ម្ចាស់​ហាង​លក់ដូរ​នៅ​ប្លុក​កាស៊ីណូ​ក្រុង​ប៉ោយប៉ែត នៅតែ​មិន​យកប្រាក់​រៀល និង​មិន​សរសេរ​វិក្ក​យ​ប័ត្រ​ជា​អក្សរ​ខ្មែរ​

1041
ចែករម្លែក

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: មន្ត្រី​កាំកុងត្រូល និង​មន្ត្រី​ពាណិជ្ជកម្ម​ទទួលស្គាល់ថា ទោះជា​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ក៏​ម្ចាស់​ហាង​លក់ដូរ​នៅ​ប្លុក​កាស៊ីណូ​ក្រុង​ប៉ោយប៉ែត នៅតែ​មិន​យកប្រាក់​រៀល និង​មិន​សរសេរ​វិក្ក​យ​ប័ត្រ​ជា​អក្សរ​ខ្មែរ​ដដែល​។ ហេតុនេះ មន្ត្រី​ជំនាញ​មានតែ​កសាង​សំណុំរឿង ហើយ​បញ្ជូន​ឲ្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ហើយ​។

​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ បាន​អះអាង​ជាថ្មី​ដូច្នេះ កាលពី​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ ខណ​ដឹកនាំ​មន្ត្រី​ជំនាញ​ខាងលើ​ចុះ​ត្រួតពិនិត្យ អប់រំ​ផ្សព្វផ្សាយ​ផ្លូវច្បាប់ និង​ណែនាំ​ការអនុវត្ត​សេចក្តីប្រកាស​របស់​អន្តរក្រសួង ស្តីពី​ការបិទ​ស្ទីក​គ័​រលើ​មុខទំនិញ និង​សេវា​គ្រប់​ប្រភេទ​ជា​ប្រាក់រៀល​លើក​ទី​៣ ចំពោះ​ពាណិជ្ជករ អាជីវករ និង​សេវាករ​តាម​ហាង បញ្ជរ ភោ​ជនី​ដ្ឋា​ន អាហា​រដ្ឋា​ន ផ្សារ​ទំនើប ម៉ា​ត សេវាកម្ម​នានា​ទាំង​ក្នុង​អគារ​និង​ក្រៅ​អគារ​នៅ​ប្លុក​កាស៊ីណូ​នានា នៅ​ក្រុង​ប៉ោយប៉ែត តាំងពី​ខ​កញ្ញា​ដល់​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​។​

​សូម​បញ្ជាក់ដែរថា នៅតាម​ខេត្ត​ជាប់​ព្រំដែន​ថៃ រួមទាំង​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ក៏​ដូច​ក្នុង​ប្លុក​កាស៊ីណូ​ទាំងនេះ ប្រាក់រៀល​ខ្មែរ​គេ​ប្រើ​សម្រាប់តែ​ទិញ​ទំនិញ​ម្ហូបអាហារ របស់​ប្រើប្រាស់​កំប៉ិកកំប៉ុក បង់​សេវ​វា​ផ្សេងៗ មានតម្លៃ​តិច​និង​មធ្យម​ប៉ុណ្ណោះ​។ ឯ​ទំនិញ ឬ​របស់​ណា​មានតម្លៃ​ច្រើន​ឬ​ដំ​កំភួន​មានដូចជា​ផលិតផល​បរទេស​ថ្លៃ​ដីធ្លី និង​កសិផល​ខ្មែរ គេ​ទូទាត់​គិត​ជា ប្រាក់​បាត ប្រាក់​ដុល្លារ​។​

​លោក​បាន​បន្តថា មន្ត្រី​ជំនាញ​បាន​ចុះ​អនុវត្ត​ដោយ​យោងតាម​ការប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម ស្តីពី​ការបិទ​ស្លាក ឬ​ស្ទីក​គ័​រលើ​មុខទំនិញ​និង​សេវាកម្ម​គ្រប់​ប្រភេទ ដើម្បី​លើកស្ទួយ​ប្រាក់រៀល​ខ្មែរ ដោយ​ធានា​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ទីផ្សារសេរី និង​ការប្រកួតប្រជែង​ដោយ​សមធម៌​។ ប្រការ​៨ នៃ​ប្រកាស​ចែងថា គ្រប់​ពាណិជ្ជករ​អាជីវក​រទាំង​ឡាយ ដែល​មិន​អនុវត្ត​តាមប្រកាសនេះ​ទេ ត្រូវបាន​ចាត់ទុក​កិច្ចប្រតិបត្តិការ​លក់ទំនិញ ជា​អំពើ​ខុសច្បាប់​ហើយ​និង​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន ឬ​ផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន​២​លាន​រៀល​ដល់​៦​លាន​រៀល​។​

​ប៉ុន្តែ​នៅពេល​ពាណិជ្ជករ អាជីវករ​ដែល​លក់ដូ​រ​ទំនិញ លក់​ម្ហូបអាហារ​នៅ​បរិវេណ​ប្លុក​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត មិន​ព្រម​អនុវត្ដ​ដល់​ទៅ​៨០​ទៅ​៩០​ភាគរយ នូវ​ប្រកាស​អន្តរក្រសួង​ដូច្នេះ មន្ត្រី​កាំកុងត្រូល​បង្ហើប​ថា សំណុំរឿង​មុខសញ្ញា​អ្នក​ផ្គើន ហើយ​ប្រមាថ​ដល់​ការអនុវត្ត​ច្បាប់​បែបនេះ នៅពេល​ខាងមុខ​នឹងត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ឲ្យ​អយ្យកា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​នីតិវិធី ដូច​ជាមាន​នាំខ្លួន ចាប់ខ្លួន និង​បញ្ជូនទៅ​ឃុំខ្លួន​ជាដើម​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម