ម៉ូត​មឈូស​កាលី​បៗ​ដែល​ឆ្លុះបញ្ចាំង​ពី​បុគ្គលិកលក្ខណៈ និង​ឋានៈ​អ្នកស្លាប់​

1617
ចែករម្លែក

​ប្រជាជន​ហ្គា​ណា កំពុងមាន​មោទនភាព​យ៉ាងខ្លាំង​ក្នុងការ​ផលិត​មឈូស​កា​លី​បៗ ដែល​ឆ្លុះបញ្ចាំង​ពី​ជីវិត ក្តី​សុ​បិ​ន្ត ចំណង់​ចំណូលចិត្ត បុគ្គលិកលក្ខណៈ និង​ឋានៈ​របស់ អ្នកស្លាប់​។​

​សាច់ញាតិ ឬ​មនុស្ស​ជាទី​ស្រឡាញ់​ជឿថា អ្នកស្លាប់​គួរតែ​ទទួលបាន​អំណោយ​ចុងក្រោយ ដែល​ល្អ​បំផុត នោះ​គឺ​ពិធី​បុណ្យសព​ដែល​ហ៊ឹកហ៊ាក់​ជាមួយនឹង​មឈូស​កាលី​បៗ​។​

​អ្នកកាសែត​ពីររូប​ឈ្មោះ ហ្វេ​លី​ប៉េ អា​ប្រេ (Fellipe Abreu) និង ហេន​រីក ហេ​ដ​ល័​រ (Henrique Hedler) បាន​ចុះទៅ​កាន់​ហាង​មឈូស​ពីរ​កន្លែង​នៅ​រដ្ឋធានី​អាក្រា ដែល​ដាក់ឈ្មោះ​តាម​លោក សេត កា​ណេ ក្វេ (Seth Kane Kwei) ដែល​អ្នកខ្លះ​និយាយថា ជា​អ្នក​ឌី​ហ្សា​ញ​មឈូស​កាលី​បៗ​ដំបូង​គេ​នៅ​ប្រទេស​ហ្គា​ណា​។​

​សម្រាប់​ម៉ូត​មឈូស​បែបនេះ មួយ​មានតម្លៃ​រហូតដល់​ទៅ ១.០០០ ដុល្លារ ដែល​ថ្លៃ​កប់​ពពក សម្រាប់​ប្រជាកសិករ​ភាគច្រើន ដែល​រកប្រាក់​ចំណូល​បាន​តិចជាង ៣ ដុល្លារ​ក្នុង​មួយថ្ងៃ​។

​លោក អេ​រីក អាដ​ជេ​តី (Eric Adjetey) អ្នកគ្រប់គ្រង​ហាង​មឈូស​ដែល​បាន​ស្ថិតក្នុង វិស័យនេះ រយៈពេល ៥០ ឆ្នាំ​មកហើយ​និយាយថា ជាទូទៅ​ការ​ឌី​ហ្សា​ញ​ម៉ូត​មឈូស​ឆ្លុះ បញ្ចាំង​ពី​ការងារ ក្តី​សុបិន ចំណង់​ចំណូលចិត្ត បុគ្គលិកលក្ខណៈ ឬ​ឋានៈ​របស់​អ្នកស្លាប់ ឧទាហរណ៍​៖ “​ពណ៌​ក្រហម​មានន័យថា “​អ្នកស្លាប់​ជាម​នុស្ស​ឆេវឆាវ និង​មិន​ចូលចិត្ត​ឱ្យ​អ្នក ណា​រញ៉េរញ៉ៃ​ជាមួយ​គាត់​”​។​

​គាត់​បានបញ្ជាក់​បន្ថែម​ថា មឈូស​រាង​រថយន្ត Mercedes Benz គឺ​ពេញនិយម​ណាស់​។ វា​សម្រាប់​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដែលមាន​រថយន្ត​ផលិត​នៅ​ប្រទេស​អាល្លឺម៉ង់ នេះ​ជិះ ហើយ​ផ្នូរ​នឹងត្រូវ​ជីក​តម្រូវ​ទៅតាម​នោះ​៕ ប្រែ​សម្រួល​: ខុម​