិ​បាន​ជិត​១០​ម៉ឺន​នាក់ ពោលគឺ​កើនឡើង​ជិត​២០​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។

​លោក​ប៉ុក ទាំង អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​បាន​ប្រាប់​ឱ្យដឹងថា​នាឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ប្រពៃណី​ជាតិខ្មែរ ភ្ញៀវ​ជិត​ឆ្ងាយ​ចូលមក​កម្សាន្ត និង​ស្នាក់នៅ​ខេត្ត​កែប​មាន​ចំនួន​៩៦.៧៤១​នាក់​។ ក្នុងនោះ​ទេចរ​ជាតិ​៩៤.០៧៦​នាក់ និង​ភ្ញៀវ​បរទេស​ចំនួន​២.៦៦៥​នាក់​។ បរិមាណ​នេះ​បាន​កើនឡើង​១៨,៩៩​ភាគរយ ខណៈដែល​ឆ្នាំ​២០១៧ ទូទាំង​ខេត្ត​ដែលមាន​មណ្ឌល​កម្សាន្ត​សំខាន់ៗ​ប្រាំ​កន្លែង​ទទួលភ្ញៀវ​បានត្រឹមតែ​៨១.២៩៩​នាក់​ប៉ុណ្ណោះ​។​

​តាម​របាយការណ៍​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​បាន​បញ្ជាក់ថា​ ក្រោម​ការចង្អុលបង្ហាញ និង​ដឹកនាំ​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ក្នុងឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ចាប់ពី​ថ្ងៃ​២១ ខែវិច្ឆិកា ឆ្នាំ​មក កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​បានចេញ​ប្រតិបត្តិ​ការការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​សាធារណ​:​បានល្អ​ប្រសើរ​។ ជាមួយនឹង​ភាព​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​បញ្ហា សុវត្ថិភាព របៀបរៀបរយ​អំឡុងពេល​នៃ​ភាពសប្បាយ​រីករាយ​រប​ស់​ភ្ញៀវ​ជិត​ឆ្ងាយ​នេះ នៅ​ទូទាំង​ខេត្ត​ពុំមាន​បទល្មើស ឬ​ភាពអវិជ្ជមាន​ណាមួយ​កើតឡើង​គួរកត់សម្គាល់​ឡើយ​។

របាយការណ៍​នៅបាន​បញ្ជាក់ថា​ទន្ទឹមនឹងនោះ សមត្ថកិច្ច​នគរបាល​ក៏បាន​រៀបចំ​កម្លាំង​ដាក់​របាំង​បា​រ៉ា​ស់​ចរាចរ​បញ្ចៀស​ការកកស្ទះ​ប្រកបដោយ​ភាពជោគជ័យ​ផងដែរ ទោះបី​ឆ្នាំនេះ​មាន​ភ្ញៀវ និង​យានយន្ត​កើនឡើង​ក្តី​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម