គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​”​អេ​អឹម​ខេ​”​ក្លាយជា​សមាជិក​ធនាគា​រ​ស៊ា​ង​ហៃ​ពាណិជ្ជ​

2504
ចែករម្លែក
  • 89
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី កាលពី​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​បានប្រកាស​ក្លាយ ជា សមាជិក​ធនាគារ​ស៊ា​ង​ហៃ ពាណិជ្ជ និង​សន្សំ (The Shanghai Commercial & Savings Bank, Ltd.) ហៅ​កាត់​ថា​ធនាគារ អេស ស៊ី អេស ប៊ី​។

​ការចូល​ជា​សមាជិកគ្រួសារ​តែមួយ​នេះ​នឹងធ្វើ​ឱ្យ​អេ​អឹម​ខេ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ក្លាយជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ដែល​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា​ក្នុងពេល​អនាគត ជាពិសេស​គ្រួសារ​មួយ​នេះ​នឹង​ជួយ​លើកកម្ពស់​វិស័យ​ធនាគារ​នៅ​កម្ពុជា​ផងដែរ​។​

​ថ្លែង​នៅក្នុង​ពិធី​ប្រកាស​បញ្ចូល​អេ​អឹម​ខេ​ជា​សមាជិក​ធនាគារ​ស៊ា​ង​ហៃ ពាណិជ្ជ និង​សន្សំ លោក John Yung សមាជិក​ក្រុមប្រឹក្សាភិបាល EVP & CIO នៃ​ធនាគារ អេស ស៊ី អេស ប៊ី បាន​មានប្រសាសន៍ថា “​ឥឡូវនេះ​យើង​បាន​ក្លាយជា​គ្រួសារ​តែមួយ​។ យើង​ដឹង​ហើយ​ថា អេស ស៊ី អេស ប៊ី ជា​ធនាគារ​មួយ​ដែល​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩១៥​។

ដូចនេះ​យើង​មាន​ទាំង​បទពិសោធន៍ ចំណេះ ជំនាញ លើ​វិស័យ​ហិរញ្ញវត្ថុ​យូរ​ឆ្នាំ​ក​មកហើយ ។​យើង​នឹង​នាំយក​បទពិសោធន៍​ទាំងនេះ​មកជួយ អេ អឹម ខេ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប​ដល់​វិស័យ​ឯកជន អាជីវកម្ម​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា ជាពិសេស​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប​រស់នៅ​តំបន់​ដាច់ស្រយាល​”​។

​លោក​បាន​បន្ថែមថា​”​យើង​ជឿថា​នៅពេលដែល​ពួកគាត់​ទទួល​សេវា​ហិរញ្ញវត្ថុ​ទាន់ពេល​និង​សមស្រប​ពី​យើង​គាត់​នឹង​យក​កម្ចី​ទាំងនោះ​ទៅ​ពង្រីក​ការរកស៊ី​ឬ​របរ​ដំណាំ​ដាំ​ដុះ​របស់គាត់​ដែលជា​កត្តា​មួយ​ជួយ​ជម្រុញ​ឱ្យ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​មាន​ភាព​រី​ក​ចម្រើន​មួយកម្រិត​ទៀត​”​។​

លោក Tanmay Chetan ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​ប្រធាន​អគ្គនាយក​នៃ​គ្រឹះ ស្ថាន​មីក្រូហិរញ្ញវត្ថុ​អា​ហ្គូ​រ៉ា បាន​មានប្រសាសន៍ថាៈ​បុគ្គលិក​ថ្នាក់​គ្រប់គ្រង ក្រុមប្រឹក្សាភិបាល និង​ម្ចាស់ ភាគហ៊ុន អេ អឹម ខេ ទាំងអស់​មាន​សេចក្តី សោមនស្ស​រីករាយ​យ៉ាងខ្លាំង​ដោយ អេ អឹម ខេ និង អេស ស៊ី អេស ប៊ី បាន​ក្លាយជា​សមាជិកគ្រួសា​រ​តែមួយ​។

​ផ្អែកលើ​ទស្សនវិស័យ​និង​បេសកកម្ម​របស់​ស្ថាប័ន​ទាំងពីរ​គឺមាន​ភាពដូចគ្នា ដែល​ជួយ​ដល់​ប្រជាពលរដ្ឋ​មាន​ចំណូល​ទាប​ភាគច្រើន​ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព រស់នៅ​របស់​ពួកគេ តាមរយៈ​ការផ្តល់សេវា​មីក្រូហិរញ្ញវត្ថុ​សមស្រប​និង​ឋិតថេរ​។​ដូចនេះ​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា អេស ស៊ី អេស ប៊ី នឹងធ្វើ​ឱ្យ អេ អឹម ខេ រីកចម្រើន​មួយកម្រិត​ទៀត​” ។

​វិស័យ​ធនាគារ​នៅ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​គួរឱ្យកត់សំគាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន បង្ហាញថា នៅពេល​បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​ធនាគារពាណិជ្ជ​ចំនួន​៣៩ ធនាគារ​ឯកទេស​ចំនួន​១៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន​៧ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ចំនួន​៧០ និង​ស្ថាប័ន​ផ្តល់​ឥណទាន​ជនបទ​ចំនួន​៣០២​។ មាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំៗ​មួយចំនួន​បាន និង​កំពុងតែ​ធ្វើ​បច្ចុប្បន្នភាព​ផលិតផល និង​សេវាកម្ម​របស់ខ្លួន​ដែលមាន​ភាពបត់បែន និង​ទាន់សម័យ​។​

​លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ អេ អឹម ខេ បាន​មានប្រសាសន៍ថា “​យើង​មានចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង​ដែល​បាន​ក្លាយជា​សមាជិក​រប​ស់ អេស ស៊ី អេស ប៊ី​។ ឥឡូវនេះ អេ អឹម ខេ និង អេស ស៊ី អេស ប៊ី គឺជា​គ្រួសារ​តែមួយ មាន​គោលដៅ​តែមួយ ហើយ​យើង​នឹង​រឹងមាំ​នៅ​ថ្ងៃ​អនាគត​។

យើង​ដឹង​ហើយ​ថា​វិស័យ​ធនាគារ​នៅ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​បាន​ដើរ​ដល់​របត់​មួយ​ដែល​ប្រើប្រាស់​ប្រព័ន្ធ ឌីជីថល ដែល​តម្រូវឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិនិយោគ​ទៅលើ​បច្ចេកវិទ្យា​ថ្មី​ដើម្បី​ធ្វើឱ្យ​សេវា​ហិរញ្ញវត្ថុ​របស់ខ្លួន​មាន​ភាពបត់បែន និង​សម្បូរបែប​។ ក្លាយជា​សមាជិក អេស ស៊ី អេស ប៊ី យើង​មិន​ត្រឹមតែ​ទទួលបាន​បទពិសោធន៍ ចំណេះ ជំនាញ នោះទេ ប៉ុន្តែ​ជាមួយគ្នានេះដែរ​យើង​ក៏​នឹង​ទទួលបាន​ប្រភព​ទុន​ក្នុងការ​វិនិយោគ​ផ្សេងៗ​។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ពេល​ក្លាយជា​សមាជិក អេស ស៊ី អេស ប៊ី នឹងធ្វើ​ឱ្យ អេ អឹម ខេ កាន់តែ​រឹងមាំ​ទៅ​ថ្ងៃ​អនាគត​”​។​

​គួរឱ្យ​ដឹងថា​អេ អឹម ខេ​គឺជា​គ្រឹះស្ថាន​ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី​។ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០១៨​នេះ អេ អឹម ខេ មាន​អតិថិជន​ចំនួន​ជាង ៨៣ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ២៤៤ លាន​ដុល្លារ​អាមេរិក​។​

ប្រាក់​បញ្ញើ​ជាង ១៤៣ លាន​ដុល្លារ​អាមេរិក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៤៩ កន្លែង និង​មាន ភ្នាក់ងារ​ជាង ៣.៥០០ កន្លែង​នៅ​ទូទាំងប្រទេស​។​អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​កំពុង​ផ្តល់ជូន​អតិថិជន​ដូចជា​៖ សេវា​ប្រាក់កម្ចី ប្រាក់ សន្សំ ផ្ទេរប្រាក់​ក្នុង និង​ក្រៅ ប្រទេស សេវា​ទូទាត់​វិក្កយបត្រ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)​។​

​ចំណែក​ធនាគារ ពាណិជ្ជកម្ម និង​សន្សំ​សៀង​ហៃ ត្រូវបាន បង្កើតឡើង​នៅ​ទីក្រុង​សៀង​ហៃ ឆ្នាំ ១៩១៥ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​សង្គម គាំទ្រ​ផ្នែក​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​អន្តរជាតិ​។ ធនាគារ អេស ស៊ី អេស ប៊ី ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំ ទូលាយ​ពី​សំណាក់​សហគ្រាស​ធុន​តូច និង​មធ្យម​ទូទាំង​ពិភព លោក អំពី​សេវា​ហិរញ្ញ​ប្ប​ទា​៕S/

​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​”​អេ​អឹម​ខេ​”​ក្លាយជា​សមាជិក​ធនាគា​រ​ស៊ា​ង​ហៃ​ពាណិជ្ជ

ទីតាំងផ្សាយពាណិជ្ជកម្ម